ធុញទ្រាន់នឹងការរៀនសូត្រមែនទេ? មកក្រឡេកមើលវិធីរៀនផង លេងផងររបស់ជនជាតិជប៉ុនមាន ៣ ចំណុច
តើអ្នកធុញទ្រាន់ពេលដែលនរណាម្នាក់ប្រាប់ថាគួររៀនអ្វីម្យ៉ាងហើយមានអារម្មណ៍ថាខ្ជិលទេ? យើងច្រើនតែមានទំនោរចង់គេចវេះនឹងការរៀនសូត្រ នៅពេលនោះយើងតែងតែគិតពីមូលហេតុធ្វើជាលេស។
តើនរណាម្នាក់មិនចូលចិត្តលេង ចុះហេតុអ្វីយើងមិនបញ្ចូលគ្នារវាងការលេង និងរៀនដើម្បីកាត់បន្ថយសម្ពាធ។ ឥឡូវនេះខ្ញុំនឹងណែនាំអ្នកអំពីវិធីបញ្ចូលរវាងការលេង និងរៀនដែលគួរអោយចាប់អារម្មណ៍មួយចំនួនខាងក្រោម៖
១. មើលភាពយន្ត
ខ្សែភាពយន្តមានច្រើនប្រភេទដូចជារឿងមនោសញ្ចេតនា រឿងខ្មោច និងនយោបាយសង្គម -ល- យើងភាគច្រើននិយាយថាមើលរឿងគ្រាន់តែដើម្បីភាពសប្បាយរីករាយប៉ុណ្ណោះ ប៉ុន្តែប្រសិនបើអ្នកដឹងមិនថាខ្សែភាពយន្តបែបណាក៏អាចវិភាគបានដែរ។
ឧទាហរណ៍នៅពេលមើលខ្សែភាពយន្តអ្នកនឹងផ្តោតអារម្មណ៍ទៅលើរឿង តែរឿងខ្លះបែរជាគួរអោយធុញទ្រាន់។ ប៉ុន្តែកុំផ្តោតលើអារម្មណ៍ពេកយើងគួរតែវិភាគមូលហេតុនៅពីក្រោយនោះ។
សាកល្បងស្រមៃមើលថាបើអ្នកជាអ្នកដឹកនាំរឿងអ្នកនឹងកែប្រែចរិកលក្ខណៈតួអង្គយ៉ាងណាធ្វើអោយខ្សែភាពយន្តកាន់តែមានភាពទាក់ទាញឬគួរតែផ្លាស់ប្តូរការសម្តែងផ្សេង។ ប្រសិនបើអ្នកចាប់អារម្មណ៍នឹងបច្ចេកទេសថតភាពយន្តអ្នកអាចវិភាគទៅលើវិធីថត កន្លែងថត និងពណ៌ដែលគេប្រើក្នុងខ្សែភាពយន្ត។ ជាការពិតអ្នកមិនមែនជាអ្នកជំនាញក្នុងវិស័យនេះ ប៉ុន្តែប្រសិនបើអ្នកអនុវត្តការវិភាគ និងគិតពេលមើលរឿងអ្នកប្រាកដជាយល់អំពីចំណុចដែលគួរអោយចាប់អារម្មណ៍។
២. ពេលទៅ “ផឹក”
និយាយគ្នាពេលទៅសុីផឹកគ្មានន័យអ្វីទេ ប៉ុន្តែវាមិនប្រាកដថាដូច្នេះឡើយ។ មានគំនិតប្លែកៗ និងគួរអោយចាប់អារម្មណ៍ជាច្រើនកើតមានពេលយើងទៅផឹកជាមួយមិត្តភក្តិ។
ឧទាហរណ៍អ្នកនិយាយដើមហាងស្រានេះលក់ថ្លៃជាងកន្លែងផ្សេង ហេតុអ្វីបានជាម្ហូបនេះត្រូវញ៉ាំជាមួយគ្រឿងទេសនោះជាដើម គ្រាន់តែកុំនិយាយហួសហេតុ ប្រធានបទគ្រប់យ៉ាងសុទ្ធតែអាចក្លាយជាលំហាត់ខួរក្បាល។ ក្រៅពីនេះការជជែកវែកញែកជាមួយមិត្តភក្តិក៏ជាវិធីមួយក្នុងការរៀនវិភាគ និងទទួលយកគំនិតប្លែកៗផងដែរ ដូច្នេះយើងគួរតែចូលរួមការជួបជុំកុំនៅម្នាក់ឯង។
៣. ប្រើពេលវេលាធ្វើដំណើរដើម្បីសិក្សា
អ្នកមានអារម្មណ៍ថាពេលវេលាធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការឆ្ងាយគ្មានប្រយោជន៍។ ប្រសិនបើជិះរថភ្លើងឬតាក់សុីពេលវេលាភាគច្រើនអ្នកប្រើសម្រាប់ដេក។ ដូច្នេះពេលក្រោយកុំគេងអ្នកគួរតែក្រឡេកមើលជុំវិញហើយលើកជាសំណួរ។ ឧទាហរណ៍ពេលខ្ញុំធ្វើដំណើរតាមផ្លូវខ្ញុំតែងឆ្លៀតរៀនគណិតវិទ្យា។ ខ្ញុំក្រឡេកមើលស្លាកលេខនៅខាងមុខមួយណាជាចំនួនបឋម។ នេះជាវិធីសាស្រ្តរៀនផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយប្រសិនបើអ្នកចូលចិត្តគណិតវិទ្យាអ្នកនឹងយល់ថាវិធីសាស្ត្រនេះគួរអោយចាប់អារម្មណ៍។
និយាយអោយខ្លីការសិក្សាគឺជាបញ្ហានៃស្មារតី។ ប្រសិនបើអ្នកពិតជាចង់រៀនមិនចាំបាច់អង្គុយលើតុរួចបើកសៀវភៅទើបរៀនបាននោះទេ។ នៅក្នុងពិភពលោកនេះមានអ្វីៗជាច្រើនដែលត្រូវរៀន គ្រាន់តែមើលរឿងអ្នកអាចរៀនធ្វើជាអ្នកដឹកនាំម្នាក់ ការដើរលេងផឹកស៊ីជាមួយមិត្តភក្តិអ្នកអាចបង្កើតគំនិតបើកភោជនីយដ្ឋានផ្ទាល់ខ្លួន។ ចំណេះដឹងមិនត្រឹមតែពង្រីកសមត្ថភាពគិតរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងជួយអោយអ្នករីកចម្រើននៅក្នុងការងារ និងផ្លាស់ប្តូរជីវិតរបស់អ្នកទៀតផង។
តើអ្នកធ្លាប់ធុញទ្រាន់នឹងស្តាប់ពាក្យថា “រៀន” ទេ? ប៉ុន្តែប្រសិនបើភ្ជាប់ពាក្យ “រៀន” និង “លេង” ប្រាកដជាមិនយល់ថាធុញទៀតឡើយ។
Kengo Abe