ជប៉ុនកំពុងពិចារណាលើកលែងលក្ខខណ្ឌតម្រូវអោយនៅដាច់ដោយឡែកចំពោះបុគ្គលមួយចំនួន
រដ្ឋាភិបាលជប៉ុនកំពុងពិចារណាលើលើកលែងលក្ខខណ្ឌតម្រូវអោយនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃចំពោះបុគ្គលដែលជាជនជាតិជប៉ុនត្រឡប់មកពីដំណើរអាជីវកម្ម និងជនបរទេសដែលអាចស្នាក់នៅប្រទេសជប៉ុន។
រូបភាព NHK
ក្រុមមន្រ្តីនឹងធ្វើការសម្រេចចិត្តខាងលើឆាប់តាមដែលអាចធ្វើទៅបាននៅដើមខែនេះដើម្បីបន្ធូរបន្ថយការរឹតបន្តឹងអន្តោប្រវេសន៍ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ក្រុមមន្រ្តីគ្រោងនឹងស្នើសុំអោយអ្នកដែលត្រឡប់មកពីបរទេសដាក់ពាក្យបង្ហាញផែនការសកម្មភាពនៅក្នុងប្រទេសជប៉ុនដោយបញ្ជាក់យ៉ាងច្បាស់ទីកន្លែងដែលពួកគេគ្រោងនឹងស្នាក់នៅ។ ហើយក៏ស្នើអោយអ្នកទាំងនេះកុំប្រើមធ្យោបាយធ្វើដំណើរសាធារណៈរយៈពេល ១៤ ថ្ងៃបន្ទាប់ពីចូលមកប្រទេសជប៉ុនផងដែរ។
កាលពីដើមខែនេះប្រទេសជប៉ុនបានបន្ធូរបន្ថយការរឹតត្បិតចូលសម្រាប់ជនបរទេសលើទិដ្ឋាការរយៈពេលមធ្យម និងវែងដោយដាក់អោយនៅដាច់ដោយឡែករយៈពេល ២ សប្តាហ៍។ ហើយជប៉ុនក៏បានបើកច្រកចេញចូលឡើងវិញក្នុងគោលបំណងធ្វើអាជីវកម្មជាមួយកូរ៉េ និងសិង្ហបុរី។
បច្ចុប្បន្នប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់ ១៥៩ ប្រទេស និងតំបន់ត្រូវប្រុងប្រយ័ត្នអំពីជំងឺឆ្លងកម្រិត ៣ មានន័យថាប្រជាជនជប៉ុនគួរតែ “ជៀសវាងរាល់ការធ្វើដំណើរ” ទៅកាន់ប្រទេសទាំងនោះ។
ក្រុមមន្រ្តីកំពុងពិចារណាបញ្ចុះកម្រិតប្រុងប្រយ័ត្នចុះកម្រិតទី ២ ចំពោះកន្លែងមួយចំនួនក្នុងចំណោមប្រទេស និងតំបន់ទាំង ១៥៩ មានន័យថាពលរដ្ឋជប៉ុនគួរតែជៀសវាងការធ្វើដំណើរដែលមិនចាំបាច់។ មន្រ្តីក៏គ្រោងនឹងដកបំរាមអន្តោប្រវេសន៍សម្រាប់អ្នកមកពីប្រទេស និងតំបន់ទាំងនេះផងដែរ។ ក្រុមមន្រ្តីសង្ឃឹមថានឹងបើកការធ្វើដំណើរឡើងវិញជាមួយបណ្តាប្រទេសនានា និងស្តារសេដ្ឋកិច្ចឡើងវិញតាមរយៈការបន្ធូរបន្ថយការរឹតបន្តឹងស្របគ្នាជាមួយនឹងការបង្កើនការធ្វើតេស្តរកជំងឺកូវីដ-១៩ នៅអាកាសយានដ្ឋាន។
Japo Cambodia