ឃាតករលើបណ្តាញសង្គម Twitter កាលពី ៣ ឆ្នាំមុន​បាន​សារ​​ភាព​សម្លាប់​មនុស្ស

នៅជប៉ុនកាលពី ៣ ឆ្នាំមុនរំជួលករណីសម្លាប់មនុស្ស ៩ នាក់លាក់សពក្នុងផ្ទះល្វែង។ ជនសង្ស័យឈ្មោះ Takahiro Shiraishi អាយុ ២៩ ឆ្នាំគេហៅថា “ឃាតករ Twitter” ពីព្រោះជននេះប្រើបណ្តាញអុីនធឺណេតទាក់ទងជនរងគ្រោះអោយទៅផ្ទះរបស់ខ្លួននៅ Zama, Kangawa ដើម្បីធ្វើឃាត។ រឿងនេះកើតឡើងកំឡុងខែសីហាដល់ខែតុលា ឆ្នាំ ២០១៧ ។

រូបភាព https://nextshark.com/takahiro-shiraishi-japanese-twitter-killer-pleads-guilty/

ថ្មីៗនេះជនសង្ស័យ Shiraishi បានទទួលយកការចោទប្រកាន់ទាំងអស់នៅ Tachikawa នៃតុលាការក្រុងតូក្យូ។ 

ទោះជាយ៉ាងណាមេធាវីរបស់ចុងចោទអះអាងថាជននេះសម្លាប់ជនរងគ្រោះតាមសំណើរបស់ពួកគេ (ដោយ​សារ​ជន​រង​គ្រោះ​ទាំង​អស់មានគំនិតធ្វើអត្តឃាតតាមរយៈការសន្ទនានៅលើ Twitter) ។

ទង្វើរបស់ Shiraishi ត្រូវគេរកឃើញកាលពីខែតុលាឆ្នាំ ២០១៧ ក្រោយពេលបុរសម្នាក់រាយការណ៍ថាប្អូនស្រីរបស់គាត់បានបាត់ខ្លួន។ បុរសជាបងប្រុសចូលគណនីធ្វីតទ័ររបស់ប្អូនស្រី ហើយដឹងថានាងមានទំនាក់ទំនងជាមួយ Shiraishi ។

កាលពីខែកញ្ញាឆ្នាំ ២០១៧ គណនីធ្វីតទ័ររបស់នាងបង្ហោះ Tweet ក្រោមខ្លឹមសារស្វែងរកមនុស្សធ្វើអត្តឃាតជាមួយគ្នាព្រោះខ្លាចស្លាប់ម្នាក់​ឯង។

មេធាវីការពារក្តីពឹងទៅលើអង្គហេតុទាំងនេះដើម្បីបន្ធូរបន្ថយទោសអោយ Shiraishi ។ ប្រសិនបើរកឃើញថាមានពិរុទ្ធពីបទឃាតកម្ម ជននេះត្រូវប្រឈមនឹងទោសប្រហារជីវិត ប៉ុន្តែក្នុងករណីមានការយល់ព្រមអាចកាត់បន្ថយទោស​ជាប់ពន្ធនាគារពី ៦ ខែទៅ ៧ ឆ្នាំ។

រូបភាព https://nextshark.com/takahiro-shiraishi-japanese-twitter-killer-pleads-guilty/

ទោះជាយ៉ាងណា Shiraishi អះអាងថាមិនបានជួយអោយជនរងគ្រោះស្លាប់តាមបំណងរបស់ពួកគេទេ។ នៅក្នុង​បទ​សម្ភាសន៍​ជាមួយ Asahi Shimbun ជនសង្ស័យនិយាយថាអ្វីដែលជម្រុញខ្លួនជាប្រាក់ និងដើម្បីបំពេញបំណងរបស់ខ្លួន ម្យ៉ាងវិញទៀតជនល្មើស Shiraishi គ្មានអារម្មណ៍ដឹងខុសចំពោះសកម្មភាពនេះទេ។

ជនរងគ្រោះរួមមានស្ត្រី ៨ នាក់ និងបុរសម្នាក់ អាយុចន្លោះពី ១៥ ទៅ ២៦ ឆ្នាំ។ បន្ទាប់ពីសម្លាប់ពួកគេជននេះយកបានប្រាក់ពីពីរបីរយយ៉េនទៅរាប់ពាន់យ៉េន។

ជនសង្ស័យ Shiraishi បានសារភាពថាជនរងគ្រោះដំបូងជាស្ត្រីអាយុ ២១ ឆ្នាំ ដោយសារមិនចង់សងបំណុលអោយ​ជន​រងគ្រោះ។ ជននេះក៏បាននិយាយថាខ្លួនលួងលោមស្ត្រីបីនាក់ទៅផ្ទះតែមិនសម្លាប់ភ្លាមៗនោះទេ ព្រោះជននេះដឹង​ថាអាចទាញយកប្រយោជន៍ហិរញ្ញវត្ថុ។

ប៉ូលីសបានរកឃើញបំណែកសាកសពរបស់ជនរងគ្រោះលាក់ក្នុងទូទឹកកក និងប្រអប់ឧបករណ៍របស់ Shiraishi ក្នុងពេលចាប់ខ្លួន។ សាកសពដែលបានរកឃើញរួមមានក្បាល ដៃ ជើង និងគ្រោងឆ្អឹងចំនួន ២៤០ ផង​ដែរ។

ជនរងគ្រោះទាំងអស់ត្រូវសម្លាប់ដោយច្របាច់ក។ ដូច្នេះប្រសិនបើត្រូវកាត់ទោស Shiraishi នឹងទទួលទោសក្រោមទម្រង់​ប្រហារជីវិតស្រដៀងគ្នា។

ការផ្តន្ទាទោសគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែធ្នូ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: