ការតំឡើងម៉ាសុីនលក់ស្វ័យប្រវត្តិផ្តល់ទឹកជូនសិស្សានុសិស្សដោយឥតគិតថ្លៃក្នុងខេត្ត Ibaraki
ថ្មីៗនេះម៉ាសុីនលក់ស្វ័យប្រវត្តិត្រូវបានគេតំឡើងនៅសាលាបឋមសិក្សា និងវិទ្យាល័យក្នុងទីក្រុង Tsukubamirai ។
នារដូវក្តៅឆ្នាំនេះជប៉ុនប្រទះឃើញករណីចាញ់ថ្ងៃកើនឡើងដែលបណ្តាលអោយមនុស្សស្លាប់អាចនឹងច្រើនជាងជំងឺកូវីដ-១៩ ទៅទៀត។
នៅក្នុងទីក្រុង Tsukubamirai ខេត្ត Ibaraki ដើម្បីកាត់បន្ថយករណីចាញ់ថ្ងៃ និងបង្ការការឆ្លងជំងឺកូវីដ-១៩ នៅតាមសាលាបឋមសិក្សា និងវិទ្យាល័យសម្រេចតំឡើងម៉ាស៊ីនលក់ស្វ័យប្រវត្តិផ្តល់ទឹកត្រជាក់ដោយឥតគិតថ្លៃដល់សិស្ស។
រូបភាព https://mainichi.jp/english/articles/20200826/p2a/00m/0na/030000c
***ប្រសិនបើអ្នកឃើញនរណាម្នាក់មានអាការៈចាញ់ថ្ងៃ សីតុណ្ហាភាពរាងកាយកើនឡើងជាង ៤០ អង្សា សូមមេត្តាបញ្ជូនគេទៅកន្លែងត្រជាក់ ប្រើកន្សែងត្រជាក់ជូត បន្ទាប់មកហៅទូរស័ព្ទទៅកាន់សេវាសង្គ្រោះបន្ទាន់ក្នុងតំបន់។
នៅទីក្រុង Tsukubamirai ក្នុងខេត្ត Ibaraki សាលារៀននីមួយៗទទួលបានម៉ាសុីនលក់ពីមួយទៅបីគ្រឿងអាស្រ័យលើចំនួនសិស្សរបស់សាលា។ ត្រឹមតែចុចប៊ូតុងសិស្សអាចទទួលបានទឹកត្រជាក់មួយដបដោយឥតគិតថ្លៃដើម្បីយកទៅផ្ទះ។
ការតំឡើងម៉ាសុីនលក់ស្វ័យប្រវត្តិក៏ជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។ នៅជប៉ុនតាមសាលានានាសិស្សានុសិស្សយកដបទឹកតាមរួចយកទឹកពីប្រព័ន្ធទឹកក្នុងសាលា។ ទោះយ៉ាងណាក៏ប្រព័ន្ធនេះប្រឈមនឹងហានិភ័យខ្ពស់នៃការចម្លងជំងឺ។
រូបភាព Pakutaso
ចំពោះម៉ាសុីនលក់ស្វ័យប្រវត្តិងាយស្រួលក្នុងការចែកចាយទឹកដល់សិស្ស ហើយក៏ស្រួលក្នុងការកម្ចាត់មេរោគផងដែរ។
ម៉ាសុីនលក់ទាំងនេះនឹងតំឡើងតាមសាលាចំនួន ១៤ កន្លែងនៅចុងខែកញ្ញា។ សង្ឃឹមថាពួកគេអាចផ្តល់ទឹកគ្រប់គ្រាន់ដល់សិស្សទាំងអស់គ្នាដើម្បីកាត់បន្ថយករណីចាញ់ថ្ងៃ។
Sacchan