ទីក្រុង Hamanaka ស្តារវិស័យទេសចរណ៍ពឹងទៅលើសត្វភេសមុទ្រដ៏កម្រ
ភ្ញៀវទេសចរណ៍នាំគ្នាសម្រុកទៅទីក្រុង Hamanaka ប្រទេសជប៉ុនដើម្បីមើលសត្វភេដ៏កម្រមួយក្បាល។
បញ្ហាសត្វភេព្រៃត្រូវប្រមាញ់យករោមបានបណ្តាលអោយចំនួនសត្វថយចុះគួរអោយព្រួយបារម្ភ។
រូបភាព https://travelandynews.com/
Hamanaka គឺជាទីក្រុងស្ថិតនៅជិតឆ្នេរខាងកើតកោះ Hokkaido ប្រទេសជប៉ុន បានកត់សម្គាល់ចំនួនភ្ញៀវទេសចរណ៍ប៉ុន្មានខែថ្មីៗនេះកើនឡើង។ ភ្ញៀវទេសចរណ៍មានការចាប់អារម្មណ៍ចំពោះសត្វភេដែលត្រូវបានគេរកឃើញក្នុងតំបន់នេះ។
ការលូតលាស់របស់សត្វភេជួយជម្រុញចំពោះវិស័យទេសចរណ៍ក្នុងស្រុកអោយរីកចម្រើន។ លោក Kawamura Ryokan អ្នកគ្រប់គ្រងសណ្ឋាគារនិយាយថាថ្មីៗនេះមានមនុស្សជាច្រើនមកថតរូបសត្វភេ។
លោក Yoshihiro Kataoka អាយុ ៧២ ឆ្នាំជាអ្នកនិពន្ធសៀវភៅនិយាយអំពីសត្វភេនៅ Kiritappu បានអោយដឹងថាហ្វូងភេមានពីរក្បាលមួយឈ្មោលមួយញី រស់នៅក្នុងតំបន់នេះក្នុងឆ្នាំ ២០១៧ ។ កូនរបស់វាចំនួន ៤ ក្បាលកើតកាលពីឆ្នាំមុន ប៉ុន្តែនៅរស់ត្រឹម ១ ក្បាល និងភេ ១ ក្បាលទៀតកើតនានិទាឃរដូវឆ្នាំនេះ។
លោក Kataoka បានអោយដឹងថា “ការបង្កាត់ពូជមិនងាយស្រួលនោះទេ ព្រោះសត្វភេតូចពេលខ្លះត្រូវសត្វភេឈ្មោលធំខាំដល់ស្លាប់។ ខ្ញុំសង្ឃឹមថាអាចបង្កើនចំនួនសត្វភេដោយវិធីណាមួយ” ។
យោងតាមរបាយការណ៍របស់សមាគមសួនសត្វ និងកន្លែងចិញ្ចឹមសត្វ បច្ចុប្បន្ននៅជប៉ុនមានសត្វភេត្រឹមតែ ៦ ក្បាលប៉ុណ្ណោះ នៅទីតាំងចិញ្ចឹមដូចជា Adventure World ខេត្ត Wakayama នៅ Marine World Uminonakamichi ខេត្ត Fukuoka នៅអាងចិញ្ចឹម Toba ខេត្ត Mie និងឧទ្យាន Suma Aqualife Kobe ខេត្ត Hyogo ។ ចំនួនសត្វភេធ្លាក់ចុះយ៉ាងខ្លាំងប្រមាណពី ១២២ ក្បាលនៅក្នុងទីតាំងទាំង ២៨ កន្លែងក្នុងឆ្នាំ ១៩៩៤ ។
សត្វភេសមុទ្រកើនឡើងក្នុងបរិស្ថានធម្មជាតិ ប៉ុន្តែគ្មាននរណាម្នាក់ប្រាកដពីអនាគតរបស់សត្វទាំងនោះទេ ព្រោះសត្វប្រភេទនេះបង្កការគំរាមកំហែងដល់ការនេសាទក្នុងតំបន់។ ក្នុងស្ថានភាពនោះសត្វភេអាចនឹងត្រូវគេចាប់ហើយបញ្ជូនទៅកន្លែងចិញ្ចឹម។ ទោះយ៉ាងណាស្ថានភាពនៅ Hamanaka មិនទាន់ឈានដល់ដំណាក់កាលនេះនៅឡើយទេ។
ប្រភពចំណីចម្បងរបស់សត្វភេគ្រឿងសមុទ្រដូចជាបង្គា ក្តាម ត្រី -ល- បរិមាណចំណីដែលវាសុីប្រចាំថ្ងៃប្រហែល ២៥% ឬ ៣០% នៃទម្ងន់រាងកាយរបស់វា ជារៀងរាល់ថ្ងៃសត្វភេឈ្មោលមួយក្បាលអាចសុីចំណីដល់ទៅ ១១ គីឡូក្រាម។
អ្នកតំណាងទីក្រុង Hamanaka ពិតជារីករាយព្រោះតែសត្វភេបានទាក់ទាញភ្ញៀវទេសចរណ៍។ “យើងកំពុងពិចារណាប្រើសត្វភេជាប្រភពទេសចរណ៍ ហើយសង្កេតមើលថាពួកវាអាចរស់នៅជាមួយអ្នកនេសាទបានដែរឬទេ” ។
AD