ខ្សែភាពយន្តគំនូរជីវចល Kimetsu no Yaiba បំបែកឯតទគ្គកម្មសំបុត្រកុន
ខ្សែភាពយន្តគំនូរជីវចល “Kimetsu no Yaiba” បានបំបែកឯតទគ្គកម្មសំបុត្រកុននៅក្នុងប្រទេសជប៉ុន។
រូបភាព NHK
រឿងគំនូរជីវចលផ្អែកលើ Manga ដ៏ល្បីបានចាក់បញ្ចាំងនៅទូទាំងប្រទេសជប៉ុនកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ក្រុមហ៊ុនចែកចាយខ្សែភាពយន្តនិយាយថានៅចន្លោះថ្ងៃសុក្ររហូតដល់ថ្ងៃអាទិត្យសប្តាហ៍មុន អ្នកចូលទស្សនាក្នុងរោងភាពយន្តមានចំនួន ៣,៤ លាននាក់ ហើយទទួលបានប្រាក់ចំណូលកំណត់ត្រាក្នុងរយៈពេល ៣ ថ្ងៃជាង ៤០ លានដុល្លារ។
ឈុតឆាកនៅក្នុងខ្សែភាពយន្តនិយាយពីប្រទេសជប៉ុននាសតវត្សរ៍មុនមានក្មេងប្រុសម្នាក់ប្រយុទ្ធនឹងបិសាច។ ហើយរឿងនេះក៏ជាខ្សែភាពយន្តបន្តស៊េរីចាក់ផ្សាយលើទូរទស្សន៍កាលពីឆ្នាំមុនផងដែរ។
រឿង “Kimetsu no Yaiba” ទាក់ទាញអ្នកគាំទ្រគ្រប់ជំនាន់រួមទាំងអ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាលជប៉ុន។
លេខាធិការខុទ្ទកាល័យរបស់ជប៉ុនលោក Kato Katsunobu និយាយថាគាត់បានមើលការចាក់ផ្សាយឡើងវិញកាលពីថ្ងៃមុន ព្រោះគាត់ដឹងថាក្មេងជំនាន់នេះចូលចិត្តខ្សែភាពយន្តនេះណាស់។
លោកនិយាយបន្តទៀតថាវប្បធម៌ដូចជាភាពយន្ត Anime និង Manga គឺជាផ្នែកមួយនៃវប្បធម៌ជប៉ុនដ៏ល្បីលើពិភពលោក។ លោកក៏មានប្រសាសន៍ថារដ្ឋាភិបាលនឹងបន្តគាំទ្រដល់វិស័យសិល្បៈសារព័ត៌មានរបស់ជប៉ុនព្រោះនេះជាវិស័យដែលពេញនិយមទាំងក្នុង និងក្រៅប្រទេស។
Japo Cambodia