ដើម្បីធានាសុវត្ថិភាពពិធីបុណ្យហាឡូវីនឆ្នាំនេះជប៉ុនលើកទឹកចិត្តបន្ថយការជួបជុំ

ពិធីបុណ្យហាឡូវីនឆ្នាំនេះនៅប្រទេសជប៉ុនត្រូវបានគេរំពឹងថានឹងប្រារព្ធធ្វើឡើងតាមលក្ខណៈថ្មី។ ដោយ​សារ​បញ្ហា​ជំងឺ​កូវីដ-១៩ ការរៀបចំព្រឹត្តិការណ៍ហាឡូវីនត្រូវតែធានាគម្លាតសង្គម។

លោកអភិបាលក្រុង Ken Hasebe បានអំពាវនាវអោយប្រជាជនជៀសវាងការប្រមូលផ្តុំនៅផ្លូវប្រសព្វ Shibuya ហើយ​លើក​ទឹកចិត្តប្រជាជនចូលរួមពិធីបុណ្យហាឡូវីនអនឡាញ ដោយភ័យខ្លាចថាផ្លូវប្រសព្វ Shibuya អាចក្លាយជា​ជំរក​ជំងឺកូវីដ-១៩ ប្រសិនបើមនុស្សរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នានៅទីនោះនាថ្ងៃទី ៣១ ខែតុលាដូចឆ្នាំមុន។

លោក Ken Hasebe មានប្រសាសន៍ក្នុងសន្និសីទកាសែតថា “សូមកុំទៅលេងហាឡូវីននៅ Shibuya ឆ្នាំនេះ” ។ “ខ្ញុំចង់​អោយអ្នករាល់គ្នាកាត់បន្ថយការស្រែកនៅតាមដងផ្លូវ ហើយចូលរួមពិធីបុណ្យហាឡូវីនតាមការកំណត់” ។

ព្រឹត្តិការណ៍អបអរពិធីបុណ្យហាឡូវីននិម្មិតនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃច័ន្ទរហូតដល់ចុងខែ។ អ្នកដែលចូលរួមអាច​ដើរកំសាន្ត និងបង្ហាញសម្លៀកបំពាក់របស់ពួកគេតាមរយៈតួអង្គតំណាងឬមើលការសម្តែងផ្ទាល់នៃតារា Pop Kyary Pamyu Pamyu ។

កាលពីឆ្នាំមុននៅ Kawasaki ទីក្រុងតូក្យូជាកន្លែងដែលមនុស្សចូលរួមប្រមាណ ១២ ម៉ឺននាក់ដង្ហែក្បួន Cosplay បើក​ការ​ប្រកួតប្រជែង Cosplay អនឡាញលើគេហទំព័រ។ បេក្ខជននៅទូទាំងពិភពលោកអាចផ្ញើវីដេអូ Cosplay របស់​ពួកគេដើម្បីទទួលបានឳកាសឈ្នះរង្វាន់ធំចំនួន ៥០០,០០០ យ៉េន។

រូបភាព https://english.kyodonews.net/

លោក Yohei Yatabe អ្នកគ្រប់គ្រងគម្រោងមានប្រសាសន៍ថា “ពិធីបុណ្យហាឡូវីនមានប្រភពមកពីទំនៀមទម្លាប់បណ្តេញវិញ្ញាណអាក្រក់។ យើងក៏ចង់បណ្តេញជំងឺកូវីដ-១៩ ដោយជម្រុញអោយអ្នករាល់គ្នាចូលរួមហាឡូវីននៅផ្ទះ” ។

តាមបណ្តាទីក្រុងផ្សេងទៀតក៏កំពុងងាកទៅរកការប្រារព្ធពិធីបុណ្យតាមលក្ខណៈអនឡាញផងដែរ។ សួនកម្សាន្តជាច្រើនចាត់វិធានការណ៍ផ្សេងៗដើម្បីចៀសវាងការរីករាលដាលនៃជំងឺកូវីដ-១៩ ។

Tokyo Disneyland និង Tokyo DisneySea បានលុបចោលព្រឹត្តិការណ៍ហាឡូវីនដើម្បីធានាសុវត្ថិភាព និងសុខុមាល​ភាព​របស់ភ្ញៀវទេសចរណ៍ និង​បុគ្គលិក។

មិនត្រឹមតែអ្នករៀបចំព្រឹត្តិការណ៍ព្រួយបារម្ភអំពីការរីករាលជំងឺប៉ុណ្ណោះទេ សូម្បីតែបុគ្គលម្នាក់ៗក៏មានការព្រួយបារម្ភ​ផងដែរ។ យោងតាមការស្ទង់មតិកាលពីខែកញ្ញាដែលធ្វើឡើងដោយ en-konkatsu បានអោយដឹងថាជាង ៧០% បុរស និងស្ត្រីចំនួន ១០០០ នាក់អាយុពី ២០ ឆ្នាំទៅ ៣០ ឆ្នាំនិយាយថាពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង​អំពី​ការអបអរបុណ្យហាឡូវីន។

ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ និងលើកទឹកចិត្តអបអរពិធីបុណ្យហាឡូវីនអនឡាញ មនុស្សជាច្រើនបានសម្រេច​ចិត្តផ្តោតលើការ Cosplay សម្រាប់ថតរូប និងធ្វើវីដេអូបង្ហោះលើបណ្តាញសង្គមជាជាងចូលរួមព្រឹត្តិការណ៍ផ្សេងៗ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: