រីករាយនឹងពិធីបុណ្យពន្លឺចម្រុះពណ៌ក្នុងខេត្ត Ibaraki ប្រទេសជប៉ុន
ដំណើរកំសាន្តពីទីក្រុងតូក្យូទៅដល់ទីក្រុង Mito ខេត្ត Ibaraki ចំណាយពេល ៧៥ នាទីជិះរថភ្លើងប៉ុណ្ណោះ។ ភ្ញៀវទេសចរណ៍ដែលទៅដល់ខេត្ត Ibaraki អាចគយគន់សម្រស់ផ្កាធម្មជាតិ និងផ្លែឈើជាច្រើនប្រភេទ។
នៅខេត្ត Ibaraki ក្នុងខែធ្នូជារយៈពេលដែលមានពន្លឺព្រះអាទិត្យតិចបំផុត ក្នុងអំឡុងពេលនោះអ្នកអាចរីករាយនឹងព្រឹត្តិការណ៍ពិធីបុណ្យពន្លឺពេលរាត្រី។ ខេត្ត Ibaraki ពោពេញទៅដោយកន្លែងស្អាតៗជាច្រើនដែលអ្នករួមជាមួយគូស្នេហ៍ ក្រុមគ្រួសារឬមិត្តភក្តិអាចទស្សនាពន្លឺភ្លើងបង្កើតជាអនុស្សាវរីយ៍ល្អៗ។
ទីកន្លែងដែលខ្ញុំចង់ណែនាំអ្នកទាំងអស់គ្នាគឺ “Mount Tsukuba Ropeway Stardust Cruising” (ដំណើរផ្សងព្រេងលើភ្នំ Tsukuba) ទីក្រុង Tsukuba ខេត្ត Ibaraki ។ ភ្នំ Tsukuba គឺជាភ្នំមួយក្នុងចំណោមភ្នំល្បីៗទាំង ១០០ នៅជប៉ុន ជាកន្លែងដែលអ្នកអាចគយគន់ទេសភាពដ៏ធំល្វឹងល្វើយ ហើយជិះកន្ត្រខ្សែកាបឡើងកំពូលភ្នំ។ ពេលរាត្រីផ្កាយបញ្ចេញពន្លឺស្រស់ស្អាតលាតសន្ធឹងទៅដល់ទីក្រុងតូក្យូ ហើយប្រសិនបើស្ថានភាពអាកាសធាតុល្អ អ្នកអាចនឹងមើលឃើញប៉មតូក្យូ និង Tokyo Skytree ទៀតផង។
កន្លែងបន្ទាប់គឺព្រឹត្តិការណ៍បញ្ចាំងពន្លឺនារដូវរងាដែលប្រារព្ធធ្វើឡើងនៅមុខស្ថានីយ៍ Hitachi នៅទីក្រុង Hitachi ខេត្ត Ibaraki ។ ការដាក់បង្ហាញពន្លឺពណ៌ខៀវ និងសបង្កើតបានជាបរិយាកាសអាថ៌កំបាំង។ ជារៀងរាល់ឆ្នាំនៅចុងខែវិច្ឆិការហូតដល់ពាក់កណ្តាលខែមករា អ្នកទាំងអស់គ្នាអាចរីករាយនឹងព្រឹត្តិការណ៍លពន្លឺដោយឥតគិតថ្លៃ។
ក្រៅពីនេះនៅទីក្រុង Mito ខេត្ត Ibaraki មានប៉មកម្ពស់ ១០០ ម៉ែត្រឈ្មោះ Art Tower Mito ។ ប៉មមានរាងត្រីកោណតំរៀបលើគ្នាដែលធ្វើអោយយើងនឹកស្រមៃដល់ទិដ្ឋភាពនាពេលអនាគត។ ពេលរាត្រីប៉មបញ្ចេញពន្លឺខុសៗគ្នាអាស្រ័យលើរដូវកាល ដូចជាស្នាដៃសិល្បៈដ៏រស់រវើក។
ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ ខេត្ត Ibaraki បានតំឡើងប្រព័ន្ធ Ibaraki’s Amabie-chan សម្រាប់ប្រើប្រាស់។
ផ្ទាំងរូបភាព “Ibaraki’s Amabie-chan” ត្រូវបានបិទផ្សាយនៅតាមហាង និងកន្លែងព្រឹត្តិការណ៍ដើម្បីការពារការចម្លងជំងឺកូវីដ-១៩ តាមគោលការណ៍ណែនាំរបស់អាជ្ញាធរមូលដ្ឋាន។ ភ្ញៀវទេសចរណ៍គ្រាន់តែអានលេខកូដ QR លើកម្មវិធីស្មាតហ្វូន ហើយផ្ញើអុីមែលតាមការណែនាំ។ ប្រសិនបើនរណាម្នាក់ឆ្លងជំងឺកូវីដ-១៩ ស្ថិតក្នុងកន្លែងដែលអ្នកកំពុងទស្សនា អ្នកនឹងទទួលបានដំណឹងតាមរយៈស្មាតហ្វូនភ្លាមៗ។
Japo Cambodia