ផ្លែឈើទាំង ៥ ប្រភេទដែលលក់ក្នុងតម្លៃថ្លៃបំផុតនៅប្រទេស​ជប៉ុន

ចំនួនទឹកប្រាក់ប្រហែល ៦ ពាន់ដុល្លាអ្នកអាចរីករាយនឹងដំណើរកំសាន្តយ៉ាងសប្បយនៅទីក្រុងតូក្យូ រួមទាំងជើង​ហោះ​ហើរ​ទៅ​មក និងសណ្ឋាគារលំដាប់ផ្កាយ ៥ ។ ប៉ុន្តែជាមួយនឹងទឹកប្រាក់ប្រហាក់ប្រហែលនោះអ្នកអាចទិញឪឡឹកខ្មៅតែមួយផ្លែប៉ុណ្ណោះ។ អ្នកប្រហែលជាដឹងហើយថាផ្លែឈើនៅប្រទេសជប៉ុនមានតម្លៃថ្លៃ។ ផ្លែ​ឈើ​ទាំង ៥ ប្រភេទដែលត្រូវគេចាត់ទុកជាផ្លែ​ឈើ​ថ្លៃបំផុតលើពិភពលោកមានដូចជា៖

៥. ផ្លែឪឡឹកជ្រុង

រូបភាព https://tokyocheapo.com/lifestyle/square-watermelons-zetsuji-video/

នៅជប៉ុនផ្លែឪឡឹកជ្រុងមានតម្លៃ ១៥,០០០ យ៉េនក្នុងមួយផ្លែ។ ជាមួយនឹងចំនួនប្រាក់នេះអ្នកអាចញ៉ាំ Bento រយៈពេល ១ ខែនៅទីក្រុង​តូក្យូ។ ផ្លែឪឡឹកជ្រុងមិនមែនដុះដោយធម្មជាតិទេប៉ុន្តែមនុស្សជាអ្នកធ្វើអោយវាមានរាងពិសេស​បែប​នេះ។ នៅខាងក្នុងផ្លែឪឡឹកមិនខុសពីផ្លែឪឡឹកធម្មតាទេ ហើយថែមទាំងមិនឆ្ងាញ់ព្រោះវាត្រូវបានប្រមូល​ផល​ពេល​មិន​ទាន់​ទុំ។ ផ្លែផ្លែឪឡឹកនេះប្រើសម្រាប់តុបតែងជាជាងយកទៅញ៉ាំ។

៤. ផ្លែស្វាយ Taiyou no Tamago

នៅស្រុកយើងចាត់ទុកផ្លែស្វាយដូចជាផ្លែឈើធម្មតា ចំណែកនៅប្រទេសជប៉ុនផ្លែស្វាយដូចជាផ្លែឈើពិសេស។ ពូជស្វាយនាំចូលពីឥណ្ឌា ហ្វីលីពីន ថៃលក់ក្នុងតម្លៃចាប់ពី ៥០០ – ១០០០ យ៉េន។ ម្យ៉ាងវិញបើដាំដុះក្នុងស្រុកនឹងកាន់តែថ្លៃព្រោះកសិករចង់រកពូជស្វាយល្អ។

រូបភាព https://favy-jp.com/topics/514

នៅក្នុងប្រទេសជប៉ុនស្វាយដែលល្បីគឺស្វាយ Taiyou no Tamago ដាំនៅខេត្ត Miyazaki ។ ស្វាយប្រភេទនេះមាន​ទម្ងន់​ស្រាល​តែ​ជាតិ​ស្ករខ្ពស់សាកសមសម្រាប់រដូវក្តៅ។ នៅក្នុងការលក់ដេញថ្លៃស្វាយ Taiyou no Tamago មួយផ្លែមានតម្លៃ ៥០០,០០០ យ៉េន។

៣. ឪឡឹក Densuke (ឪឡឹកខ្មៅ)

រូបភាព http://www.nerodicognaro.com/en/news/luxury-food-densuke/

នៅជប៉ុនផ្លែឪឡឹកខ្មៅមានតម្លៃថ្លៃណាស់ព្រោះនេះជាពូជឪឡឹក Densuke ដ៏កម្រ។ ឪឡឹកខ្មៅក្នុងមួយផ្លែមានតម្លៃ ៦៥០.០០០ យ៉េន ។ ហេតុ​អ្វីបានជាឪឡឹកខ្មៅមានតម្លៃថ្លៃជាងឪឡឹកជ្រុង? វាមិនត្រឹមតែមើលទៅប្លែកប៉ុណ្ណោះទេប៉ុន្តែរសជាតិរបស់ផ្លែឪឡឹកខ្មៅក៏ផ្អែមជាងផ្លែឪឡឹកធម្មតាដែរ។ ផ្លែឈើនៅប្រទេសជប៉ុនមានលក្ខណៈកាន់តែប្លែក កាន់តែផ្អែម នោះតម្លៃក៏កាន់តែថ្លៃផងដែរ។ លើសពីនេះឪឡឹក Densuke អាចដាំបានតែនៅកោះហុកកៃដូ ហើយក្នុងមួយឆ្នាំមានតែ ១០០ ផ្លែប៉ុណ្ណោះ។

២. ទំពាំងបាយជូរ Ruby Roman

ផ្លែទំពាំងបាយជូរ Ruby Roman មានប្រភពមកពី Ishikawa ។ ទំពាំងបាយជូរក្រហមនេះមានទំហំប៉ុនគ្រាប់ប៉េងប៉ុង។ នៅក្នុងការលក់ដេញថ្លៃនាពេលថ្មីៗនេះផ្លែទំពាំងបាយជូរត្រូវបានលក់ក្នុងតម្លៃខ្ពស់បំផុតប្រហែល ១១៥,០០០ ដុល្លា។

ម្ចាស់ផ្សារទំនើបម្នាក់នៅភាគខាងលិចប្រទេសជប៉ុនបានទិញផ្លែទំពាំងបាយជូរចំនួន ៣០ ផ្លែដូច្នេះក្នុងមួយផ្លែមាន​តម្លៃ ៣,៨០០ ដុល្លា។ លោក Takamaru Konishi និយាយថាគាត់នឹងដាក់បង្ហាញនៅក្នុងហាងមុនពេលអោយអតិថិជន​ភ្លក់។ 

រូបភាព BBC

តម្លៃឈានដល់កម្រិតនេះគុណភាពក៏ត្រូវតែល្អណាស់ដែរ។ ផ្លែទំពាំងបាយជូរមានរាងមូលល្អឥតខ្ចោះ មានជាតិស្ករយ៉ាង​ហោច​ណាស់ ១៨% និងទម្ងន់ប្រហែល ២០ ក្រាម។

១. ត្រសក់ស្រូវ Yubari King

ផ្លែត្រសក់ស្រូវ Yubari King ត្រូវបានគេដាក់ឈ្មោះតាមទីក្រុងមួយនៅហុកកៃដូជាតំបន់ដែលដាំពូជត្រសក់​ស្រូវ​នេះ។ ផ្លែត្រសក់ស្រូវនេះធ្លាប់ត្រូវបានលក់ក្នុងតម្លៃ ៣ លានយ៉េនចំនួន ២ ផ្លៃនៅឆ្នាំ ២០១៦ ។

រូបភាព https://seeds-gallery.com/tr/home/yubari-king-melon-seeds.html

ជាការពិតផ្លែត្រសក់ស្រូវលក់ក្នុងតម្លៃនេះតម្រូវអោយគុណភាពត្រូវល្អឥតខ្ចោះ។ ផ្លែត្រសក់ស្រូវត្រូវបានគេជ្រើស​រើស​យ៉ាង​​ម៉ត់​​ចត់ ថែទាំមិនអោយពន្លឺព្រះអាទិត្យខ្លាំងពេកបណ្តាលអោយបាត់បង់គុណភាព។ ផ្លែត្រសក់ស្រូវមានរាង​មូល​​ល្អ​ជាមួយនឹងសំបករលោង។ ចំណែកគល់ឈើក៏ត្រូវបានតុបតែងយ៉ាងស្អាតលក់ជាគូរក្នុងពេលដាក់ដេញថ្លៃ។

តើអ្នកហ៊ានចំណាយប្រាក់រាប់រយលានដុល្លាសម្រាប់ទិញផ្លែឈើទេ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: