សម្រែកសុំអោយគេជួយរបស់បុរសម្នាក់រហូតដល់ស្លាប់គ្មាននរណាដឹង

មានរឿងរ៉ាវដែលគួរអោយរន្ធត់ជាច្រើនធ្វើអោយមនុស្សសង្ស័យពីវត្តមានរបស់ខ្មោចព្រាយបិសាច។ ថ្ងៃនេះខ្ញុំនឹងនិយាយ​ពី​រឿងដែលត្រូវគេចាត់ទុកថាជារឿងពិត។

យុវជនម្នាក់ឈ្មោះ Kisaku រស់នៅក្នុងតំបន់ខេត្ត Oita  បុរសរូបនេះដើររើសផ្សិតតាមតំបន់ភ្នំគ្រោះថ្នាក់ដើម្បីចិញ្ចឹម​ជីវិត។ ដោយសារគាត់ជាអ្នករស់នៅតំបន់ភ្នំ ហេតុ​នេះពេលចេញក្រៅ Kisaku តែងយកខ្សែការពារសុវត្ថិភាពតាម។

មានម្តងគាត់ជាប់ក្រោមច្រាំងថ្មចោទ ហើយមិនអាចឡើងដោយខ្លួនឯងបាន។ គាត់ស្រែករកជំនួយ “មាននរណាទេ សូមជួយខ្ញុំផង” ។ សម្លេងនោះលាន់ទៅដល់អ្នកស្រុកដែលរស់ក្រោមជើងភ្នំ។

រូបភាព https://mag.japaaan.com/archives/124769

សម្លេងស្រែកអោយជួយលាន់ទៅដល់ត្រចៀកអ្នកភូមិប្រែជាចម្លែកខុសធម្មតា។

ប្រជាជនក្នុងភូមិនិយាយថា៖

“មានសម្លេងប្លែកចេញពីលើភ្នំ នោះប្រហែលជាសម្លេងរបស់បិសាចយើងមិនគួរទៅជិតទេអាចនឹងបាត់បង់ជីវិត” ។

ទោះបីនោះជាសម្លេងស្រែកអោយជួយរបស់ Kisaku ក៏គ្មាននរណាម្នាក់បង្ហាញខ្លួនមកជួយដែរ។ ក្រោយរយៈពេលប៉ុន្មាន​ថ្ងៃ​នឿយ​ហត់ព្រោះ​ស្រែកអោយគេជួយ ទាំងឃ្លាន និងត្រជាក់បុរសនោះចាប់ផ្តើមភ័យស្លន់ស្លោបន្តិចម្តងៗ។ គាត់ធ្លាប់គិតថា ប្រឡេងដៃអោយធ្លាក់ពីលើជ្រោះ​តែ​ម្តង។

បន្ទាប់ពីមិនលឺសម្លេងចម្លែកលើភ្នំទៀត អ្នកភូមិមានអារម្មណ៍សុវត្ថិភាពជាងមុន។ ពេលពួកគេដើរទៅក្បែរភ្នំប្រ​ទះ​​ឃើញ​សាក​សព​របស់ Kisaku​ ក្រោមជ្រលងភ្នំ។ គាត់បានប្រឡេងដៃធ្លាក់ស្លាប់។ ចាប់តាំងពីពេលនោះមកច្រាំង​ថ្ម​នេះ​ត្រូវ​បាន​គេដាក់ឈ្មោះថា “Kisaku Otoshi” (Kisaku ធ្លាក់ចុះ) ហើយក៏ក្លាយជាមេរៀនសុវត្ថិភាពសម្រាប់​ប្រជា​ជន​ដែលរស់នៅតំបន់ភ្នំ។

នៅពេលឡើងភ្នំយើងត្រូវអនុវត្តតាមគោលការណ៍ទាំង ៤ ខាងក្រោម៖

១. កុំចូលរូងភ្នំម្នាក់ឯង

ប្រសិនបើជាករណីចាំបាច់ត្រូវប្រាកដថាមាននរណាម្នាក់ដឹងអំពីសកម្មភាពរបស់អ្នក និងពេលណាដែលត្រូវចាកចេញ។

២. ត្រូវយកខ្សែការពារសុវត្ថិភាពតាម

បើមានគ្រោះថ្នាក់កើតឡើងសូមត្រៀមមធ្យោបាយរក្សាជីវិតរបស់អ្នកខណៈពេលរង់ចាំការសង្គ្រោះមកដល់។

៣. រាប់អានអ្នកជិតខាង

ចំណុចនេះមិនត្រឹមតែល្អសម្រាប់ប្រជាជនដែលរស់នៅតំបន់ភ្នំប៉ុណ្ណោះទេ អាចប្រើបានគ្រប់កាលៈទេសៈ។ 

៤. បង្កើនកម្លាំងរាងកាយ និងកម្លាំងស៊ូទ្រាំ

ក្នុងករណីមានរឿងអាក្រក់កើតឡើងអ្នកនៅតែអាចចាំរហូតដល់ការសង្គ្រោះមកដល់។

ថ្វីត្បិតតែរឿងនេះមិនមែនជារឿងខ្មោចក៏ដោយ ប៉ុន្តែជាក់ស្តែងពិតជាគួរអោយខ្លាចណាស់។ តាមពិតភាពភ័យខ្លាច​មិន​មែនមកពីបិសាចឬកម្លាំងជំនឿអរូបីណាមួយទេ ប៉ុន្តែមកពីការគិតមមៃផ្ទាល់ខ្លួនរបស់អ្នកទៅលើរឿងនោះ។

សរុបមកត្រូវមានការប្រុងប្រយ័ត្នតាមដែលអាចធ្វើទៅបាន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: