កម្លាំងចិត្តរបស់បុរសម្នាក់ដែលបាត់បង់ជើងទាំងពីរ និងដៃខាងស្តាំ
ក្នុងសង្គមពាក្យត្អូញត្អែរមាននៅគ្រប់ទីកន្លែងដូចជា “ខ្ញុំមិនអាចព្យាយាមបន្តទៀតទេ” “ប្រហែលជាត្រូវបោះបង់” ឬ “ក្នុងលោកនេះគ្មានអ្នកអភ័ព្វដូចខ្ញុំទេ” ។ តើនរណាយល់ពីអារម្មណ៍អភ័ព្វ? អ្នកគិតថាខ្លួនអភ័ព្វ ប៉ុន្តែអ្នកអាចនឹងមិនសប្បាយជាងនេះ។
រឿងរ៉ាវបុរសម្នាក់ដែលហាក់ដូចជាបាត់បង់អ្វីៗគ្រប់យ៉ាង ប៉ុន្តែនៅតែព្យាយាមយកឈ្នះឧបសគ្គ។
រូបភាព https://hbol.jp/229533
នៅឆ្នាំ ២០១២ គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ត្រូវរថភ្លើងកិនបាត់ជើងទាំងពីរ និងដៃខាងស្តាំ។ នៅពេលនោះ Yamada អាយុ ២០ ឆ្នាំប៉ុណ្ណោះ ទើបតែចូលធ្វើការក្នុងក្រុមហ៊ុនទូរទស្សន៍ខ្សែកាប។
មុននោះ Yamada ជាមនុស្សរួសរាយសកម្មម្នាក់ គាត់មិនបានបដិសេធពិធីជប់លៀងផឹកស៊ីជាមួយមិត្តភក្តិ និងមិត្តរួមការងារនោះទេ។ នៅថ្ងៃដែលគាត់ផឹកច្រើនហួសដេកលក់រហូតដល់ចំណតរថភ្លើងចុងក្រោយ ពេលចុះពីលើរថភ្លើងគាត់ធ្លាក់លើផ្លូវដែកត្រូវរថភ្លើងកិន។
នៅពេលភ្ញាក់ឡើង Yamada ឃើញថាខ្លួនដេកក្នុងមន្ទីរពេទ្យ។ គាត់ព្យាយាមធ្វើចលនាដៃស្តាំតែគ្មានប្រតិកម្មអ្វីទាំងអស់។ គាត់ងើបឡើងមើលទើបដឹងថាដៃស្តាំរបស់ខ្លួនបាត់បង់ដូចជាសុបិន្តអាក្រក់មួយ។
បន្ទាប់ពីស្តាប់ឮគ្រូពេទ្យពន្យល់អំពីស្ថានភាព Yamada ដឹងថាជើងទាំងពីរ និងដៃស្តាំរបស់ខ្លួនបាត់បង់ទៅហើយ។ យុវជនរូបនេះមានអារម្មណ៍ថាជីវិតកំពុងឈានទៅដល់ទីបញ្ចប់។
នៅយប់មួយ Yamada ចង់ចូលបន្ទប់ទឹក ប៉ុន្តែគាត់មិនអាចគ្រប់គ្រងរាងកាយរបស់ខ្លួនបានឡើយ។ គាត់ធ្លាក់ពីលើគ្រែហើយស៊ូទ្រាំនឹងការឈឺចាប់ជាបន្តបន្ទាប់។
នៅពេលខ្លះគាត់ទទួលបានអារម្មណ៍របស់ដៃស្តាំ ដោយភ្លេចថាវាបានបាត់ទៅហើយនោះ។ រាល់ពេលដែលគាត់មើលឃើញរូបរាងរបស់ខ្លួនក្នុងកញ្ចក់ Yamada មានអារម្មណ៍អស់សង្ឃឹមណាស់។ ជារៀងរាល់ថ្ងៃគាត់តែងមានគំនិតចង់ធ្វើអត្តឃាតខ្លួនឯង។
គាត់សោកស្តាយណាស់ដែលខ្លួននៅរស់
ហេតុអ្វីពេលនោះមិនស្លាប់…
ដោយសារការថែទាំ និងការយកចិត្តទុកដាក់ពីមនុស្សនៅជុំវិញ គំនិតអវិជ្ជមានរបស់ Yamada ផ្លាស់ប្តូរបន្តិចម្តងៗ។ ទោះបីជាស្ថិតក្នុងស្ថានភាពអាក្រក់បែបនេះក៏ Yamada ដឹងថាមនុស្សនៅជុំវិញមិនបោះបង់ចោលគាត់ទេ ផ្ទុយទៅវិញពួកគេព្យាយាមធ្វើអោយគាត់មានគំនិតសុទិដ្ឋិនិយមជាងមុន។
នៅពេលកំពុងដេកលើគ្រែក្បែរឪពុកម្តាយដែលកំពុងយំ មិត្តរបស់ Yamada និយាយថា៖
ទោះបីជាគ្មានដៃជើងតែមិនត្រូវខ្ជះខ្ជាយជីវិតដែលនៅរស់រានឡើយ។
ពាក្យទាំងនេះស្ថិតក្នុងបេះដូងរបស់ Yamada ជានិច្ច។
Yamada យល់ថាខ្លួនគ្រាន់តែបាត់បង់រូបរាងខាងក្រៅប៉ុណ្ណោះ ទឹកចិត្តរបស់គាត់មិនដែលផ្លាស់ប្តូរទេ។ ជាមួយនឹងគំនិតវិជ្ជមាន គាត់ចាប់ផ្តើមចូលរួមក្នុងសហគមន៍ឡើងវិញ។
ឧប្បត្តិហេតុនេះកើតឡើងពេលនោះ Yamada ទើបតែអាយុ ២០ ឆ្នាំប៉ុណ្ណោះ គាត់ចាប់ផ្តើមផ្លាសប្តូរចិត្តគំនិតរហូតដល់អាយុ ២២ ឆ្នាំ។ នៅពេលនោះ Yamada ចង់ក្លាយជាពលរដ្ឋធម្មតាម្នាក់ ហើយអាចធ្វើអ្វីគ្រប់យ៉ាងដូចមនុស្សដទៃ។
គាត់ទៅរៀនទទួលបានសញ្ញាប័ត្រគណនេយ្យ និងព័ត៌មានការិយាល័យ បន្ទាប់មកចាប់ផ្តើមដាក់ពាក្យសុំការងារនៅឆ្នាំបន្ទាប់។ Yamada លែងគិតពីអ្វីដែលខ្លួនបាត់បង់ដោយព្យាយាមបន្ថែមជំនាញថ្មី។ ដើម្បីធ្វើបាន Yamada ត្រូវមានផ្នត់គំនិតវិជ្ជមាន។
រហូតមកដល់ពេលនេះ Yamada មិនអាចធ្វើការដែលប្រើកម្លាំងដូចជាប្តូរអំពូលភ្លើងទេ ប៉ុន្តែគាត់អាចធ្វើអ្វីបានដូចជាបោកគក់ ចម្អិនម្ហូប លាងសម្អាតជាដើម។ ថ្វីត្បិតតែចំណាយពេលយូរជាមនុស្សដទៃ ប៉ុន្តែគាត់អាចធ្វើដោយខ្លួនឯងមិនត្រូវការជំនួយអ្វីទាំងអស់។
លើសពីនេះគាត់ក៏ទទួលបានការងារ អាចរស់នៅដោយឯករាជ្យ។
នៅពេលអានចប់អត្តបទនេះ តើអ្នកនៅតែមានអារម្មណ៍ថាខ្លួនជាមនុស្សគ្មានសំណាងទៀតទេ? ក្រៅពី Yamada នៅមានមនុស្សជាច្រើនផ្សេងទៀតកំពុងតស៊ូក្រោកឈរឡើង ដូច្នេះសូមកុំត្អូញត្អែរគិតគំនិតអវិជ្ជមានក្នុងជីវិត។
Kengo Abe