ពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធបុព្វបុរសជនជាតិ Ainu ប្រារព្ធធ្វើឡើងនៅ Upopoy កោះ Hokkaido
នៅឯសារមន្ទីរជនជាតិ Ainu និងឧទ្យានទីក្រុង Shiraoi នៅកោះ Hokkaido មានប្រារព្ធពិធីបូជាដូនតារបស់អ្នកស្រុក Ainu ។
រូបភាព NHK
គេហៅសារមន្ទីរនេះថា Upopoy ជាកន្លែងកសាងឡើងដើម្បីផ្សព្វផ្សាយវប្បធម៌ Ainu មានន័យថា “ច្រៀងជាក្រុម” ។
កាលពីថ្ងៃពុធមនុស្សចូលរួមក្នុងពិធីប្រហែល ៥០ នាក់នៅកន្លែងថែរក្សាចេតិយបុព្វបុរសជនជាតិ Ainu ដែលបានចែកឋាន។
លោក Okawa Masaru ប្រធានសមាគមជនជាតិ Ainu កោះ Hokkaido មានប្រសាសន៍ថាគាត់ចង់បួងសួងដល់ដួងព្រលឹងដូនតាដែលស្ថិតនៅទីនេះ។ លោកក៏និយាយបន្តថាលោកចង់អភិរក្ស និងផ្ទេរទីកន្លែងនេះទៅមនុស្សជំនាន់ក្រោយ។
នៅទីនោះគេរៀបចំពិធីបុណ្យមួយហៅថា Ichalpa ប្រជាជន Ainu ស្លៀកសំលៀកបំពាក់ប្រពៃណីគោរពបូជាដូនតា។
តាំងពីសតវត្សរ៍ទី ១៩ ដល់សតវត្សរ៍ទី ២០ អដ្ឋិធាតុបុព្វបុរសជនជាតិ Ainu ជាង ១៥០០ នាក់ត្រូវបានគេជីកចេញពីផ្នូរនៅកោះ Hokkaido ក្នុងគោលបំណងស្រាវជ្រាវ។ អដ្ឋិធាតុទាំងនេះត្រូវបានរក្សាទុកនៅតាមសាកលវិទ្យាល័យនានាទូទាំងប្រទេសជប៉ុន។ កាលពីឆ្នាំមុនអដ្ឋិធាតុភាគច្រើនបញ្ជូនទៅ Upopoy ដើម្បីទទួលបានការថែទាំ និងប្រារព្ធពិធីចងចាំ។
សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យហុកកៃដូលោក Yamamoto Fumihiko និយាយថាគាត់នឹងគិតអំពីអ្វីដែលអាចធ្វើបានដើម្បីជួយកសាងសង្គមមួយដែលប្រជាជន Ainu អាចរស់នៅដោយមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន និងទទួលបានការគោរព។
Japo Cambodia