តើការចំណាយទៅលើទំនៀមទម្លាប់ប្រារព្ធពិធីបុណ្យសពនៅជប៉ុនមានអ្វីខ្លះ?

ប្រទេសជប៉ុនក៏ដូចជាបណ្តាប្រទេសជឿនលឿនដទៃទៀតកំពុងប្រឈមមុខនឹងបញ្ហាភាពចាស់ជរា។ ក្រោមស្ថាន​ភាព​នោះតម្រូវការប្រារព្ធពិធីបុណ្យសព បញ្ចុះសព -ល- ក៏កំពុងតែកើនឡើងផងដែរ។ ដូច្នេះហើយការប្រារព្ធពិធីបុណ្យសពនៅជប៉ុនកំពុងតែផ្លាស់ប្តូរ។ តើការផ្លាស់ប្តូរនោះមានអ្វីខ្លះ?

តាមទំនៀមទម្លាប់ប្រពៃណីជនជាតិជប៉ុនច្រើនតែធ្វើពិធីបុណ្យសពតាមបែបព្រះពុទ្ធសាសនា ពិធីនេះត្រូវបានធ្វើឡើងនៅសាលធំ (ប្រសិនបើផ្ទះធំទូលាយអាចធ្វើនៅគេហដ្ឋាន) នៅខាងក្នុងមានរៀបចំរូបថត និងកម្រងផ្កាសម្រាប់​អ្នក​ស្លាប់។

រូបភាព https://www.aeonlife.jp/knowledge/manner/detail/

នៅជប៉ុនការចំណាយប្រារព្ធពិធីបុណ្យសពថ្លៃណាស់។ យើងនឹងធ្វើការប្រៀបធៀបតម្លៃជាមួយបណ្តាប្រទេសជឿនលឿនមួយចំនួនខាងក្រោម៖

  • អាមេរិក៖ ៤៤៤,០០០ យ៉េន
  • កូរ៉េ៖ ៣៧៣,០០០ យ៉េន
  • អាល្លឺម៉ង់៖ ១៩៨,០០០ យ៉េន
  • អង់គ្លេស៖ ១២៣,០០០ យ៉េន

អ្នកប្រហែលជាគិតថាការចំណាយប្រារព្ធពិធីបុណ្យសពនៅអាមេរិកមានតម្លៃថ្លៃជាងគេ។ នៅប្រទេសជប៉ុនការចំណាយប្រារព្ធពិធីបុណ្យសពជាមធ្យមជាង ២ លានយ៉េនច្រើនជាងសហរដ្ឋអាមេរិកដល់ទៅ ៤ ដង។

ការចំណាយនេះផ្អែកលើកត្តាជាច្រើនដូចជាទីតាំងប្រារព្ធពិធីបុណ្យសពធំទូលាយ។ ក្រៅពីនេះមានសេវាកម្មមួយដែលភាគច្រើនគេមិនចង់ចំណាយគឺ Kaimyo (戒名) ។ ជាទំនៀមទម្លាប់ដាក់ឈ្មោះអោយអ្នកស្លាប់ពេលលា​ចាក​ពី​ពិភព​លោក​នេះ។ ព្រះសង្ឃនឹងជ្រើស​រើស​ឈ្មោះមានអត្ថន័យសម្រាប់អ្នកស្លាប់ ប៉ុន្តែក៏អាស្រ័យលើតារាងតម្លៃផង​ដែរ។ តម្លៃទាបបំផុតចន្លោះពី ២០ ម៉ឺនយ៉េនដល់ ៣០ ម៉ឺនយ៉េន និងលើសពី ២ លានយ៉េនជាតម្លៃពិសេស។

ចំណាយរាប់សិបលានក្រាន់តែដើម្បីដាក់ឈ្មោះអោយអ្នកដែលបានទទួលមរណភាព ចំនួនទឹកប្រាក់នេះពិតជាថ្លៃណាស់។ មនុស្សដែលមានអំណាចឋានៈខ្ពង់ខ្ពស់ប្រាកដជារើសយកកញ្ចប់សេវាកម្មដែលមានតម្លៃថ្លៃជាងគេ។ ចំណែក​​អ្នក​ដែល​គ្មានលទ្ធភាពប្រហែលជាចង់លុបបំបាត់ទំនៀមទម្លាប់ Kaimyo នេះ។

ហើយជាការពិតណាស់ត្រូវរាប់បញ្ចូលទាំងថ្លៃចំណាយទិញផ្នូរបញ្ចុះសពផង។

ជាទូទៅកន្លែងបញ្ចុះសពស្ថិតនៅក្នុងបរិមាណវត្ត តម្លៃទិញផ្នូររួមទាំងថ្មក្បាលផ្នូរប្រហែល ២-៣ លានយ៉េន។ យោងទៅតាមច្បាប់របស់ជប៉ុនក្រុមសាសនាគ្មានកាតព្វកិច្ចបង់ពន្ធទេ ដូច្នេះប្រាក់ទាំងអស់នឹងក្លាយជាប្រាក់ចំណូលរបស់វត្ត។ ប្រជាជនជប៉ុនជាច្រើនមិនពេញចិត្តនឹងរឿងនេះទេ ដូច្នេះមានទំនោរទិញផ្នូរខាងក្រៅវត្តក៏កាន់​តែ​កើន​​ឡើង​​ផង​​ដែរ។

ដោយសារមនុស្សភាគច្រើនសម្រុកទៅទីក្រុងធំៗធ្វើឱ្យតម្លៃផ្នូរមានការកើនឡើងយ៉ាងខ្លាំង។ ផ្ទុយទៅវិញតម្លៃផ្នូរ​លើ​ភ្នំ​មាន​តម្លៃថោកតែឆ្ងាយដាច់ស្រយាលពិបាកធ្វើដំណើរ។

ដូច្នេះជម្រើសដែលជនជាតិជប៉ុនជាច្រើនជ្រើសយកដាក់ធាតុក្នុងផ្ទះក្រោយពេលបូជា។ ប្រទេសមួយចំនួនមានទំនៀម​ទម្លាប់​បញ្ចុះសព ចំណែកប្រជាជនជប៉ុនច្រើនតែបូជាសព បន្ទាប់មកពួកគេដាក់ក្នុងកោដ្ឋរបស់អ្នកស្លាប់ក្នុងផ្នូរដូនតា។

មិនប្រារព្ធពិធីបុណ្យសព មិនចាំបាច់មានផ្នូរ នេះប្រហែលជាវិធីល្អបំផុតសម្រាប់ដោះស្រាយចំណាយផ្សេងៗ។ បច្ចុប្បន្ន​នេះ​មានកោដ្ឋជាង ៤ លានត្រូវបានគេដាក់នៅក្នុងផ្ទះរបស់ប្រជាជនជប៉ុន។ 

ប្រធានបទស្តីអំពីពិធីបុណ្យសពហាក់ដូចជាគ្មានទីបញ្ចប់ទេ។ សង្គមផ្លាស់ប្តូរតម្រូវអោយមនុស្សក៏ប្តូរអោយសមនឹងកាលៈទេសៈ។

បើនិយាយទៅ “ស្លាប់មិនមែនបញ្ចប់រឿងគ្រប់យ៉ាងនោះទេ” ដើម្បីរៀបចំពិធីបុណ្យសពត្រូវចំណាយច្រើនណាស់។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: