សត្វអណ្តើកញីមានស្នែងដ៏កម្រមួយក្បាលនៅសួនសត្វ iZoo ប្រទេសជប៉ុន
សត្វអណ្តើកដ៏កម្រមួយក្បាលមានស្នែងតូចលើត្របកភ្នែកទាំងពីរត្រូវបានគេរកឃើញក្នុងខេត្ត Shizuoka កាលពីឆ្នាំមុន ហើយឥឡូវនេះវាត្រូវបានគេថែទាំក្នុងសួនសត្វ iZoo នៅ Shizuoka ប្រទេសជប៉ុន។ អ្នកគ្រប់គ្រងសួនសត្វនិយាយថាអណ្តើកនេះប្រហែលមានតែមួយគត់លើពិភពលោកប៉ុណ្ណោះ។
អ្នកគ្រប់គ្រងនៅសួនសត្វ iZoo ដែលជាកន្លែងជំនាញខាងចិញ្ចឹម និងថែទាំសត្វល្មូន និងថលជលិកសត្វនៅទីក្រុង Kawazu ខេត្ត Shizuoka ប្រទេសជប៉ុនបានអោយដឹងនេះជាសត្វអណ្តើកញីដែលជាពូជអណ្តើកស្រះចិនអាយុប្រហែល ១០ ឆ្នាំ ស្នូកអណ្តើកមានប្រវែង ១៦ សង់ទីម៉ែត្រ និងទម្ងន់ ៦៧០ ក្រាម។
រូបភាព https://www.japantimes.co.jp/
អ្នកគ្រប់គ្រងសួនសត្វរូបនេះក៏បាននិយាយបន្ថែមទៀតថា “នេះប្រហែលជាអណ្តើកតែមួយគត់នៅលើពិភពលោកដែលមានស្នែងលើត្របកភ្នែក” ។ សួនសត្វ iZoo បានប្រើកាំរស្មីអុិចដើម្បីពិនិត្យមើលស្នែងរបស់សត្វអណ្តើកលទ្ធផលបង្ហាញថាស្នែងមានប្រវែងប្រហែល ១ សង់ទីម៉ែត្រ ហើយវាចេញមកពីកោសិកាស្បែកងាប់។
បុរសម្នាក់ចាប់បានសត្វអណ្តើកនេះពេលគាត់កំពុងស្ទូចត្រីនៅបឹង Fuji កាលពីរដូវក្តៅឆ្នាំ ២០១៩ ។ បុរសនោះទុកអណ្តើកក្នុងផ្ទះមួយរយៈក្រោយមកបានប្រគល់វាទៅអោយសួនសត្វ iZoo ក្នុងខែកក្កដាឆ្នាំនេះដោយចង់អោយមនុស្សជាច្រើនមើលឃើញ។
រូបភាព https://www.japantimes.co.jp/news/2020/08/09/national/horned-turtle-zoo-shizuoka/
លោកនាយកសួនសត្វឈ្មោះ Tsuyoshi Shirawa និយាយពីចំណាប់អារម្មណ៍របស់ខ្លួននៅពេលដែលបុរសនោះផ្ញើរូបភាពអណ្តើកមានស្នែងមកអោយសួនសត្វ “ខ្ញុំស្ទើរតែមិនជឿលើភ្នែករបស់ខ្លួន ខ្ញុំគិតថាជារូបភាពកាត់ត” ។
បច្ចុប្បន្ននេះសួនសត្វបានបង្កាត់ពូជសត្វអណ្តើកមានស្នែងជាមួយអណ្តើកឈ្មោលស្រះចិនដើម្បីមើលថាតើកូនអណ្តើកមានស្នែងឬអត់។
តាមការរំពឹងរបស់សួនសត្វពងអណ្តើកនេះនឹងញាស់នៅនិទាឃរដូវឆ្នាំក្រោយ។