នារីជនជាតិជប៉ុនបង្កើតកំណត់ត្រាពិភពលោកហ្គីនណេសជាមួយនឹងរូបគំរូអាហារជាច្រើន
នារីជនជាតិជប៉ុនម្នាក់ជាប់កំណត់ត្រាហ្គីនណេសពិភពលោកព្រោះតែរូបគំរូអាហារជាច្រើន។
នាងមានឈ្មោះថា Akiko Obata ផ្តើមចាប់អារម្មណ៍រូបគំរូអាហារតាំងពីក្មេងមកម្ល៉េះ។ កាលពី ១០ ឆ្នាំមុននាងរស់នៅក្នុងតំបន់ក្បែរអាកាសយានដ្ឋាន Narita ខេត្ត Chiba ហើយក៏សម្រេចប្រមូលទុករូបគំរូអាហារគ្រប់ប្រភេទ។ បច្ចុប្បន្ន Akiko Obata បានរក្សារូបគំរូអាហារជាង ៨០០០ គំរូមកហើយ គាត់ស្រលាញ់ចូលចិត្តរូបគំរូអាហារពេលឃើញបងស្រីយកមកពីភោជនីយដ្ឋានដែលបងគាត់ធ្វើការ។
រូបភាព https://www.odditycentral.com/
ការធ្វើរូបគំរូអាហារត្រូវគេចាត់ទុកជាទម្រង់សិល្បៈមួយប្រភេទដែលធ្វើដោយដៃ ល្អិតល្អន់ និងមានតាំងពីយូរណាស់មកហើយ។ សិល្បៈពិសេសនេះមានឈ្មោះថា “Sampuru” ការដាក់បង្ហាញរូបម្ហូបក្លែងក្លាយដែលភោជនីយដ្ឋានភាគច្រើនប្រើដើម្បីណែនាំអំពីម្ហូបអាហាររបស់ពួកគេ។ ផលិតផលនេះមានតម្លៃថ្លៃជាងសៀវភៅមឺនុយទូទៅ ព្រោះវាផ្តល់ជូនអតិថិជននូវអ្វីដែលពួកគេពេញចិត្ត និងជាផ្នែកសំខាន់មួយនៃវប្បធម៌ធ្វើម្ហូបប្រពៃណីនៅជប៉ុនផងដែរ។
ក្រុមហ៊ុនផលិត “Sampuru” ជាច្រើនចូលប្រកួតប្រជែងនៅលើទីផ្សារដើម្បីធានាថាផលិតផលរបស់ពួកគេមានលក្ខណៈដូចអាហារពិតបំផុតតាមដែលអាចធ្វើទៅបាន។ រូបគំរូអាហារកាន់តែមានប្រជាប្រិយភាពនៅប្រទេសជប៉ុននាំអោយមនុស្សមួយចំនួនចាប់ផ្តើមប្រមូលទិញទុក។
ក្នុងចំណោមនោះ Akiko Obata ជាអ្នកប្រមូលរូបគំរូអាហារច្រើនជាងគេលើពិភពលោក នាងចូលចិត្តសិល្បៈ Sampuru អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ Akiko Obata ប្រមូលរូបគំរូអាហារគ្រប់ប្រភេទដូចជាសាច់ ភីហ្សា មីស្ប៉ាហ្គាទី រហូតដល់ស៊ូស៊ីផងដែរ។
Akiko Obata បានចែករំលែកជាមួយ Design Made in Japan ថា៖ “ផលិតផលទាំងនេះមិនមែនជាអាហារពិតប៉ុន្តែខ្ញុំគោរពការលះបង់របស់សិប្បករដែលធ្វើរូបនីមួយៗណាស់” ។
រូបភាព https://www.odditycentral.com/
នៅគេហដ្ឋានរបស់ Akiko Obata មានបន្ទប់ដាក់តាំងរូបគំរូអាហារដែលទទួលបានកំណត់ត្រាហ្គីនណេសរបស់នាង។ នៅពេលបង្កើតកំណត់ត្រាហ្គីនណេសអ្នកតំណាងរបស់អង្គការត្រូវចំណាយពេលមួយថ្ងៃដើម្បីមើលរូបគំរូអាហារទាំងអស់មានចំនួន ៨០៨៣ គំរូប។ ពិតជាច្រើនណាស់!!!
AD