ហេតុអ្វីបានជាប្រជាជនជប៉ុនចូលចិត្តនិទានរឿងខ្មោចនារដូវក្តៅ?
ក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ឌប្រជាជនខ្មែរតែងតែទៅវត្តដើម្បីឧទ្ទិសចំពោះញាតិសន្តានទាំងអស់ដែលបានស្លាប់ទៅ ហើយគេប្រារព្ធធ្វើឡើងក្នុងខែកញ្ញា។ ចំពោះប្រទេសជប៉ុនមានទម្លាប់និទានរឿងខ្មោចនៅរដូវក្តៅ។ ហេតុអ្វី?
រូបភាព https://dot.asahi.com/tenkijp/suppl/2016081700196.html
នៅរដូវក្តៅ – ជារដូវដែលព្រលឹងវិញ្ញាណត្រឡប់មកវិញ
នៅជប៉ុនរដូវក្តៅជារដូវកាល Kaidan(怪談) – រឿងនិទានខ្មោច។ ក្នុងរដូវនេះគេនិយមចាក់បញ្ចាំងខ្សែភាពយន្តភ័យរន្ធត់ជាច្រើន។ នៅលើទស្សនាវដ្តី ទូរទស្សន៍តែងចេញផ្សាយព័ត៌មានអំពីបាតុភូតខាងព្រលឹងវិញ្ញាណ។ មនុស្សជាច្រើនជឿថាគោលបំណងចង់អោយយើងមានអារម្មណ៍ខ្លាច។ តើសេចក្តីពន្យល់បែបនេះពិតជាត្រឹមត្រូវដែរទេ?
អ្នកជំនាញខាងចិត្តវិទ្យាម្នាក់មានឈ្មោះ Shinobu Orikuchi(折口信夫, ១៨៨៧ – ១៩៥៣) និយាយថាសង្គមជប៉ុនចាត់ទុករដូវក្តៅជារដូវនិទានរឿងខ្មោច ដែលចាប់ផ្តើមពីការសម្តែង Kabuki នៅរដូវក្តៅ។ ឧទាហរណ៍ដូចជា “Tokaido Yotsuya Kaidan”(東海道四谷怪談) ការសម្តែងនិយាយអំពីការសងសឹករបស់ខ្មោចស្រីត្រូវសម្លាប់ដោយ អយុត្តិធម៌។
រូបភាព https://cocopachi.com/kiji/1368/
លោក Orikuchi រៀបរាប់បន្ថែមថាការសម្តែង Kabuki និយាយអំពីរឿងមិនធម្មតាដែលចេញមកពីសិល្បៈ “bon-kyogen”(盆狂言) ឬរឿងល្ខោនរដូវក្តៅតាំងពីសម័យបុរាណ។
ជនជាតិជប៉ុនអបអរពិធីបុណ្យធំៗពីរតាមរដូវកាលគឺ Oshogatsu(お正月)- ការអបអរសាទរឆ្នាំថ្មីនៅនិទាឃរដូវ និងពិធីបុណ្យ O-bon ឬ bon (お盆) នៅពាក់កណ្តាលរដូវក្តៅ។ ក្នុងអំឡុងពេលពិធីបុណ្យ Obon ព្រលឹងនៃអ្នកស្លាប់អាចវិលត្រឡប់មកផែនដីវិញក្នុងរយៈពេលជាក់លាក់ណាមួយ។ ហើយព្រលឹងដែលត្រូវអនុញ្ញាតអោយវិលត្រឡប់ទៅផែនដីរួមមាន Muenbotoke(無縁仏) ឬវិញ្ញាណដែលស្លាប់ដោយគ្មានសាច់ញាតិមកមើលផ្នូរ ផ្សែងធូប និង Onryo(怨霊) – ព្រលឹងខ្មោចចងកម្មមិនអាចទៅចាប់ជាតិព្រោះតែកំហឹង។
ក្នុងបរិបទនោះការសម្តែង Bon-kyogen គោលបំណងឧទិ្ទសជូនចំពោះព្រលឹងខ្មោចដែលមិនព្រមចាកចេញ។
នៅរដូវក្តៅជប៉ុនតែងផ្សារភ្ជាប់នឹងពិធីបុណ្យ Obon ហើយប្រជាជនជប៉ុនក៏មានទម្លាប់និទានរឿងខ្មោចផងដែរ។
Sacchan