ឆ្នាំងបាយថ្មីរបស់ជប៉ុនមានមុខងារកាត់បន្ថយជាតិស្ករល្អចំពោះសុខភាព
ថ្មីៗនេះជប៉ុនបានដាក់បង្ហាញចង្រានបាយដែលមានសមត្ថភាពកាត់បន្ថយជាតិស្កររហូតដល់ ២៥% ។ ផលិតផលបើកលក់នៅថ្ងៃទី ៧ ខែសីហាដែលគេហៅថា “ឆ្នាំងដាំបាយជំនួយសុខភាព” ប្រាកដជាធ្វើអោយបងប្អូនស្រ្តីចូលចិត្ត។
ចង្រានបាយផលិតដោយក្រុមហ៊ុន Iris Ohyama ឆ្នាំងមានមុខងារចម្អិនចំនួនពីរក្នុងការកាត់បន្ថយជាតិស្ករ។ របៀបទី ១ កាត់បន្ថយជាតិស្ករ ១០% សម្រាប់អ្នកដែលមិនចង់បាត់បង់រសជាតិ និងរបៀបទី ២ កាត់បន្ថយជាតិស្ករ ២០% សាកសមសម្រាប់អ្នកដែលទទួលទានអាហារមានជាតិស្ករតិច។
តាមពិតមុខងារកាត់បន្ថយជាតិស្ករ ១០% អាចកាត់បន្ថយរហូតដល់ទៅ ១៨,៥% ចំណែកមុខងារកាត់បន្ថយជាតិស្ករ ២០% អាចកាត់បន្ថយចំនួន ២៥%។
ការកាត់បន្ថយជាតិស្ករក៏មានន័យថាកាត់បន្ថយជាតិកាបូអុីដ្រាតដែរ ដូច្នេះចង្រានបាយនេះសាកសមសម្រាប់ស្រ្តីដែលចង់សម្រកទម្ងន់ ប៉ុន្តែខ្លាចអាហារគ្មានសារធាតុម្សៅប៉ះពាល់ការរំលាយអាហារ។
ក្រុមហ៊ុនបានពន្យល់បន្ថែមទៀតថាការទទួលទានបាយ ១៥០ ក្រាមក្នុងមួយថ្ងៃអាចកាត់បន្ថយជាតិស្ករបាន ២៧៣ ស្លាបព្រាក្នុងមួយឆ្នាំ។
លើសពីនេះឆ្នាំងដាំបាយក៏ផ្តល់នូវរបបអាហារបំប៉នចំនួន ៩ មុខ ដែលបង្ហាញពីម្ហូប ៩ មុខចម្អិនដោយប្រើអង្ករល្អចំពោះសុខភាព។
ប្រភេទអង្ករដែលគេនិយមចម្អិនមានដូចជាអង្ករសំរូប អង្ករស្រូវសាលី អង្ករ “mochi mugi” ដែលសម្បូរទៅដោយសារធាតុសែលុយឡូត អ្នកអាចចម្អិន Okowa អង្ករលាយជាមួយសាច់ និងបន្លែ។
ឆ្នាំងនេះលក់ក្នុងតម្លៃ ១៦,៨០០ យ៉េនមិនទាន់គិតពន្ធប្រហែល ១៦០ ដុល្លា។
ប្រភព https://www.irisohyama.co.jp/news/2020/?date=0730