ជប៉ុនបង្កើតថង់ក្រដាសផលិតពីកន្ទក់ស្រូវអាចញ៉ាំបានដើម្បីការពារសត្វក្តាន់

អ្នកជំនួញក្នុងស្រុកម្នាក់រស់នៅតំបន់ទេសចរណ៍ណារ៉ាប្រទេសជប៉ុនបានបង្កើតថង់ដាក់ចំណីមួយប្រភេទដោយជោគជ័យហើយមិនប៉ះពាល់ដល់បរិស្ថាន។ ប្រភេទថង់នេះអាចបំលែងបានហើយប្រើធ្វើជាអាហារ។

រូបភាព https://edition.cnn.com/

ទីក្រុងនេះជាជម្រករបស់សត្វក្តាន់ដ៏កម្រប្រមាណ ១០០០ ក្បាលដែលត្រូវបានទទួលស្គាល់ជាសម្បត្តិធម្មជាតិ។ ភ្ញៀវទេសចរណ៍ជាច្រើនមកដល់កន្លែងនេះអោយចំណីសត្វក្តាន់។

លោក Hidetoshi Matsukawa ផ្តើមគំនិតបង្កើតថង់ដែលអាចញ៉ាំបានព្រោះតែភ្ញៀវទេសចរណ៍ពេលអោយចំណីសត្វ​ក្តាន់ ចៃដន្យទុកអោយពួកវាលេបថង់ប្លាស្ទិច។ កាលពីខែកក្កដាឆ្នាំ ២០១៩ ក្រុមសុខុមាលភាពក្នុងតំបន់រាយការណ៍ថាសត្វក្តាន់ដ៏កម្រ ៩ ក្បាលបានស្លាប់ដោយសារលេបថង់ប្លាស្ទិច។ ទោះបីជាមានសេចក្តីបិទប្រកាសមិនអោយ​បោះ​ចំណីឬថង់ប្លាស្ទិកក្នុងឧទ្យានដែលក្តាន់រស់នៅក៏​ដោយ។

រូបភាព https://edition.cnn.com/

គោលបំណងដើម្បីការពារពូជក្តាន់កម្រ លោក Hidetoshi Matsukawa បានសហការជាមួយរោងចក្រផលិតក្រដាស​ក្នុង​ស្រុក និងក្រុមហ៊ុនរចនាបង្កើតគម្រោងដែលមានឈ្មោះថា “Shikagami” ដើម្បីបង្កើតថង់ក្រដាសជំនួស​ថង់​ប្លាស្ទិចដែលផលិតចេញពីកន្ទក់ស្រូវអាចសុីបាន។

“ខ្ញុំចង់ធ្វើអ្វីមួយដើម្បីការពារសត្វក្តាន់ដែលជាអត្តសញ្ញារបស់ណារ៉ា”

លោក Matsukawa និយាយថា “យើងដឹងថាកន្ទក់មួយចំនួនធំត្រូវគេបោះបង់ចោលកំឡុងពេលកិន ប្រសិន​បើ​យក​វា​ទៅធ្វើជាថង់អាចជួយកាត់បន្ថយកាកសំណល់” ។ លោក Matsukawa ក៏បានសាកល្បងថង់នេះហើយបញ្ជាក់​ថា​មានសុវត្ថិភាពចំពោះមនុស្ស។ “យើងគ្មានទិន្នន័យបញ្ជាក់ថាថង់មិនបង្កគ្រោះថ្នាក់ចំពោះក្តាន់នោះទេ ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់ថាប្រសិនបើមានសុវត្ថិភាពចំពោះមនុស្សនោះសត្វក្តាន់ក៏អាចសុីបានដែរ” ។

បន្ទាប់ពីផលិតថង់ត្រូវបានយកទៅសាកល្បងនៅធនាគារក្នុងស្រុក និងប្រាសាទ Todaiji ជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍ដ៏សំខាន់នៅណារ៉ា។ អ្នកគ្រប់គ្រងប្រាសាទ និងធនាគារទិញថង់ចំនួន ៤០០០ – ៥០០០ ថង់តម្លៃ ១០០ យ៉េនក្នុងមួយថង់ដើម្បីចូលរួមក្នុងគម្រោងសាកល្បងនេះ។

រូបភាព https://edition.cnn.com/

លោក Matsukawa និយាយថាតម្លៃនឹងកាន់តែទាបប្រសិនបើអាជីវកម្មជាច្រើនទិញថង់នេះ។ “បញ្ហាសត្វក្តាន់ស្លាប់​ដោយសារថង់ប្លាស្ទិចបណ្តាលអោយមានព័ត៌មានអវិជ្ជមាន។ មានអារម្មណ៍ដូចជាឧទ្យាននេះជាទីបញ្ចុះសពក្ដាន់អញ្ចឹងដែរ។ ដូច្នេះការប្រើថង់ក្រដាសអាចការពារសត្វក្ដាន់ក៏ដូចជាណារ៉ាផងដែរ” ។

ចំណាយពេលជិះរថភ្លើងពី Kyoto ៤៥ នាទី ណារ៉ាជាតំបន់ទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវដែលទៅលេងនៅប្រទេសជប៉ុន។ ក្រៅពីការបង្កើតថង់ក្រដាសអាចញ៉ាំបានថែមទាំងមានក្បាច់រចនាដូចគំនូរយ៉ាងស្អាត។ ផ្នែកខាង​មុខ​ថង់ក្រដាសមានរូបភាពសត្វក្តាន់ និងស្នើអោយភ្ញៀវទេសចរណ៍អោយតម្លៃកន្លែងដែលសត្វទាំងនេះរស់​នៅ។

លោក Matsukawa ជឿជាក់ថាគំនិតផ្តួចផ្តើមនេះអាចចូលរួមលើកកម្ពស់ការយល់ដឹងរបស់ភ្ញៀវទេសចរណ៍ ហើយ​ក៏​ក្លាយ​ជាផ្នែកមួយនៃជម្រើសផ្លាស់ប្តូរថង់ប្លាស្ទិចនាពេលអនាគត។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: