ការជ្រើសរើស និងបណ្តុះបណ្តាលឆ្កែនាំផ្លូវនៅជប៉ុន

នៅប្រទេសជប៉ុនសត្វឆ្កែមួយចំនួនទទួលការបង្វឹកនាំជនពិការភ្នែកឬអ្នកមានបញ្ហាភ្នែកធ្វើដំណើរទៅមក។

រូបភាព https://www.moudouken.net/knowledge/dogs-life.php

សត្វឆ្កែនាំផ្លូវទទួលការពេញនិយមនៅជប៉ុនតាំងពី ៥០ ឆ្នាំមុនមកម្ល៉េះ។ បច្ចុប្បន្ននៅក្នុងប្រទេសជប៉ុនមានឆ្កែនាំផ្លូវចំនួន ១០០០ ក្បាល ដែលក្នុងនោះមានប្រមាណ ២៤០ ក្បាលកំពុងធ្វើការដោយស្ម័គ្រចិត្ត។

តួនាទីរបស់វាជួយរក្សាសុវត្ថិភាពជូនម្ចាស់ក្នុងពេលធ្វើដំណើរ សត្វឆ្កែដើរខាងឆ្វេងសង្កេតមើលជុំវិញ ប្រសិនបើមាន​វត្ថុ​រារាំងនឹងបញ្ឈប់ដំណើររបស់ម្ចាស់។ ក្រៅពីនេះពួកវាក៏ទទួលការបណ្តុះបណ្តាលអោយស្គាល់ផ្លូវបត់ ជណ្តើរយន្ត ច្រកចូលកន្លែងត្រួតពិនិត្យសំបុត្រ សង្កេតមើលសញ្ញាចរាចរណ៍ និងគោលដៅផ្សេងទៀត។

ទោះបីពួកវាជាសត្វតែទទួលតួនាទីពិសេសនៅតាមទីសាធារណៈដូចជារថភ្លើង ភោជនីយដ្ឋាន -ល- ។

ថ្ងៃនេះយើងនឹងស្វែងយល់អំពីដំណើរការជ្រើសរើស និងបណ្តុះបណ្តាលឆ្កែនាំផ្លូវនៅជប៉ុន។

ជ្រើសរើសឆ្កែនាំផ្លូវដែលឆ្លាតបង្កាត់ពូជបង្កើតកូនឆ្កែងាយក្នុងការបណ្តុះបណ្តាល។

រូបភាព https://www.moudouken.net/knowledge/dogs-life.php

កូនឆ្កែចំណាយពេល ២ ខែរស់នៅជាមួយឪពុកម្តាយ និងបងប្អូនរបស់វា រហូតដល់ខែទី ១០ ត្រូវគេបញ្ជូនទៅជំរុំបណ្តុះបណ្តាលជួបជាមួយអ្នកបង្វឹក។ នៅទីនោះពួកវារៀនពីរបៀបសម្របខ្លួនជាមួយសង្គមមនុស្ស។

ការបណ្តុះបណ្តាលជំនាញជាផ្លូវការនឹងចាប់ផ្តើមពេលឆ្កែមានអាយុ ១ ឆ្នាំ។

ដំបូងឆ្កែចូលទៅជិតអ្នកមានបញ្ហាភ្នែកមួយជំហានម្តងៗ នៅពេលឃើញជណ្តើរឬរថភ្លើងត្រូវធ្វើយ៉ាងណា -ល- ។ សូម្បីតែឆ្កែដែលខ្លាចមិនហ៊ានធ្វើចលនាក៏ត្រូវស៊ាំ និងណែនាំផ្លូវអោយល្អ ព្រោះការបណ្តុះបណ្តាលត្រូវបានធ្វើឡើងវិញជាច្រើនដងរហូតដល់ក្លាយជាសភាវគតិសម្រាប់ឆ្កែ។ បន្ទាប់មកគេសាកល្បងវាជាមួយអ្នកបិទភ្នែក ជនពិការ ហើយ​បញ្ចប់វគ្គបណ្តុះបណ្តាលក្រោយពេលធ្វើតេស្ត។

ដោយសារភារកិច្ចនេះមានសារៈសំខាន់ សុវត្ថិភាពជាចម្បង ដូច្នេះសត្វឆ្កែទាំងនេះត្រូវឆ្លងកាត់ការសាកល្បងជាច្រើន​ដើម្បីបញ្ចប់ការបណ្តុះបណ្តាល។

បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលឆ្កែត្រូវគេបញ្ជូនអោយម្ចាស់។ ក្នុងកំឡុងពេលនៅជាមួយម្ចាស់ គ្រូបង្វឹកត្រូវទៅត្រួត​ពិនិត្យទៀងទាត់ដើម្បីប្រាកដថាឆ្កែកំពុងបំពេញភារកិច្ចជោគជ័យ។

មិនត្រឹម​តែត្រួតពិនិត្យជំនាញឆ្កែប៉ុណ្ណោះទេ ថែមទាំងមើលទៅលើអត្តចរិកឆ្កែផងដែរ។ មានតែឆ្កែដែលមានភាព​វៃ​ឆ្លាត រួសរាយ រាក់ទាក់ និងស្លូតទើបទទួលការជ្រើសរើស ផ្ទុយទៅវិញម្ចាស់ក៏ស្រលាញ់ពួកវាយ៉ាងខ្លាំង។

ដោយសារអាយុកាលរបស់ឆ្កែមិនយូរដូច្នេះម្ចាស់មួយចំនួនសោកសៅព្រោះតែបាត់បង់ឆ្កែ។

បន្ទាប់ពីធ្វើការរយៈពេល ១០ ឆ្នាំឆ្កែត្រូវត្រលប់ទៅជំរុំបណ្តុះបណ្តាលវិញ។ ដោយសារទទួលបានការបណ្តុះបណ្តាលពួក​វា​អាច​រស់​​នៅ​ប្រមាណពីរបីឆ្នាំទៀត រីករាយនឹងជីវិតដែលនៅសល់ ចូលនិវត្តន៍ដូចជាមនុស្សដែរ។

ក្រោយពេលពួកវាស្លាប់ត្រូវគេបញ្ចុះក្នុងតំបន់ផ្នូរ កន្លែងដែលមនុស្សស្រលាញ់ឆ្កែតែងតែទៅមើល។

ពិតជាស្រលាញ់សត្វឆ្កែដែលបានខំប្រឹងបំពេញតួនាទីរបស់ពួកវានាំមកនូវស្នាមញញឹមដល់មនុស្សជុំវិញ។

ទោះបីមើលមិនឃើញពន្លឺតែពិតជាមានសុភមង្គលដែលដឹងថាខ្លួនមានមិត្តនាំផ្លូវដ៏ស្មោះត្រង់មួយក្បាល។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: