ថ្មីៗនេះផ្ទះសំណាក់ជប៉ុនទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះតែសេវាកម្មស្នាក់នៅជាមួយឆ្មា
ពាក្យ Ryokan សំដៅលើផ្ទះសំណាក់ប្រពៃណីបែបជប៉ុន ភាគច្រើនការរចនាបន្ទប់តាមបែបបុរាណគ្មានគ្រែគ្រាន់តែក្រាលកន្ទេល Tatami ប៉ុណ្ណោះ។ ភាគច្រើនផ្ទះសំណាក់ស្ថិតនៅជិតតំបន់ជ្រោះទឹកក្តៅមានសេវាកម្មត្រាំ Onsen ។
ថ្មីៗនេះផ្ទះសំណាក់បែបជប៉ុន (Ryokan) ទទួលការយកចិត្តទុកដាក់ខ្លាំងមិនមែនដោយសារទេសភាពទាក់ទាញឬសេវាកម្មត្រាំទឹកក្តៅ ប៉ុន្តែព្រោះតែឆ្មាដ៏គួរអោយស្រលាញ់ទៅវិញ។
ផ្ទះសំណាក់បែបជប៉ុន (Ryokan) នេះមានឈ្មោះថា “My Cat Yugawara” ទីតាំងស្ថិតនៅទីប្រជុំជន Onsen Yugawara ខេត្ត Kangawa ។ ក្នុងនោះមានកញ្ចប់សេវាកម្មអនុញ្ញាតអោយភ្ញៀវនៅជាមួយឆ្មាគួរឱ្យស្រឡាញ់។
ប្រជាជនជប៉ុនជាច្រើនចូលចិត្តឆ្មា ប៉ុន្តែដោយសារតែលក្ខខណ្ឌពួកគេមិនអាចចិញ្ចឹមសត្វឬមិនអាចយកតាម។ សេវាកម្មក្នុងផ្ទះសំណាក់អនុញ្ញាតអោយភ្ញៀវអាចនៅក្បែរឆ្មាដែលគួរឱ្យស្រឡាញ់ក្នុងអំឡុងពេលស្នាក់នៅផ្ទះសំណាក់។
ម្ចាស់ផ្ទះសំណាក់ Ochi បាននិយាយថា “បុគ្គលិកផ្ទះសំណាក់ដឹងច្បាស់ពីចរិកលក្ខណៈរបស់ឆ្មានីមួយៗព្រោះពួកគេ និងឆ្មាជិតស្និទ្ធណាស់” ។ ម្ចាស់ផ្ទះសំណាក់និយាយបន្ថែមទៀតថាឆ្មាពិតជាឆ្លាត រួសរាយរាក់ទាក់ និងចេះស្តាប់បង្គាប់។ សេវាកម្មនេះបើកមិនមែនរកប្រាក់ចំណេញទេ ប្រាក់ចំណូលភាគច្រើនប្រើលើការទិញចំណី និងដើម្បីធានាសុខភាពរាងកាយរបស់ឆ្មា។
ភ្ញៀវដែលប្រើកញ្ចប់សេវាកម្មនេះអាចនៅបន្ទប់ជាមួយឆ្មាមួយក្បាល។ បុគ្គលិកនាំយកឆ្មាមកនៅម៉ោង ៥ៈ៣០ ល្ងាចហើយស្នាក់នៅរហូតដល់ម៉ោង ៩ ព្រឹកថ្ងៃបន្ទាប់។ ក្នុងអំឡុងពេលនោះភ្ញៀវត្រូវថែទាំឆ្មារបស់ខ្លួន។
ដំបូងភ្ញៀវត្រូវចំណាយពេលយ៉ាងហោចណាស់ប៉ុន្មានម៉ោងនៅហាងកាហ្វេ My Cat Yugawara ដើម្បីបុគ្គលិកជួយអោយអ្នក និងឆ្មាស្គាល់គ្នា ហើយប្រាកដថាឆ្មាមានអារម្មណ៍ល្អពេលនៅជាមួយភ្ញៀវ។
សេវាកម្មនេះមិនត្រឹមតែផ្តល់ភាពរីករាយប៉ុណ្ណោះទេ ថែមទាំងតម្រូវអោយភ្ញៀវទទួលខុសត្រូវក្នុងការថែតាំសត្វ។ ពួកគេត្រូវសម្អាតប្រអប់លាមកឆ្មាដោយខ្លួនឯង (ឧបករណ៍ផ្តល់ជូនដោយផ្ទះសំណាក់) ។
ភ្ញៀវដែលប្រើសេវាកម្មនេះមិនត្រឹមតែសម្រាប់ការកំសាន្តប៉ុណ្ណោះទេ ថែមទាំងអាចជាការសាកល្បងសម្រាប់អ្នកដែលចង់ទទួលចិញ្ចឹមឆ្មា ប៉ុន្តែមិនដឹងថាខ្លួនមានភាពអត់ធ្មត់ និងទំនួលខុសត្រូវចំពោះសត្វឬអត់។ អ្នកអាចសាកល្បងសេវាកម្មនេះដើម្បីកំណត់ថាតើខ្លួនថែទាំសត្វចិញ្ចឹមបានទេ។
កញ្ចប់សេវាកម្មមានតម្លៃ ២២០០ យ៉េន (ប្រហែល ២០ ដុល្លារ) សម្រាប់ឆ្មាមួយក្បាលមិនទាន់រាប់បញ្ចូលថ្លៃបន្ទប់។
រូបភាព https://twitter.com/mycatyugawara/
Sacchan