ជប៉ុនច្នៃគំរបលូបញ្ចេញពន្លឺពេលយប់គោលបំណងជួយកាត់បន្ថយឧក្រិដ្ឋកម្ម
នៅប្រទេសជប៉ុនគំរបលូទីក្រុង Tokorozawa ខាងជើងតូក្យូត្រូវបានគេបន្ថែមរូបតួអង្គគំនូរជីវចល Anime ហើយវាក៏អាចបញ្ចេញពន្លឺពេលយប់ផងដែរ។ ការច្នៃប្រឌិតនេះទទួលបានការសរសើរជាច្រើនពីមន្រ្តីមូលដ្ឋានក៏ដូចជាប្រជាជន។
ការរចនារូបគំនូរជីវចលត្រូវបានគេធ្វើពី Neon Genesis Evangelion និង Gundam គោលបំណងផ្សព្វផ្សាយកន្លែងកំសាន្តផ្តោតលើវប្បធម៌ថ្មីរបស់ជប៉ុនដែលគ្រោងនឹងបើកនៅក្នុងខែវិច្ឆិកា។
អ្នកស្រុកម្នាក់ឈ្មោះ Kotaro Kodaira អាយុ ២២ ឆ្នាំបាននិយាយថា “ផ្លូវត្រឡប់ទៅផ្ទះប្រែជាទាក់ទាញគួរអោយចាប់អារម្មណ៍។ ខ្ញុំអាចដើរបណ្តើរក្រឡេកមើលជុំវិញផងដូច្នេះផ្លូវដើរទៅផ្ទះហាក់ដូចជាជិតជាងមុន” ។
ទីក្រុង Tokorozawa បានកែលម្អគំរបលូបន្ថែមចំនួន ២៧ ដោយតំឡើងអំពូលភ្លើង LED ប្រើថាមពលពន្លឺព្រះអាទិត្យ។ ការច្នៃប្រឌិតទាំងនេះត្រូវបានតំឡើងលើចិញ្ចើមផ្លូវរវាងស្ថានីយ៍រថភ្លើងក្រោមដី និងអាគារវប្បធម៌ថ្មីដែលសាងសង់នៅទីក្រុង Tokorozawa ។
មន្ត្រីក្រុងសង្ឃឹមថាការតំឡើងគំរបលូបញ្ចេញពន្លឺពេលយប់នៅចន្លោះម៉ោង ៥ ល្ងាចដល់ម៉ោង ២ ទៀបភ្លឺអាចជួយកាត់បន្ថយបទឧក្រិដ្ឋនៅពេលយប់។
បុរសម្នាក់ឈ្មោះ Kaoru Morita និយាយថា “ខ្ញុំមិនដែលឃើញកន្លែងណាមានគំរបលូបញ្ចេញពន្លឺពេលយប់នោះទេ។ ខ្ញុំពិតជាចង់មើលឃើញដោយផ្ទាល់ភ្នែកណាស់! វាមានភាពរស់រវើកជាងអ្វីដែលខ្ញុំនឹកស្មាន។ ព្រោះតែពន្លឺនៃគំរបលូខ្ញុំអាចមើលឃើញវាពីចម្ងាយ” ។