រន្ធត់ព្រោះឃើញស្រមោលសធ្វើចលនានៅតាមវាលស្រែជន​បទ​កណ្តាល​ថ្ងៃត្រង់

ក្នុងភាសាជប៉ុនឃ្លា くねくね (kunekune) បង្ហាញពីលក្ខណៈធ្វើចលនា នៅមិនស្ងៀម។ ពាក្យនេះភាគច្រើនសំដៅ​លើ​ផ្លូវ​​នៅ​​តំបន់​ជនបទជប៉ុន។

នៅក្នុងរឿងព្រេងនិទានមានសត្វមួយប្រភេទដែលគេហៅថា Kunekune ។ វាមានរូបរាងស្រដៀងនឹងមនុស្ស គេច្រើន​តែ​មើល​ឃើញ​ពេល​ថ្ងៃ​ត្រង់​ឬមេឃក្តៅខ្លាំងតាមវាលស្រែ។ ក្នុងករណីខ្លះអ្នកនេសាទប្រទះឃើញ Kunekune នៅឯនាយសមុទ្រ។ នៅជនបទសត្វនេះមានពណ៌ស ប៉ុន្តែនៅតំបន់ទីក្រុងវាប្រែទៅជាខ្មៅ។

រូបភាព https://www.pinterest.jp/pin/612489618054944961/

ពាក្យចចាមអារាមនិយាយថាប្រសិនបើអ្នកទៅជិតពេកវានឹងសម្លាប់អ្នក។

គេនិយាយថា Kunekune មានប្រភពមកពីរូបចំបើងតាមវាលស្រែ។ មូលហេតុគេមើលឃើញ Kunekune ពេលថ្ងៃត្រង់​ព្រោះ​កសិករ​មមើម​មាយដោយសារក្តៅពេក។

គ្រាមួយនៅរដូវក្តៅមានបងប្រុស និងប្អូនប្រុសបានទៅលេងផ្ទះជីដូនជីតារបស់ពួកគេនៅជនបទ។ នៅទីនោះមានវាលស្រែលាតសន្ធឹងដូចទេសភាពជនបទផ្សេងទៀតដែរ។ បន្ទាប់ពីបាយថ្ងៃត្រង់រួចបងប្អូនទាំង ២ នាក់ចេញ​ទៅ​លេង​នៅ​វាល​ស្រែ ប៉ុន្តែពេលរត់បានមួយសន្ទុះប្អូនប្រុសឈប់ងាកសម្លឹងមើលទៅវាលទំនេរ។ 

“Taka-chan តើប្អូនកំពុងមើលអ្វី?”

ប្អូនប្រុសស្ទាក់ស្ទើរមួយភ្លែតបន្ទាប់មកចង្អុលទៅវត្ថុដែលទាក់ទាញអារម្មណ៍របស់ខ្លួន។ វាជាអ្វីម្យ៉ាងដែលកំពុងធ្វើចលនា។

“”ប្រហែលជារូបចំបើងទេ”

“មិនមែនទេបើមនុស្សចំបើងហេតុអ្វីធ្វើចលនាបែបនេះ”

“ឬនរណាម្នាក់កំពុងហាលខោអាវ”

“ហាលកណ្តាលវាលស្រែឬ”

បងប្រុសយកកែវយឺតមកមើល។

រូបភាព https://www.wowgame.jp/news/news-read/11664.html

ទឹកមុខរបស់ក្មេងប្រុសកាន់តែតានតឹង ញើសចាប់ផ្តើមហូរពីកែវយឹតរហូតដល់រអិលចេញពីដៃធ្លាក់លើដី។ ក្រឡេក​មើលឃើញក្មេងប្រុសភ័យខ្លាចយ៉ាងខ្លាំង។

“មានរឿងអ្វី?”

ភ្លាមៗនោះបងប្រុសក៏ចាប់ផ្តើមក្រវីខ្លួនសើចយ៉ាងខ្លាំង។ ប្អូនប្រុសស្រែកភ័យស្លន់ស្លោដើម្បីទាក់ទាញមនុស្សអោយ​ជួយ។

នៅពេលជីតារត់មកភ័យស្លន់ស្លោពេលគាត់ឃើញកែវយឹត។

“តើបងប្រុសរបស់កូនបានធ្វើអ្វី?”
“គាត់ប្រើវាដើម្បីមើលវត្ថុនៅឆ្ងាយនោះ”

“ចៅៗមិនគួរធ្វើដូច្នោះទេ”

បន្ទាប់មកជីតាចងចៅប្រុសរួចនាំគាត់ឡើងឡាន។ ប្អូនប្រុសដែលអង្គុយក្បែរគាត់ឃើញយ៉ាងច្បាស់ថាបងខ្លួន​សើច​ផង​យំ​ផងដូចជាមនុស្សឆ្កួត។ ចំណែកកែវយឹតត្រូវលោកតាវាយបំបែក។

យើងមិនច្បាស់ថារឿងនេះទាក់ទងអ្វីនឹង Kunekune ដែរទេ ប៉ុន្តែពេលថ្ងៃក្តៅងាយនឹងស្រវាំងភ្នែក។ តើអ្នកធ្លាប់ដើរក្រោមកម្តៅថ្ងៃក្តៅដូចភ្លើងកំពុងឆេះពេលក្រឡេកមើលទៅឆ្ងាយផ្លូវមើលទៅដូចជាសើមទេ? នោះជាបាតុភូតដែលបណ្តាលអោយអ្នកថ្មើរជើងស្រវាំងភ្នែកដូចជាមើលឃើញទឹក។ ពន្លឺចេញពីវត្ថុឆ្ងាយដូចជាឡានឬម៉ូតូនឹងឆ្លុះបញ្ចាំងតាមរយៈស្រទាប់ខ្យល់បណ្តាលអោយចំណាំងផ្លាតខុសៗគ្នាលើផ្លូវ។ បាតុភូតនេះអាចបកស្រាយចំពោះការមើលឃើញ Kunekune ផងដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: