បុរសជនជាតិជប៉ុនម្នាក់ត្រូវចាប់ខ្លួនពីបទស្នាក់នៅសណ្ឋាគាររយៈពេល ១០ ខែមិនព្រមបង់ប្រាក់
បុរសជនជាតិជប៉ុនគ្មានការងារធ្វើម្នាក់ត្រូវប៉ូលីសខេត្ត Niigata ចាប់ខ្លួនបន្ទាប់ពីស្នាក់នៅក្នុងសណ្ឋាគារអស់រយៈពេលប្រហែលជា ១០ ខែ ដោយត្រូវគេចោទប្រកាន់ពីបទមិនព្រមទូទាត់ប្រាក់។
ករណីនេះត្រូវបានបណ្តាញព័ត៌មាន Nippon News Network ចុះផ្សាយនៅថ្ងៃទី ៩ ខែតុលាក្រោមការចោទប្រកាន់ថាជនសង្ស័យអាយុ ៥៨ ឆ្នាំ បានជួលបន្ទប់សណ្ឋាគារមួយកន្លែងក្នុងទីក្រុង Myoko ពីថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០១៩ ដល់ថ្ងៃទី ៨ ខែតុលាឆ្នាំ ២០២០ ។ បច្ចុប្បន្នបុរសម្នាក់នេះគ្មានការងារធ្វើទេ។
ក្នុងអំឡុងពេលជួលរយៈពេល ១០ ខែមកនេះ ចំនួនទឹកប្រាក់ដែលគាត់ជំពាក់សណ្ឋាគារលើសពី ៤ លានយ៉េន រួមទាំងសេវាកម្មបន្ទប់សណ្ឋាគារ និងចំណតរថយន្ត។
នៅថ្ងៃទី ៨ ខែតុលា ម្ចាស់សណ្ឋាគារបានរាយការណ៍ពីហេតុការណ៍នេះដល់ប៉ូលីស ហើយនៅថ្ងៃទី ៩ ខែតុលាភ្ញៀវត្រូវចាប់ខ្លួនពីបទឆបោក។ នៅពេលដែលប៉ូលីសចាប់ខ្លួនមនុស្សម្នាក់នេះ គាត់គ្មានប្រាក់នៅក្នុងខ្លួនឡើយ។
បន្ទាប់ពីត្រូវចាប់ខ្លួនគាត់បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ដោយនិយាយថាគាត់គ្មានចេតនាមិនបង់ប្រាក់ឬបោកប្រាស់ឡើយ។
សារព័ត៌មានដកស្រង់សម្តីរបស់ជនសង្ស័យសារភាពចំពោះប៉ូលីសថា “នៅពេលមានប្រាក់ ខ្ញុំនឹងទូទាត់បង់ថ្លៃវិក័យប័ត្រ។ ខ្ញុំគ្មានចេតនាបោកប្រាស់នរណាម្នាក់ឡើយ” ។
AD