ការសាកល្បងល្បែងផ្គុំរូបភាព One Piece ចំនួន ១០០០ បំណែក

សួស្តីអ្នកអានរបស់ JAPO !!! ខ្ញុំឈ្មោះ Rina Hoshino បច្ចុប្បន្នជាតារាសម្តែង និងអ្នកបញ្ចូលសម្លេងនៅទីក្រុង​ឡូសអង់ចាឡែស។ បច្ចុប្បន្ននៅអាមេរិកមានជាង ៣ លានករណីកើតជំងឺកូវីដ-១៩ ស្ថានភាពតានតឹងខ្លាំងណាស់។

អ្វីដែលមិននឹកស្មានដល់ខណៈពេលចំនួនអ្នកឆ្លងកំពុងកើនឡើង មនុស្សជាច្រើនមិនព្រមនៅផ្ទះផ្ទុយទៅវិញពួក​គេ​នាំគ្នាទៅលេងសមុទ្រឬឡើងភ្នំ។ ខ្ញុំពិតជាមិនយល់ពួកគេទេ។ ទោះជាពួកគេមិនអើពើតែខ្ញុំ និងមនុស្សនៅជុំវិញ​នៅតែញែកដាច់ពីគ្នាដោយចំណាយពេលនៅផ្ទះធ្វើអ្វីដែលខ្លួនចូលចិត្ត។ នៅផ្ទះខ្ញុំតែងតែមើលរឿង និងលេងល្បែងផ្គុំ​រូប។ ជាពិសេសខ្ញុំផ្តោតលើរូបផ្គុំរហូតដល់ពាក់កណ្តាលអធ្រាត្រ ថែមទាំងសុបិន្តឃើញខ្លួនកំពុងស្វែងរករូបផ្គុំទៀត​ផង។

រូបផ្គុំម្តងនេះដែលខ្ញុំចង់សាកល្បងគឺ Ukiyo-e One Piece ១០០០ បំណែក។ ឈុតផ្គុំរូបលើកនេះមានភាពច្របូកច្របល់​យ៉ាងខ្លាំងព្រោះបំណែកទាំងនោះមានពណ៌ស្ទើរតែដូចគ្នាដែលជាពណ៌ស្បែករបស់តួអង្គ Luffy ។ ដូច្នេះវាពិបាក​ក្នុងការបែងចែកក្រុមពណ៌នៃបំណែករូបណាស់ ហើយមធ្យោបាយមានតែមួយគត់សាកល្បងរូបរាងបំណែកផ្ដុំ​ប៉ុណ្ណោះ។ ខ្ញុំត្រូវចំណាយពេលយូរណាស់ដើម្បីដាក់បំណែកផ្គុំបញ្ចូលគ្នា។

មើលទៅហាក់ដូចជាងាយតែធ្វើមិនហើយខ្ញុំមិនអាចបញ្ឈប់បានទេ។ ល្បែងផ្គុំរូបក៏ដូចជាជីវិតមនុស្ស ព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅសហរដ្ឋអាមេរិក តាំងពីជំងឺរាតត្បាតរហូតដល់ការប្រកាន់ជាតិសាសន៍ដូចជាបំណែករូបផ្គុំមើលទៅស្រពិចស្រពិលរកមិនឃើញផ្លូវចេញ។ ប្រសិនបើបំណែករូបផ្គុំនីមួយៗជាព្រឹត្តិការណ៍ដែលកើតឡើងក្នុងជីវិត អ្វី​ដែល​យើង​ត្រូវធ្វើគឺរៀបចំ និងភ្ជាប់បំណែកបញ្ចូលគ្នាឬក៏ជាការតភ្ជាប់គំនិតទាំងអស់។

ទោះបីជាស្ថិតក្នុងស្ថានភាពដូចគ្នា មនុស្សនៅតែមិនចង់ស្តាប់យោបល់របស់អ្នកដទៃ។ ដូចជាការស្វែងរកបំណែកដែលបាត់ នៅលើពិភពលោកមានបំណែកជាច្រើនអាចភ្ជាប់ជាមួយគ្នា ប៉ុន្តែនៅតែរាយប៉ាយពាសពេញរង់ចាំរកកន្លែងផ្គុំ។

តួអង្គក្នុងរូបផ្គុំនេះគឺ Monkey D. Luffy ជាអ្នកដែលអាចប្រែស្ថានភាពមិនអំណោយផលទៅជាឱកាស ផ្លាស់ប្តូរអ្នកដែលធ្លាប់ប្រឆាំងទៅជាសម្ព័ន្ធមិត្ត។ រឿងនិយាយពីដំណើររបស់ចោរសមុទ្រស្វែងរកបំណងប្រាថ្នា និងទ្រព្យ​សម្បត្តិ​បានផ្តល់អោយខ្ញុំនូវភាពក្លាហាន។

កាលខ្ញុំទើបតែមកដល់សហរដ្ឋអាមេរិកដំបូង ប្រទេសនេះសម្រាប់ខ្ញុំប្លែកគ្រប់យ៉ាង។ ខ្ញុំមិនយល់ភាសាអង់គ្លេស មិន​​អាច​និយាយ មិនអាចសរសេរ ហើយត្រូវប្រើភាសាកាយវិការដើម្បីជំនួស។ នៅពេលនោះខ្ញុំទទួលបានការជម្រុញ​ពី Manga One Piece ជាមួយនឹង SBS (សំណួរចម្លើយ Mangaka) របស់អ្នកនិពន្ធ Eiichiro Oda ។

ចំពេលគ្មានដំណោះស្រាយក្នុងការរៀបចំណែកផ្គុំ និងគំនិតជាច្រើន ខ្ញុំដេកលក់ដោយមិនដឹងខ្លួន។ ឥឡូវនេះខ្ញុំក៏អាចបញ្ចប់ល្បែងផ្គុំរូប។ ពិតជាអស្ចារ្យណាស់ពេលឃើញរូបផ្គុំ Luffy ពេញលេញជាមួយនឹងដាវរបស់តួអង្គ។ ការរចនា​តួអង្គ Zoro និង Nami ក៏មានភាពស្ងប់ស្ងាត់ និងអានុភាពខ្លាំងផងដែរ។ 

ខ្ញុំចាំបានពាក្យចុងក្រោយរបស់ស្តេចចោរ Gold D Roger និយាយមុនពេលត្រូវសម្លាប់៖ “រកកំណប់ឬ យើងបានទុក​​អ្វីៗ​​ទាំងអស់នៅលើពិភពលោកនេះ ទៅរកចុះ” ។

តើកំណប់ដែលខ្ញុំ និងអ្នកបន្សល់ទុកជាអ្វី? អត្ថន័យនៃជីវិតដ៏ស្មុគស្មាញនេះ ប្រហែលជាខ្ញុំយល់ហើយ។ អ្នកនិពន្ធ Eiichiro Oda បានប្រាប់ខ្ញុំថា៖

សង្ឃឹមលើអ្វីដែលកំពុងរង់ចាំយើងនាពេលអនាគតក្នុងពិភពលោកដែលយើងកំពុងរស់នៅ។

Follow Rina Hoshino ដើម្បីតាមដានគម្រោងបន្ទាប់របស់នាង។

Twitter: @rinahoshino

Instagram: @officialrinahoshino

Facebook: @officialrinahoshino

Rina Hoshino

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: