រឿងព្រេងនិយាយអំពី Zashiki warashi ព្រលឹងកុមារដែលត្រូវគេសម្លាប់ហើយកប់ក្នុងផ្ទះ

តើអ្នកធ្លាប់ស្តាប់រឿងព្រេងនិទាននិយាយអំពី Zashiki warashi ដែរទេ? ទោះបីជាមិនធ្លាប់មើលច្បាប់ដើមក៏អ្នកប្រហែលជាធ្លាប់មើលរឿងគំនូរជីវចល Manga ឬ Anime ជាមិនខាន។ Zashiki warashi គឺជាព្រលឹងក្មេងៗតាមការពារផ្ទះសម្បែង។ តំណាលរឿងនិយាយអំពី Zashiki warashi មានច្រើនស្ថិតនៅតំបន់ Tohoku ប៉ុន្តែរឿងដែលល្បីបំផុតនៅ Iwate ។

ប្រភពឈ្មោះមកពីពាក្យ zashiki (座敷) មានន័យថា បន្ទប់ទទួលភ្ញៀវបែបជប៉ុន ចំណែកពាក្យ warashi (童子) គឺ​ជា​ពាក្យបុរាណសំដៅលើកុមារនៅតំបន់ Tohoku ។

កម្រមើលឃើញ Zashiki warashi ណាស់។ នៅពេលពួកគេបង្ហាញខ្លួនតែងតែមានស្នាមជើងតូចៗក្នុងគំនរផេះក្បែរ​ឡដុតកំដៅក្នុងផ្ទះ។ មនុស្សមួយចំនួននិយាយថា ធ្លាប់មើលឃើញ Zashiki warashi នៅជាន់ខាងក្រោម​ផ្ទះ។ តាមតំណាលរឿងព្រេងនិទានមានតែសមាជិកគ្រួសារដែលរស់នៅក្នុងផ្ទះប៉ុណ្ណោះដែលមើលឃើញពួក​គេ។ ពួកគេមាន​រូបរាងមិនច្បាស់នោះទេ ជាទូទៅជាក្មេងអាយុប្រហែល ៥-៦ ឆ្នាំ ក្មេងប្រុសស្លៀកសម្លៀកបំពាក់សាមូរ៉ៃ ចំណែកក្មេងស្រីស្លៀកគីម៉ូណូ។

រូបភាព https://myanimelist.net/character/136567/Zashiki_Warashi_Niko

Zashiki warashi ច្រើនតែរាប់អានជាមួយកុមារនៅក្នុងផ្ទះ បង្រៀនពួកគេច្រៀង លេងល្បែង និងសរសេរកំណាព្យ។ ពួក​គេ​ក៏ចូល​ចិត្តគូស្វាមីភរិយាចាស់ ឬគូស្វាមីភរិយាដែលមិនអាចមានកូន ហើយអ្នកទាំងនោះតែងចាត់​ទុក Zashiki warashi ដូចជាកូនបង្កើតរបស់ខ្លួន។

ស្តាប់ទៅព្រលឹងកុមារទាំងនេះហាក់ដូចជាគ្មានគ្រោះថ្នាក់ថែមទាំងគួរឲ្យ​ស្រលាញ់ទៀត។ ទោះជាយ៉ាងណា កំណែ​រឿងព្រេងនិទានអំពី Zashiki warashi សព្វថ្ងៃដូចជាល្អហួសពីច្បាប់ដើម។ នៅក្នុងរឿង Manga ឬ Anime គេពណ៌នា​ថា Zashiki warashi ជាកុមារគួរឲ្យ​ស្រឡាញ់ ជាមួយនឹងស្នាមញញឹមបរិសុទ្ធ។ ប៉ុន្តែរឿងព្រេងក្នុងតំបន់ Tohoku ពណ៌នាអំពី Zashiki warashi ផ្ទុយទៅវិញ។

អ្នកស្រាវជ្រាវរឿងព្រេងនិទានឈ្មោះ Kunio Yanagita បានប្រមូលផ្តុំរឿងនិយាយអំពី Zashiki warashi ក្នុង Tōno Monogatari (ការសង្ខេបរឿងនិទានតំបន់ Tōno ជាទីក្រុងតូចមួយនៅ Iwate ដែលជាប្រភពរឿងព្រេង​និទាន​ជប៉ុន) ។

រូបភាព https://azukiblog.wordpress.com/2012/05/18/japanese-monsters-legends-day-5-zashiki-warashi/

ផ្ទុយស្រឡះនឹងអ្វីដែល Manga និង Anime រៀបរាប់ Zashiki warashi ក្នុងរឿងព្រេងជាព្រលឹងអាក្រក់ និងព្រៃផ្សៃ។ មូលហេតុដែលធ្វើឲ្យ​ពួកគេក្លាយជាព្រលឹងតែលតោលព្រោះតែកាលពីមុននៅ Tohoku ជាតំបន់ក្រីក្រ។ នៅទសវត្សឆ្នាំ ១៩៣០ ទុរ្ភិក្សបានបណ្តាលឲ្យ​ក្រុមគ្រួសារត្រូវសម្លាប់ទារកដើម្បីកាត់បន្ថយស្បៀងអាហារ។

នៅពេលនោះរឿងព្រេងបានពន្យល់ពីមូលហេតុដែលគ្រួសារខ្លះមានទ្រព្យសម្បត្តិស្តុកស្តម្ភ ចំណែកគ្រួសារខ្លះទៀតបែរជាក្រ។ នៅពេលនោះស្ថិតិសេដ្ឋកិច្ចមិនមានលក្ខណៈទូលំទូលាយទេ ដូច្នេះមានតែពន្យល់ថាផ្អែកលើបាតុភូតជំនឿអរូបី។ សេចក្តីពន្យល់នេះបកស្រាយថា ក្រុមគ្រួសារធ្វើបាបកុមារ ជនដែលសម្លាប់ទារកនឹងទទួលការសង​សឹក​វិញពី Zashiki warashi ។

ក្រុមគ្រួសារមួយរស់នៅ Iwate បោះបង់ចោលកូនរបស់ខ្លួន លទ្ធផលសមាជិកគ្រួសារទាំងអស់ស្លាប់ដោយសារពុល។ រឿងផ្សេងទៀតនិយាយអំពីបុរសអ្នកមានម្នាក់បាញ់សម្លាប់កូនក្នុងផ្ទះ ចាប់តាំងពីពេលនោះមកទ្រព្យសម្បត្តិរលាយបាត់បង់។

រូបភាព https://jpninfo.com/zashiki-warashi

តំបន់ Ninohe ស្ថិតនៅ Iwate មានទំនៀមទម្លាប់សម្អាតបន្ទប់ និងទុកប្រដាប់ប្រដាក្មេងលេងសម្រាប់កុមារដែលបានស្លាប់។ ហើយប្រពៃណីនេះរក្សារហូតមកដល់សព្វថ្ងៃ។ អ្នកស្រាវជ្រាវរឿងព្រេង Kizen Sasaki បានពន្យល់ថា Zashiki warashi មិនមែនជាព្រលឹងកុមារការពារផ្ទះនោះទេ ប៉ុន្តែជាកុមារដែលត្រូវគេសម្លាប់ហើយកប់ក្នុងផ្ទះនោះ។ គ្រួសារជាច្រើនដែលរស់នៅ Iwate កប់បាល់នៅជាន់ខាងក្រោមដើម្បីលួងលោមព្រលឹងរបស់ក្មេងៗដែលត្រូវគេសម្លាប់។

រូបភាព Zashiki warashi គួរឲ្យ​ស្រលាញ់ដែលអ្នកមើលឃើញក្នុង Manga និង Anime ប្រហែលជាកុមារទាំងនោះ​ប្រែខ្លួនដើម្បីបំភ្លេចអតីតកាលដ៏ខ្មៅងងឹត បំភ្លេចកំឡុងពេលប្រជាជនត្រូវសម្លាប់ទារកព្រោះតែភាពអត់ឃ្លាន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: