វប្បធម៌បន្ទប់ទឹកសាធារណៈរបស់ជប៉ុនកំពុងតែបាត់បង់ និងផែនការស្តារឡើងវិញ
ស្រាបៀរសិប្បកម្ម តន្រ្តី និងផ្ទះសំណាក់ជាចំណុចទាំង ៣ ដែលលោក Takuya Shimbo លើកឡើងក្នុងគោលបំណងជួសជុលបន្ទប់ទឹករបស់គាត់នៅទីក្រុងតូក្យូ ដោយសង្ឃឹមថាអាចស្តារវប្បធម៌បន្ទាប់ទឹកសាធារណៈដែលកំពុងថមថយ។ ប៉ុន្តែជំងឺកូវីដ-១៩ កំពុងតែរារាំងការខិតខំរបស់គាត់។
បន្ទាប់ទឹកសាធារណៈ Daikoku-yu ក្នុងកំឡុងពេលមានជំងឺរាតត្បាតនៅទីក្រុងតូក្យូ
រូបភាព https://www.reuters.com/
ទន្ទឹមនឹងការលើកទឹកចិត្តអោយបិទអាជីវកម្មសាធារណៈមួយចំនួន រដ្ឋាភិបាលជប៉ុនមិនរាប់បញ្ចូលបន្ទាប់ទឹកសាធារណៈទេព្រោះនេះជាកន្លែងបន្ទាន់សម្រាប់តម្រូវការអនាម័យរបស់ជនជាតិជប៉ុន។ ទោះយ៉ាងណាជប៉ុនក៏ប្រកាសថាប្រជាជនត្រូវនៅផ្ទះដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩ ដែលបានបណ្តាលអោយជនជាតិជប៉ុនប្រមាណមួយពាន់នាក់ស្លាប់ទៅហើយ។
លោក Shimbo ដែលជាម្ចាស់បន្ទាប់ទឹកសាធារណៈ Daikoku-yu ជំនាន់ទី ៣ អាយុ ៤១ ឆ្នាំនៅភាគឦសានទីក្រុងតូក្យូបាននិយាយថា៖
“ខ្ញុំមិនបានកាត់បន្ថយថ្លៃចំណាយក្នុងការសម្អាត និងប្រាក់ខែបុគ្គលិកទេ ប៉ុន្តែចំនួនភ្ញៀវធ្លាក់ចុះយ៉ាងខ្លាំង” ។
ការរីករាលដាលនៃកូវីដ-១៩ បណ្តាលអោយចំនួនភ្ញៀវទេសចរណ៍ថយចុះ ៦០% រួមជាមួយនឹងថ្លៃដើមជួសជុលបន្ទប់ទឹកចាស់ៗដែលធ្វើអោយអាជីវកម្មរបស់គាត់ស្ថិតក្នុងស្ថានភាពអាក្រក់។
នៅប្រទេសជប៉ុនងូតទឹកក្នុងអាងទឹកក្តៅធម្មជាតិជាសកម្មភាពសម្រាកកំសាន្តដែលពេញនិយម តាមទម្លាប់ប្រពៃណីបន្ទប់ទឹកសាធារណៈឬគេហៅថា Sento សម្រាប់បម្រើដល់មនុស្សដែលមិនចូលចិត្តងូតទឹកនៅផ្ទះ។ បន្ទប់ទឹកត្រូវបានបែងចែកជាពីរកន្លែងដាច់ដោយឡែកពីគ្នាសម្រាប់បុរស និងស្ត្រី ភ្ញៀវត្រូវងូតទឹកលាងសម្អាតខ្លួនមុនពេលត្រាំក្នុងអាងទឹកក្តៅ។
ប្រជាជនជប៉ុនចាត់ទុក Sento ដូចជាកន្លែងបង្កើតទំនាក់ទំនងសង្គម ប៉ុន្តែបច្ចុប្បន្នភ្ញៀវត្រូវគេលើកទឹកចិត្តមិនអោយជជែកគ្នាដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ។
លោក Shimbo និយាយថា “ចំណុចលេចធ្លោនៃវប្បធម៌បន្ទប់ទឹកសាធារណៈគ្មានការបែងចែកឋានៈ មិនថាអ្នកជាមនុស្សចាស់ឬក្មេង ថ្នាក់លើឬថ្នាក់ក្រោមអ្នកទាំងអស់គ្នាសុទ្ធតែដូចគ្នា។ ប៉ុន្តែក្នុងស្ថានភាពនេះយើងត្រូវផ្លាស់ប្តូរដើម្បីរស់នៅ” ។
ភ្ញៀវប្រចាំម្នាក់របស់ Daikoku-yu ឈ្មោះ Kiyoshi Hiraoka អាយុ ៨៣ ឆ្នាំនិយាយថា៖ “បន្ទប់ទឹកទាំងនេះមានភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នា មនុស្សគ្រប់គ្នាមានភាពរួសរាយរាក់ទាក់ពេលចូលមកដល់ទីនេះ” ។
ចំនួនបន្ទប់ទឹកសាធារណៈនៅទូទាំងប្រទេសជប៉ុនក្នុងឆ្នាំ ១៩៦៨ កើនដល់ ១៨,០០០ កន្លែងប៉ុន្តែសព្វថ្ងៃនេះមានតែ ២០០០ កន្លែងប៉ុណ្ណោះ។ ការធ្លាក់ចុះបណ្តាលមកពីប្រជាជនងាកទៅងូតទឹកនៅផ្ទះ។ ក្រៅពីនេះទោះបីម្ចាស់បន្ទប់ទឹកសាធារណៈបំពាក់បន្ទប់សូណា អាងម៉ាស្សា បន្ទប់ខាងក្រៅក៏មិនអាចប្រកួតប្រជែងជាមួយស្ប៉ាសុខភាពបានឡើយ។
លោក Shimbo ជាម្ចាស់ជំនាន់ថ្មីម្នាក់ដែលព្យាយាមរក្សាប្រពៃណីជាមួយនឹងការច្នៃប្រឌិតថ្មីដូចជាការបញ្ចាំងខ្សែភាពយន្តក្នុងបន្ទប់ទឹក បំពាក់កន្លែងធ្វើការរួមគ្នានៅក្នុងបន្ទប់រង់ចាំ និងស្រាបៀរ។ លើសពីនេះទៅទៀតលោកក៏មានបំណងរៀបចំកម្មវិធីកំប្លែង បង្រៀន yoga តន្ត្រី និងធ្វើអោយបន្ទប់ទឹកសាធារណៈក្លាយជាកន្លែងដ៏ទាក់ទាញ។
មិនត្រឹមតែបន្ទប់ទឹកសាធារណៈរបស់លោក Shimbo ម្ចាស់ជំនាន់ទី ២ នៅកន្លែងមួយផ្សេងទៀតលោក Hisao Iwasaki គិតថាកន្លែងរបស់គាត់អាចដំណើរការបន្តព្រោះតុបតែងជញ្ជាំងដោយប្រើរូបភាពឆ្មាគួរអោយស្រឡាញ់។ ប៉ុន្តែភរិយារបស់គាត់ឈ្មោះ Eiko និយាយថាភ្ញៀវធ្លាក់ចុះពាក់កណ្តាលពេលដែលប្រទេសជប៉ុនប្រកាសអាសន្នដោយសារមេរោគកូវីដ-១៩ ។
លោក Hisao Iwasaki ជាម្ចាស់បន្ទាប់ទឹកសាធារណៈ Tomo no Yu
លោក Shimbo រំពឹងថាបន្ទប់ទឹកចំនួនពាក់កណ្តាលក្នុងចំណោមបន្ទាប់ទឹកសរុប ១៨ កន្លែងរបស់គាត់នឹងនៅតែបើកដំណើរការក្រោយរយៈពេល ៥ ឆ្នាំបន្ទាប់ ហើយគាត់ក៏មានបំណងចង់ជួសជុលកន្លែងផ្សេងនៅក្នុងតំបន់នេះផងដែរ។
ប៉ុន្តែផែនការជួសជុលបន្ទប់ទឹកចាស់ត្រូវពន្យារពេលដោយសារជំងឺកូវីដ-១៩ ចំនួនភ្ញៀវធ្លាក់ចុះខណៈដើមទុនអាជីវកម្មត្រូវចំណាយដដែល។ ទោះយ៉ាងណាលោក Shimbo នៅតែខិតខំប្រឹងប្រែងប្រមូលថវិកាដើម្បីបន្តផែនការរបស់គាត់ ហើយការប្រមូលមកវិញច្រើនជាងគោលដៅរបស់គាត់ទ្វេដង។
“ខ្ញុំមិនប្រាកដថាយើងនឹងទទួលបានជោគជ័យតាមរយៈរឿងនេះទេ ប៉ុន្តែអរគុណចំពោះការគាំទ្ររបស់អ្នករាល់គ្នាទើបខ្ញុំមានភាពក្លាហាន។ ទាំងនេះបង្ហាញថាប្រជាជនមិនចង់អោយវប្បធម៌បន្ទប់ទឹក Sento ត្រូវបាត់បង់ឡើយ” ។
ដើម្បីស្វែងយល់បន្ថែមអំពីផែនការរបស់លោក Shimto សូមមើលវីដេអូខាងក្រោម។
AD