តារាសម្តែង Haruma Miura ទទួលមរណៈភាពនៅគេហដ្ឋានដោយត្រូវគេសង្ស័យថាធ្វើអត្តឃាត
តារាជនជាតិជប៉ុនដ៏ល្បីមួយរូបឈ្មោះ Haruma Miura ដែលសម្តែងក្នុងខ្សែភាពយន្តចំណងជើងថា Koizora បានទទួលមរណភាព ហើយមូលហេតុអាចបណ្តាលមកពីធ្វើអត្តឃាតខ្លួនឯង។
យោងតាមរបាយការណ៍អ្នកគ្រប់គ្រងរបស់តារាសម្តែង Miura បានទៅដល់ផ្ទះរបស់គាត់នៅស្រុក Minato វេលាម៉ោងប្រហែល ១ រសៀលថ្ងៃទី ១៨ ខែកក្កដាបន្ទាប់ពីគាត់មិនបានទៅស្ទូឌីយោថតឈុត Drama ត្រៀមចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ TBS Okane no Kireme ga Koi no Hajimari នាពេលខាងមុខនេះ។ គាត់ត្រូវបានគេរកឃើញក្រោមស្ថានភាពព្យួរកក្នុងទូសម្លៀកបំពាក់ ហើយត្រូវបានបញ្ជាក់ថាស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ។
រូបភាព https://star.setn.com/news/782060
ស្នងការដ្ឋាននគរបាលកំពុងសើុបអង្កេតរកមូលហេតុប៉ុន្តែសង្ស័យថាធ្វើអត្តឃាតព្រោះរកឃើញសំបុត្រចុងក្រោយរបស់តារាសម្តែងរូបនោះ។
ក្រៅពីព័ត៌មានខាងលើប៉ូលីសមិនបានបញ្ចេញព័ត៌មានផ្សេងទៀតទេ ប៉ុន្តែគេសង្ស័យថាការធ្វើអត្តឃាតរបស់តារាសម្តែង Miura ដោយសារមតិរិះគន់លើបណ្តាញអុីនធឺណេត ចូលតួជ្រុលពេក និងប្រមឹកស្រាជាដើម។
តារាសម្តែង Haruma Miura ចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ៧ ឆ្នាំ។ ក្នុងឆ្នាំ ២០០៧ ឈ្មោះរបស់គាត់មានគេស្គាល់ច្រើនដោយសារទទួលបានរង្វាន់តារាឆ្នើមប្រចាំឆ្នាំក្នុងពិធីប្រគល់ពានរង្វាន់នៅបណ្ឌិត្យសភាជប៉ុនដើរតួជា Hiro ក្នុងខ្សែភាពយន្ត Koizora សម្តែងជាមួយតារាស្រី Yui Aragaki ។
ក្រោយមកគាត់ចុះកុងត្រាជាមួយក្រុមហ៊ុនឈានមុខគេឈ្មោះ Amuse សម្តែងរឿងភាគ និងភាពយន្តជាច្រើនរួមទាំង Attack on Titan ហើយក្លាយជាតារាដែលមានប្រជាប្រិយភាពបំផុតនៅជប៉ុន។ ថ្មីៗនេះតារា Miura បង្ហាញខ្លួនក្នុងនាមជាពិធីករកម្មវិធីទេសចរណ៍ Sekai wa Hoshii Mono ni Afureteru – Tabi Suru Buyer Gokujo List trên NHK ។
កាលពី ៦ សប្តាហ៍មុនតារាសម្តែង Miura ចែករំលែកវីដេអូថ្លែងអំណរគុណដល់អ្នកគាំទ្រជាភាសាជប៉ុន និងអង់គ្លេស បន្ទាប់ពីទទួលបានអ្នក follower លើ Instagram ចំនួន ១ លាននាក់។
គម្រោងនាពេលខាងមុខរបស់តារាសម្តែង Miura ចូលរួមកម្មវិធីទូរទស្សន៍ និងឆាកតន្រ្តី The Illusionist គ្រោងនឹងចាប់ផ្តើមនៅខែធ្នូ។ ហើយឌីសចម្រៀងទី ២ របស់លោក Miura មានឈ្មោះថា “Night Diver” ក៏គ្រោងនឹងដាក់លក់ពីថ្ងៃទី ២៦ ខែសីហាផងដែរ។
បច្ចុប្បន្នអ្នកគ្រប់គ្រងរបស់តារាសម្តែងប្រុស Miura មិនទាន់បង្ហាញព័ត៌មានផ្លូវការណាមួយទាក់ទងនឹងការស្លាប់ និងគម្រោងដែលមិនទាន់បញ្ចប់នោះទេ។
Sacchan