សិស្សស្រីប្រើម៉ាសុីនហ្គេមរាយការណ៍ប្រាប់ប៉ូលីសបុរសម្នាក់ចាប់ឃុំខ្លួន

សិស្សស្រីវិទ្យាល័យម្នាក់នៅខេត្ត Saitama ប្រើឧបករណ៍លេងហ្គេមរាយការណ៍ប្រាប់ប៉ូលីសបន្ទាប់ពីបុរសអាយុ ៤៤ ឆ្នាំ​ឃុំ​ខ្លួនក្នុងផ្ទះរបស់បុរសនោះនៅទីក្រុង Yokohama កាលពីថ្ងៃអង្គារទី ៥ ខែសីហាឆ្នាំ ២០២០ ។

ប្រហែលជាមួយខែមុនក្រុមគ្រួសារក្មេងស្រីបានរាយការណ៍ទៅប៉ូលីសអំពីការបាត់ខ្លួនរបស់នាង។ សិស្សស្រីម្នាក់នេះរស់នៅ Saitama ភាគខាងជើងទីក្រុងតូក្យូ។ យោងទៅតាមព័ត៌មានពី Mainichi Shimbun នាងទៅដល់តំបន់ Shinjuku ដើម្បីជួបមិត្តភក្តិតាមប្រព័ន្ធ​អុីនធឺណេត​ឈ្មោះ Goto Hiroyasu អាយុ ៤៤ ឆ្នាំ។ ពេលជួបគ្នាអ្នកទាំងពីរសម្រេចទៅផ្ទះរបស់ Goto នៅ Yokohama ភាគខាងត្បូងនៃទីក្រុងតូក្យូ។ ពេលទៅដល់បុរសនោះយកទូរស័ព្ទ និង​ឃុំ​ខ្លួន​ជន​រង​គ្រោះ។ នាងត្រូវគាត់ឃុំខ្លួននៅទីនោះប្រហែលមួយ​ខែ។

សំណាងទោះជាគ្មានទូរស័ព្ទក៏រូបនាងរកឃើញវិធីទំនាក់ទំនងទៅក្រៅដែរ។ នៅល្ងាចថ្ងៃទី ៥ សីហានាងប្រើម៉ាស៊ីនវីដេអូ​ហ្គេមភ្ជាប់​អុីនធឺណេត​ក្នុង​ផ្ទះរបស់ Goto ហើយទាក់ទងទៅផ្នែកជំនួយបន្ទាន់របស់ប៉ូលីសខេត្ត Saitama ។

ក្មេងស្រីផ្ញើសារថា “ខ្ញុំត្រូវគេឃុំឃាំងមិនអាចរត់ចេញទៅបាន” ។

តាមរយៈការផ្ញើសារប៉ូលីសអាចរកកន្លែងដែលក្មេងស្រីត្រូវគេឃុំឃាំង ហើយបញ្ជូនប៉ូលីសទៅផ្ទះរបស់ Goto ។ នៅ​ពេល​ទៅ​ដល់​ពួកគេមើលឃើញក្មេងស្រីត្រូវចងដោយខ្សែលួសដែកជាប់នឹងបំពង់ទឹក។

រូបភាព https://nintendosmash.com/

ជាសំណាងល្អសិស្សស្រីគ្រាន់តែរបកស្បែកប៉ុណ្ណោះ។ បុរសឈ្មោះ Goto ត្រូវបានចាប់ខ្លួន និងសារភាពសកម្មភាពរបស់​ខ្លួនដោយនិយាយថា “ខ្ញុំមិនមានការសោកស្តាយទេ” ។  បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ និងរកមូលហេតុ។

អ្នកជិតខាងរបស់ Goto ក្នុងបទសម្ភាសន៍បានពិពណ៌នាថា “គាត់ជាបុរសម្នាក់ដែលគួរអោយខ្លាច” ប៉ុន្តែអ្នកផ្សេង​បែរ​ជានិយាយថា Goto ស្ងប់ស្ងាត់មិននិយាយស្តី ហើយមិនដែលឃើញគាត់ដើរលេងជាមួយមិត្តភក្តិទេ។ បន្ទាប់​ពី​ករណីចាប់ឃុំខ្លួនអ្នកជិតខាងមិនបានលឺសំលេងអ្វីចេញពីផ្ទះរបស់ Goto ឡើយ។

នៅជប៉ុនបទឧក្រិដ្ឋកើតឡើងចំពោះអនីតិជនលើបណ្តាញសង្គមកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំ​ចុង​ក្រោយនេះ។ យោងតាមគេហទំព័រអប់រំកុមារ និងរបាយការណ៍ប៉ូលីសករណីទាំងនេះបានកើនឡើង ២៦,៨% ក្នុង​ចន្លោះ​ឆ្នាំ ២០១៤ ដល់ ២០១៩ ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: