តន្រ្តីករជនជាតិជប៉ុនត្រូវគេវាយនៅទីក្រុងញូវយ៉កដោយសារយល់ថាជាជនជាតិចិន

តន្ត្រីករជនជាតិជប៉ុនម្នាក់រស់នៅទីក្រុងញូវយ៉កត្រូវយុវជនមួយក្រុមវាយប្រហារដោយសារយល់ច្រឡំថាគាត់ជាជន​ជាតិ​ចិន។

ហេតុការណ៍នេះកើតឡើងនៅស្ថានីយ៍រថភ្លើងក្រោមដីជិតផ្ទះនៅវេលាម៉ោងប្រហែល ៧ៈ៣០ នាទីយប់ថ្ងៃទី ២៧ ខែកញ្ញា។

រូបភាព https://nextshark.com/tadataka-unno-japanese-musician-attacked-new-york/

លោក Tadataka Unno អាយុ ៤០ ឆ្នាំកើតនៅទីក្រុងតូក្យូជាអ្នកលេងព្យ៉ាណូចម្រៀង Jazz ត្រូវក្មេងប្រុសជំទង់ម្នាក់វាយប្រហារភ្លាមៗនៅពេលគាត់ទៅដល់ច្រកត្រួតពិនិត្យសំបុត្រនៃស្ថានីយ៍កណ្តាល Manhattan ពីកន្លែងធ្វើការ។

ខណៈពេលព្យាយាមរត់គេចចេញពីស្ថានីយ៍ គាត់ត្រូវមនុស្សមួយក្រុមមានបុរស ៨ នាក់ និងនារីដេញតាមវាយធ្វើ​បាប។ ទន្ទឹមនឹងនេះដែរគាត់ស្តាប់ឮពួកគេនិយាយថា “Chinese” ចិន ។

លោក Tadataka Unno ត្រូវបញ្ចូនទៅបន្ទប់សង្គ្រោះបន្ទាន់ តាមការបញ្ជាក់គាត់បាក់ឆ្អឹងដៃ ស្មាខាងស្តាំ ឆ្អឹងដង​កាំ​បិត និងស្នាមជាំពេញខ្លួនរួមទាំងក្បាលផង។

យើងមិនទាន់ដឹងច្បាស់អំពីបញ្ហាជម្រុញការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែក្រុមមនុស្សបានអោយដឹងថាលោក Unno ប៉ះទង្គិចជា​មួយ​ពួកគេម្នាក់។

ដោយសារតែរបួសលោក Unno មិនអាចលេងព្យាណូយ៉ាងហោចណាស់មួយសប្តាហ៍បន្ទាប់ពីឧប្បត្តិហេតុនេះ។ គាត់ក៏មិនអាចឳបកូនប្រុសដែលទើបនឹងកើតរបស់ខ្លួនផងដែរ។

រូបភាព https://nextshark.com/tadataka-unno-japanese-musician-attacked-new-york/

មនុស្សជាច្រើនមានការព្រួយបារម្ភបញ្ហាតន្ត្រីករធ្វើយ៉ាងណាអាចផ្គត់ផ្គង់គ្រួសារពេលដែលការងាររបស់គាត់ត្រូវផ្អាកបណ្តោះអាសន្ន។

បន្ទាប់ពីឧប្បត្តិហេតុនេះមនុស្សម្នាក់ឈ្មោះ Jerome Jennings ដែលជាមិត្តភក្តិ និងជាមិត្តរួមការងាររបស់លោក Unno បានបង្កើតគេហទំព័រ GoFundMe ដើម្បីរៃអង្គាសថវិកាជួយផ្គត់ផ្គង់គ្រួសាររបស់គាត់។

Jennings សរសេរថា “លោក Tadataka Unno ជាប្តី មិត្តភក្តិ និងឪពុកល្អម្នាក់ ហើយក៏ជាពន្លឺដ៏ភ្លឺបំផុតក្នុងចំណោម​តន្រ្តី​ករ​ព្យាណូ​ចម្រៀង Jazz ផងដែរ។ គាត់ធ្លាប់សម្តែងក្នុងក្រុមតន្ត្រី Jimmy Cobb, Roy Hargrove, Winard Harper, John Pizzarelli, Clifton Anderson និងតារាល្បីជាច្រើនផ្សេងទៀត” ។ “ដោយសារតែគាត់បាក់ឆ្អឹងមិនអាចលេងព្យាណូហើយក៏មិនដឹងថាពេលណាគាត់អាចត្រឡប់មកលេងវិញបានដែរ” ។

ការរៃអង្គាសប្រាក់ក្នុងរយៈពេល ៤ ថ្ងៃទទួលបាន ៨៩.៦១១ ដុល្លារពីអ្នកឧបត្ថម្ភប្រហែល ១៧០០ នាក់។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: