តំបន់ទីប្រជុំជនជប៉ុនតំឡើង​ចចក​យន្តការ​ពារខ្លា​ឃ្មុំ​វាយ​ប្រហារ​ប្រជាជន

តាំងពីពេលប្រើចចកយន្តក្រុមមន្រ្តីជប៉ុនបានអោយដឹងគ្មានករណីប៉ះទង្គិចជាមួយខ្លាឃ្មុំឡើយ។

រូបភាព https://www.arabnews.jp/article/features/article_26442/

នៅជប៉ុនខ្លាឃ្មុំព្រៃបានបង្កការគំរាមកំហែងដល់ប្រជាជនដែលរស់នៅតំបន់ជនបទ។ ពួកវាលួចចូលចម្ការរបស់​កសិករដើម្បីស្វែងរកចំណី ហើយថែមទាំងវាយប្រហារមនុស្ស។

ទូរទស្សន៍ជាតិ NHK រាយការណ៍ចំនួនខ្លាឃ្មុំនៅប្រទេសជប៉ុនកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំមកនេះ ហើយ​ភាគច្រើនកើតឡើងនៅតំបន់ជនបទភាគខាងលិច និងភាគខាងជើងប្រទេសជប៉ុន។ រហូតមកដល់ពេលនេះ​ករណីវាយប្រហារកើតឡើងរាប់សិបលើកមកហើយក្នុងឆ្នាំ ២០២០ ក្នុងនោះមានពីរករណីបណ្តាលអោយស្លាប់ដែល​ជម្រុញអោយរដ្ឋាភិបាលកោះប្រជុំបន្ទាន់កាលពីខែមុនដើម្បីដោះស្រាយគ្រោះថ្នាក់។

នៅក្រុង Takikawa ភាគខាងជើងកោះហុកកៃដូបានទិញ និងតំឡើង robot Monster Wolf ចំនួនពីរបន្ទាប់ពីគេប្រទះឃើញខ្លាឃ្មុំឆ្លងកាត់តំបន់លំនៅដ្ឋានកាលពីខែកញ្ញា។ ក្រោយពេលតំឡើងចចកយន្តមន្ត្រីក្រុងនិយាយថាគ្មាន​ករណី​ជួបប្រទះខ្លាឃ្មុំទេចាប់តាំងពីពេលនោះមក។

មន្រ្តីមូលដ្ឋាននិយាយថាខ្លាឃ្មុំកាន់តែសកម្ម និងគ្រោះថ្នាក់បំផុតក្នុងរដូវស្វែងរកចំណីរួចទើបសម្ងំនាចុងខែវិច្ឆិកា។ ក្រៅពីនេះប្រភពចំណីធម្មជាតិរបស់ខ្លាឃ្មុំកាន់តែតិចទៅបណ្តាលអោយពួកវាជ្រៀតចូលតំបន់លំនៅដ្ឋាន​រកចំណី។

Monster Wolf ជាចចកយន្តមានជើងបួន រោមពណ៌លឿង និងកែវភ្នែកក្រហមភ្លឺ។ នៅពេលអ្វីម្យ៉ាងមានចលនា​ចចក​យន្តនឹងដំណើរការ រំកិលក្បាល បញ្ចោញពន្លឺ និងបញ្ចេញសម្លេងដូចជាចចកលូឬសម្លេងឧបករណ៍គ្រឿងម៉ា​សុីន។ ក្រុមហ៊ុនផលិត Ohta Seiki លក់បានប្រហែល ៧០ គ្រឿងតាំងពីឆ្នាំ ២០១៨ ។

នៅប្រទេសជប៉ុនកាលពីជាងមួយទសវត្សរ៍មុនសត្វចចកបានផុតពូជទៅហើយដោយសារការបរបាញ់របស់មនុស្ស។ កាលពីមុនពួកវាធ្លាប់រស់នៅតំបន់ទីប្រជុំជន និងតំបន់កោះភាគខាងជើងប្រទេស។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: