ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines បញ្ឈប់ការប្រើពាក្យ “Ladies and Gentlemen” ដើម្បីជៀសវាងការរើសអើងភេទ
ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines (JAL) បញ្ឈប់ការប្រើពាក្យ “ladies and gentlemen” ដើម្បីជៀសវាងការរើសអើងភេទ។
ចាប់ពីថ្ងៃទី ១ ខែតុលាក្រុមហ៊ុនអាកាសចរណ៍លែងប្រើពាក្យ “attention all passengers” (សូមអ្នកដំណើរទាំងអស់កត់សម្គាល់) និងពាក្យ “welcome, everyone” (សូមស្វាគមន៍អ្នកទាំងអស់គ្នា) នៅអាកាសយានដ្ឋានជុំវិញពិភពលោក។ រួមទាំងពាក្យ “Ladies and Gentlemen” (សុភាពបុរសសុភាពនារី) ដើម្បីគាំទ្រសមភាពយេនឌ័រ។
រូបភាព https://nextshark.com/japan-airlines-to-stop-using-ladies-and-gentlemen/
យោងតាមអ្នកនាំពាក្យរបស់ JAL Yutaro Iwsaki បានអោយដឹងថាក្រុមហ៊ុនអាកាសចរណ៍មានគោលបំណងផ្តល់ភាពស្មើគ្នាជូនអ្នកដំណើរដោយមិនរើសអើងភេទ។ លើសពីនេះផែនការសមភាពយេនឌ័ររបស់ក្រុមហ៊ុនត្រូវបានជម្រុញតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។
កាលពីខែមីនាក្រុមហ៊ុន JAL បានប្រកាសថាបុគ្គលិកស្រីអាចជ្រើសរើសស្លៀកខោវែងជំនួសសំពត់ដើម្បីផ្តល់ភាពងាយស្រួលក្នុងការងារ។
ក្រុមហ៊ុន JAL Express ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍នេះក៏បានជួលអ្នកបើកយន្ដហោះស្រីដំបូងគេរបស់ជប៉ុនកាលពីឆ្នាំមុនផងដែរ។
អ្នកបើកយន្តហោះស្រីរូបនោះឈ្មោះ Ari Fuji បន្ទាប់ពីបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក នាងបានយល់ព្រមចូលរួមកម្មវិធីបណ្តុះបណ្តាលរបស់ JAL ហើយត្រលប់ទៅប្រទេសជប៉ុនវិញ។
ក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិផ្សេងទៀតបានអនុវត្តគោលនយោបាយស្រដៀងនេះដែរ ជាក់ស្តែង Air Canada ជំនួសពាក្យ “Ladies and Gentlemen” ដោយពាក្យ “Everybody” (អ្នករាល់គ្នា) និងក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Qantas ក៏បានរឹតត្បិតការប្រើប្រាស់ពាក្យសំដៅលើភេទដែរ។
លើសពីនេះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសជប៉ុនបានជម្រុញលើកកម្ពស់សិទ្ធិ LGBT (Lesbian, Gay, Bisexual and Transgender) យ៉ាងសកម្មដោយមនុស្សកាន់តែច្រើនគាំទ្រអាពាហ៍ពិពាហ៍ភេទដូចគ្នា។
នៅក្នុងខែធ្នូការស្ទង់មតិតាមបណ្តាញអុីនធឺណេតបង្ហាញថាមនុស្ស ១/១០ ក្នុងប្រទេសជប៉ុនជាក្រុម LGBT ។ ដូច្នេះបានង្ហើបអោយដឹងថា ៧៨% ក្រុមអ្នក LGBT ក្នុងប្រទេសជប៉ុនមិនទាន់បង្ហាញពីទំនោរផ្លូវភេទរបស់ពួកគេនៅឡើយទេ។
រដ្ឋាភិបាល និងអាជីវកម្មជប៉ុនកំពុងខិតខំបង្កើតបរិយាកាសល្អសម្រាប់សហគមន៍អ្នកស្រលាញ់ភេទដូចគ្នានៅក្នុងប្រទេស។
Sacchan