ពន្លឺឆ័ត្រដ៏គួរឱ្យទាក់ទាញនាពេលរាត្រីនៅមុខប្រាសាទ Okayama ប្រទេសជប៉ុន
ប្រជាជនជប៉ុនថែរក្សាប្រាសាទបុរាណដែលជាសារមន្ទីរវប្បធម៌ និងមានតម្លៃស្ថាបត្យកម្មមិនអាចកាត់ថ្លៃបានដូចជាប្រាសាទបុរាណ ទេសភាពធម្មជាតិ ទីក្រុងដ៏សម្បូរបែប។ ប្រទេសជប៉ុននាំមកនូវសម្រស់ដ៏អស្ចារ្យទាក់ទាញភ្ញៀវទេសចរណ៍។
រូបភាព https://mymodernmet.com/
អ្នកថតរូបជនជាតិជប៉ុនម្នាក់ឈ្មោះ Yukari Mitani ធ្វើដំណើរជុំវិញស្រុកកំណើតរបស់ខ្លួនថតរូប ចែករំលែករូបថត និងទីកន្លែងដែលទាក់ទាញបំផុតនៅក្នុងប្រទេសជប៉ុន។ ដំណើរផ្សងព្រេងថ្មីៗនេះរបស់ Yukari Mitani បានទៅទស្សនាប្រាសាទ Okayama ជាប្រវត្តិសាស្រ្តនៅទីក្រុង Okayama នៅកន្លែងនេះគាត់ថតរូបទេសភាពពេលរាត្រីស្អាតៗជាច្រើន។
ប្រាសាទ Okayama គេហៅថា “វិមានក្អែក” ឬ “វិមានបក្សីខ្មៅ” មានប្រវត្តិច្រើនសតវត្សរ៍មកហើយត្រូវបានកសាងឡើងក្នុងឆ្នាំ ១៥៩៧ ។ ដំបូលប្រាសាទប្រក់ក្បឿងស្រោបមាសសាងសង់ក្រោមការដឹកនាំរបស់ Hideie Ukita ស្តេចក្រាញ់នៅសម័យ Sengoku ។ កាលពីមុនប្រាសាទនេះគេប្រើជាមូលដ្ឋានយោធាក៏ដូចជាទីស្នាក់ការកណ្តាលសម្រាប់ពាណិជ្ជករ និងសិប្បករជួបគ្នាធ្វើការអភិវឌ្ឍទីក្រុង Okayama ។ នៅទីបំផុត Hideie ត្រូវត្រកូល Tokugawa ចាប់ខ្លួន ហើយនិរទេសទៅដល់គុកលើកោះ Hachijo ។ ក្រោយមកប្រាសាទនេះផ្ទេរទៅអោយ Kobayakawa Hideaki ក៏ជាស្តេចក្រាញ់ម្នាក់ផងដែរ។
រូបភាព https://mymodernmet.com/
ប្រាសាទ Okayama ភាគច្រើនត្រូវបំផ្លាញនៅឆ្នាំ ១៩៤៥ ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ សល់តែប៉មយាមចំនួន ២ ប៉ុណ្ណោះ។ ចំណែកអគារប្រើបេតុងសាងសង់ឡើងវិញក្នុងឆ្នាំ ១៩៦៦ ។ នៅខាងក្នុងប្រាសាទ ៦ ជាន់មានវត្ថុបុរាណប្រវត្តិសាស្ត្រ និងប៉មយាមបច្ចុប្បន្នត្រូវបានចុះបញ្ជីវប្បធម៌ជាតិជាសម្បត្តិវប្បធម៌ដ៏សំខាន់។
សព្វថ្ងៃនេះប្រាសាទ Okayama ជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ដ៏ពេញនិយម រូបថតដែល Mitani ថតបង្ហាញពីសម្រស់ប្រាសាទនាពេលរាត្រី។ Yukari Mitani ថតនៅមុខប្រាសាទក្នុងពិព័រណ៍មួយដែលមានឈ្មោះថា “សម្រស់ផ្កាក្នុងសួនផ្កាដ៏រ៉ូមែនទិក” កាលពីថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២០ ។
រូបភាព https://mymodernmet.com/
តាមពិតទៅផ្កាទាំងនេះជាឆ័ត្រក្រដាសចម្រុះពណ៌របស់ជប៉ុនដែលគេតំរៀមនៅមុខប្រាសាទ ហើយបំភ្លឺបង្ហាញពណ៌តាមលំនាំក្បាច់នីមួយៗ។
AD