ក្រុមនិស្សិតជប៉ុនស្នើដំឡើងអាយុរួមភេទឡើង ១៦ ឆ្នាំ

កម្រិតអាយុដែលលើកឡើងនៅក្នុងអត្ថបទនេះសំដៅទៅលើអាយុគេចាត់ទុកថាពេញវ័យចំពោះមុខច្បាប់អាចរួម​ភេទ​ដោយ​ស្ម័គ្រចិត្ត។

កាលពីថ្ងៃទី ២០ ខែវិច្ឆិកាក្រុមនិស្សិតមហាវិទ្យាល័យបានដាក់ញត្តិទៅមន្ទីរយុត្តិធម៌ស្នើសុំដំឡើងអាយុពី ១៣ ឡើងដល់ ១៦ ឆ្នាំ។ 

ក្រុមនិស្សិតមានឈ្មោះថា Your Voice Matters បានផ្តួចផ្តើមអំពាវនាវនៅលើអុីនធឺណេត និងប្រមូលហត្ថលេខាមនុស្ស​ប្រហែល ៤ ម៉ឺននាក់។ ការស្នើសុំ និងញត្តិត្រូវបានបញ្ជូនទៅរដ្ឋមន្រ្តីក្រសួងយុត្តិធ៌ម Yoko Kamikawa ។

និស្សិតឆ្នាំចុងក្រោយម្នាក់អាយុ ២១ ឆ្នាំនៃសាកលវិទ្យាល័យ Kwansei Gakuin ខេត្ត Hyogo ប្រទេសជប៉ុន។ នាងមិនបានដឹងថាការកម្រិតអាយុនេះទាបពេកទេ រហូតដល់នាងចាប់ផ្តើមស្រាវជ្រាវបញ្ហានៅសាកលវិទ្យាល័យ។

នាងនិយាយថា “ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលមនុស្សជាច្រើនចុះហត្ថលេខាលើញត្តិនេះ ហើយអ្នកទាំងនោះក៏​បាន​និយាយផងដែរថានេះជាលើកទីមួយពួកគេដឹងពីច្បាប់ជប៉ុនស្តីអំពីការកម្រិតអាយុ” ។

“គោលបំណងនៃការដំឡើងចំនួនអាយុដើម្បីការពារក្មេងជំទង់ អ្នកដែលមិនទាន់ពេញវ័យទាំងកាយសម្បទា និងផ្លូវ​ចិត្តងាយជួបបញ្ហាផ្លូវភេទ ព្រោះសុវត្ថិភាពផ្លូវភេទមិនត្រូវបានបង្រៀនតាមរយៈកម្មវិធីអប់រំឡើយ” ។

អ្នកដែលរួមភេទជាមួយអនីតិជនអាយុក្រោម ១៣ ឆ្នាំនឹងត្រូវចាប់ខ្លួនពីបទរំលោភសេពសន្ថវៈតាមច្បាប់ព្រហ្មទណ្ឌ ប៉ុន្តែការចោទប្រកាន់នរណាម្នាក់រួមភេទជាមួយអ្នកដែលមានអាយុលើសពី ១៣ ឆ្នាំត្រូវបង្ហាញភស្តុតាងអំ​ពើ​ហឹង្សា​ឬគំរាមគំហែង។

ក្រៅពីនេះជនរងគ្រោះត្រូវពន្យល់អំពីកម្រិតប្រឆាំងការពាររបស់ខ្លួនទើបចោទប្រកាន់ជនល្មើសពីបទរំលោភផ្លូវ​ភេទ។

យោងតាមទស្សនៈអន្តរជាតិក្រុមនិស្សិតក៏បានពន្យល់ផងដែរថាកម្រិតអាយុ ១៣ ឆ្នាំទាបពេក ហើយស្នើសុំអោយដំឡើង​ដល់អាយុ ១៦ ឆ្នាំ (អាយុដែលបញ្ចប់ការសិក្សានៅអនុវិទ្យាល័យ) ។

ក្នុងញត្តិបានបញ្ជាក់ថាគោលការណ៍ណែនាំក្នុងកម្មវិធីសិក្សាសព្វថ្ងៃសម្រាប់កម្រិតអនុវិទ្យាល័យគ្មានការណែនាំអំពីបញ្ហា​​ផ្លូវភេទទេ មាន​ន័យ​ថា​សិស្ស​អាច​នឹងមិនដឹងអំពីព័ត៌មាននៃបទល្មើសរំលោភផ្លូវភេទ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: