ប្លែកណាស់! វិធីដាក់គម្លាតសង្គមថ្មីរបស់ជប៉ុនដោយគ្រាន់តែប្រើរូបឆ្មាដេកអង្រួនខ្លួន
រូបថតឆ្មាមួយក្បាលថតនៅសារមន្ទីរ Okinawa (ស្ថិតនៅក្នុងទីក្រុងណាហា) ត្រូវបានគេបង្ហោះលើបណ្តាញសង្គម Twitter ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
គ្រាន់តែជារូបថតឆ្មាដេកលើកៅអីអង្រួនខ្លួនកោងប៉ុណ្ណោះ។ តាមពិតវាគ្រាន់តែជាគំនូរមិនមែនឆ្មាពិតទេ។ រូបឆ្មានេះគេហៅថា “រូបឆ្មាកំណត់គម្លាតសង្គម” ។
ភ្ញៀវភាគច្រើនដែលមកទស្សនាសារមន្ទីរសុទ្ធតែញញឹមហើយអង្គុយលើកៅអីផ្សេង មិនហ៊ានអង្គុយលើកៅអីដ៏គួរអោយស្រលាញ់នេះទេ។ រូបភាពនេះបង្កើតជាគម្លាតសង្គមយ៉ាងមានប្រសិទ្ធភាពក្នុងស្ថានភាពជំងឺកំពុងតែរាតត្បាត។
រូបឆ្មាមានលក្ខណៈទាក់ទាញជាងរូបតុក្កតាឬរូបចម្លាក់ព្រោះវាមើលទៅគួរអោយស្រលាញ់ដូចឆ្មាពិត ដូច្នេះវាមិនធ្វើអោយភ្ញៀវដែលអង្គុយជិតមានអារម្មណ៍មិនល្អនោះទេ។
អ្នកដែលមើលការខុសត្រូវក្នុងសារមន្ទីរនិយាយថារូបថតឆ្មាត្រូវបានគេណែនាំតាំងពីថ្ងៃទី ២១ ខែឧសភាមកម្ល៉េះ។ រូបថតឆ្មាត្រូវបានបោះពុម្ពលើក្រដាសទំហំ A3 ហើយដាក់ក្នុងចន្លោះពី ៤០-៥០ កន្លែងផ្សេងៗគ្នាក្នុងសារមន្ទីរ។
ភ្ញៀវដែលមកទស្សនាសារមន្ទីរនិយាយថាគំនិតនេះពិតពិសេសណាស់!
ទោះជាយ៉ាងណាគួរអោយស្តាយសារមន្ទីរ Okinawa ត្រូវបិទបណ្តោះអាសន្នចាប់តាំងពីថ្ងៃទី ២៨ ខែកក្កដាដើម្បីការពារការរីករាលដាលនៃជំងឺ ហើយព្រឹត្តិការណ៍មួយចំនួននៅទីនេះត្រូវលុបចោល។ អ្នកគ្រប់គ្រងសារមន្ទីរក៏សង្ឃឹមថាភ្ញៀវទាំងអស់លើកកម្ពស់ការយល់ដឹងអំពីអនាម័យ និងពាក់ម៉ាស់ដើម្បីការពារសុខភាពខ្លួន និងសហគមន៍។
M.E.O