ក្រុម​តន្រ្តី​ស្រ្តី​ពិការ​ភ្នែក Goze ជា​ផ្នែក​មួយ​នៃ​​វប្បធម៌​​ជប៉ុន​​ដែល​​បាន​បាត់​​បង់

អ្នកថតរូបជនជាតិជប៉ុនម្នាក់ឈ្មោះ Hashimoto Shoko បានក្រឡេកមើលរូបថតកាលពី ៥០ ឆ្នាំមុនណ៌នាអំពី Goze ក្រុមតន្រ្តីស្រ្តីពិការភ្នែកដែលជាផ្នែកមួយនៃវប្បធម៌ជប៉ុន។

សព្វថ្ងៃ Goze ស្ទើរតែបាត់បង់ទាំងស្រុង ប៉ុន្តែពីមុនធ្លាប់ជាផ្នែកមួយនៃវប្បធម៌ជប៉ុន។ Goze ជាក្រុមតន្ត្រីស្រ្តីពិការភ្នែកធ្វើដំណើរទូទាំងប្រទេសជប៉ុនដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ សៀវភៅ “Goze Asahigraph Reprint” ប្រមូលផ្តុំរូបភាព​របស់អ្នកថតរូប Hashimoto Shoko ថតក្រុមចម្រៀងពិការភ្នែកទាំងនេះ ពួកគេច្រើនតែសម្តែងនៅតាម​តំបន់​ជនបទប្រទេសជប៉ុន។

រូបភាព https://www.itsnicethat.com/

នៅដើមទស្សវត្ស ១៩៧០ លោក Hashimoto Shoko បានចាប់យករូបភាពក្រុមតន្ត្រីស្រ្តីពិការភ្នែកមួយក្រុមកំពុង​ធ្វើដំណើរសម្តែងតាមតំបន់ជនបទប្រទេសជប៉ុន។ អ្នកទាំងនេះគេហៅថា Goze មកពីពាក្យ kanji 盲御前 ដែលមានន័យថា “ស្ត្រីពិការភ្នែក” ផងដែរ។

នៅពេលថ្ងៃពួកគេទៅមើលកសិដ្ឋានហើយច្រៀងដោយប្រើឧបករណ៍ភ្លេង Shamisen ។ រហូតដល់យប់ពេលដែលអ្នក​ភូមិប្រមូលផ្តុំគ្នាពួកគេសម្តែងបទចម្រៀងប្រជាប្រិយ ឬចម្រៀងនិពន្ធដោយក្រុមផ្ទាល់។ ពួកគេទទួលបានស្រូវ ផលិតផលកសិកម្ម និងប្រាក់សម្រាប់ការសម្តែងរបស់ខ្លួន។

រូបភាព https://www.itsnicethat.com/

តាំងពីសម័យអេដូឆ្នាំ (១៦០០-១៨៦៨) ស្ត្រីទាំងនេះជាផ្នែកមួយនៃវប្បធម៌ដែលមានជាយូរមកហើយរបស់ប្រទេស​ជប៉ុន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងពិធីបុណ្យវប្បធម៌មួយចំនួន។ ប៉ុន្តែនៅពេលដែលអ្នកថតរូបដ៏ល្បីឈ្មោះ Hashimoto Shoko ចាប់​យកទម្រង់សិល្បៈទំនៀមទម្លាប់ប្រពៃណី Goze ស្ទើរតែបាត់បង់ទៅហើយ។

កន្លះឆ្នាំក្រោយមកនៅសតវត្សរ៍ទី ២០ ការអភិវឌ្ឍបច្ចេកវិទ្យា និងទីក្រុងជឿនលឿនបានជម្រុញអោយប្រជាជននៅជនបទនាំគ្នាទៅរស់នៅទីក្រុង។ រឿងនេះជះឥទ្ធិពលផ្ទាល់ទៅលើការងារ និងជីវភាពរបស់ក្រុម Goze ។

រូបភាព https://www.itsnicethat.com/

អ្នកថតរូប Hashimoto បង្ហាញពីអារម្មណ៍បាត់បង់ដោយប្រើរូបភាពខ្មៅសដែលចុះផ្សាយនៅក្នុងទស្សនាវដ្តីរូបថត Asahi Graph ។

រូបភាព https://www.itsnicethat.com/

សាលដាក់តាំង Zen Foto Gallery ស្ថិតនៅទីក្រុងតូក្យូបានចេញផ្សាយអត្ថបទចំនួន ៣ ក្នុងសៀវភៅថ្មីមួយមានចំណងជើងថា Goze Asahigraph Reprint រួមជាមួយអត្ថបទរបស់អ្នកនិពន្ធ Hasegawa Hiroshi ។ ការបោះពុម្ពផ្សាយនេះរំលេចនូវសម្រស់នៃការថតរូបបែបបុរាណរបស់ជប៉ុន ហើយជាថ្មីម្តងទៀតរឿងរ៉ាវរបស់ស្ត្រីដែលមានទេពកោសល្យខាងតន្រ្តីដ៏អស្ចារ្យត្រូវបានគេរំលឹកឡើងវិញ។ ពួកគេធ្វើដំណើរគ្រប់ទីកន្លែងដោយមិនភ័យខ្លាច ជា​មួយនឹង​គោលបំណងនាំមកនូវភាពរីករាយដល់កសិករ។

រូបភាព https://www.itsnicethat.com/

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយអ្នកថតរូបល្បីឈ្មោះ Hashimoto លោករៀបរាប់លើកដំបូងគាត់ទៅមើលការសម្តែងរបស់ Goze ។

“ខ្ញុំចាប់ផ្តើមស្វែងរកពួកគេតាំងពីខែធ្នូ ប៉ុន្តែត្រូវត្រឡប់ទៅទីក្រុងតូក្យូវិញព្រោះតែព្រិលធ្លាក់ខ្លាំង” ។

រូបភាព https://www.itsnicethat.com/

ដោយមិនបោះបង់ចោលលោក Hashimoto បានត្រឡប់មកវិញនៅឆ្នាំ ១៩៧០ ហើយមួយឆ្នាំក្រោយមកគាត់សាក​សួរ​អ្នកស្រុកពីក្រុមតន្រ្តីស្រ្តីពិការភ្នែក។ នៅទីបំផុតគាត់បានរកឃើញព័ត៌មានទំនាក់ទំនងសមាជិកក្រុម Goze ។

រូបភាព https://www.itsnicethat.com/

បន្ទាប់ពីបានជួបសំណេះសំណាលជាមួយ Goze អ្នកថតរូបស្នាក់នៅក្នុងភូមិថតរូបភាពនិយាយពីទម្លាប់ប្រចាំថ្ងៃរបស់ពួកគេក្នុងរយៈពេល ៣ ថ្ងៃ។

“លើកដំបូងដែលខ្ញុំមើលការសម្តែងរបស់ Goze នៅថ្ងៃទី ១០ ខែមីនាឆ្នាំ ១៩៧២ នារីម្នាក់ឈ្មោះ Seki Kaneko ឈរនៅមាត់ទ្វារទទួលស្វាគមន៍ខ្ញុំ មុខរបស់នាងដូចម្តាយរបស់ខ្ញុំណាស់។ ក្រោយមកទើបខ្ញុំដឹងថា ម្តាយខ្ញុំបានទទួល​មរណភាពនៅថ្ងៃនោះ” ។ ចាប់តាំងពីពេលនោះមកការចងចាំនេះបានក្លាយជាផ្នែកមួយអំឡុងពេលខ្ញុំធ្វើដំណើរជាមួយក្រុម Goze ។

រូបភាព https://www.itsnicethat.com/

លោក Hashimoto សង្ឃឹមថា ជាមួយនឹងសៀវភៅរូបថតនេះ មនុស្សជាច្រើនអាចរៀនអំពីវប្បធម៌ដែលស្ទើរតែបាត់​​​បង់នៅ Niigata និយាយអំពី Goze បានជំនះភាពខ្វះខាតខាងរាងកាយរស់នៅដើម្បីចំណូលចិត្តតន្ត្រី និងនាំ​មក​នូវភាពសប្បាយរីករាយដល់មនុស្សនៅជុំវិញ។

រូបភាព https://www.itsnicethat.com/

រូបភាព https://www.itsnicethat.com/

រូបថតទាំងនេះក៏ជាអនុស្សាវរីយ៍ដ៏ស្រស់ស្អាតរបស់អ្នកថតរូប Hashimoto នៃដំណើរផ្សងព្រេងរបស់គាត់ក្នុងការស្វែងរកវប្បធម៌ដែលបានបាត់បង់នៅទសវត្សទី ៧០ ។ លោកនឹកឃើញចិត្តសប្បុរសរបស់អ្នកភូមិដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរបស់ក្រុមតន្រ្តី Goze នាពេលនោះ។

(រូបភាពបានមកពី Zen Foto Gallery)

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: