តាមតំណាលរឿងព្រេងជប៉ុនបិសាចទាំងបីដែលអាចបណ្តេញរោគរាតត្បាត
ថ្មីៗនេះរូប Amabie ហាក់ដូចជាល្បីព្រោះមនុស្សនាំគ្នាហៅ “ព្រលឹង” បិសាច យោងទៅតាមរឿងព្រេងនិទានបិសាចនិយាយថា ប្រសិនបើមនុស្សជួបរោគរាតត្បាតគ្រាន់តែគូរគំនូរវានឹងបង្ហាញខ្លួនមកជួយ។
មិនដឹងថាមកពីរូបបិសាច Amabie មែនឬអត់ទេ ប៉ុន្តែថ្មីៗនេះចំនួននៃការឆ្លងមេរោគកូវីដ-១៩ នៅក្នុងប្រទេសជប៉ុនមានការថយចុះមែន។
ប៉ុន្តែមិនមែនមានតែ Amabie មានសមត្ថភាពពិសេសប៉ុណ្ណោះទេ។ តោះចូរយើងក្រឡេកមើលរឿង Yokai ជប៉ុនបិសាចដែលមានសមត្ថភាពស្រដៀងគ្នា។ ប្រសិនបើកោះហៅក្រុមបិសាចទាំងនេះប្រហែលជាអាចបង្ក្រាបជំងឺក៏ថាបាន។
នៅក្នុងអត្តបទថ្ងៃនេះខ្ញុំនឹងរៀបរាប់បិសាចចំនួន ៣ ខាងក្រោម៖
១. 海坊主 (Umibouzu)
បិសាចនេះភាគច្រើនបង្ហាញខ្លួននៅសមុទ្រ។
ស្រាប់តែរលកធំបោកបក់ មានបិសាចខ្មៅក្បាលទំពែកបង្ហាញខ្លួនជាមួយនឹងក្រសែភ្នែកចម្លែករបស់វា។ ប្រសិនបើសំពៅរសាត់ចូលតំបន់របស់បិសាចវានឹងវាយពន្លិច ឬបំបែកសំពៅជាពីរ។ ដូច្នេះមនុស្សនាំគ្នាខ្លាចបិសាច Umibouzu ពេលចេញទៅសមុទ្រ។ ប៉ុន្តែតំបន់មួយចំនួននៅ Chiba គេនាំគ្នាជឿថាបើគូររូប Umibouzu ហើយបិទនៅមាត់ទ្វារអាចបណ្តេញរោគរាតត្បាត។
រឿងបិសាចសមុទ្រប្រែជាល្អពិតជាចម្លែកណាស់!
២. 神社姫(Jinja Hime)
បិសាចនេះពាក់កណ្តាលខ្លួនខាងលើជាក្បាលរបស់ស្រ្តី ប៉ុន្តែរាងកាយពាក់កណ្តាលទៀតដូចត្រី។ យោងទៅតាមរឿងព្រេងបិសាចចម្លែករស់នៅក្នុងវិមាននាគ។ បិសាច Jinja Hime មាននៅតំបន់ Saga និង Nagasaki ក្នុងឆ្នាំ ១៨១៩ ជាប្រផ្នូរទទួលបានដំណាំល្អរយៈពេល ៧ ឆ្នាំ។ ពាក្យចចាមអារាមបិសាច Jinja Hime និយាយថា បើគូររូបវាអាចការពារជំងឺឆ្លង។
៣. 神虫(Shinchuu)
រូបបិសាចនេះពិតជាគួរឲ្យខ្លាចដូចកំពុងបំផ្លាញទីក្រុង ផ្ទះសម្បែងប្រជាជន សម្លាប់ហើយសុីសាច់មនុស្ស។
តាមពិតបិសាចនេះមិនបានលេបត្របាក់មនុស្សស្លូតត្រង់នោះទេ ប៉ុន្តែកំពុងប្រយុទ្ធជាមួយបិសាចផ្សេងទៀតដែលបង្កជំងឺរាតត្បាត។ ផ្ទាំងគំនូរនេះត្រូវបានគូរឆ្នាំ ៨០០-១២០០ រោគរាតត្បាតពេលនោះគេហៅថា Enoki ។
កុំប្រញាប់វិនិច្ឆ័យអ្វីដែលអ្នកបានឃើញ។
ទោះបីជា Yokai ក៏មានល្អមានអាក្រក់ផងនោះ។ ស្តាប់ទៅដូចជាចម្លែកបន្តិច ប៉ុន្តែនៅតំបន់មួយចំនួនដែនកំណត់រវាងបិសាច និងទេវតាហាក់ដូចជាមិនច្បាស់ទេ។ មានទេវតាខ្លះការពារប្រជាជនតែក៏មានទេវតាបង្ករឿងអាក្រក់ដែរ។
អត្ថន័យដើមពាក្យ Yokai មកពី Mononoke ដូចជាព្រះនាង Mononoke ក្នុងខ្សែភាពយន្ត Ghibli ។ ទេវតាក៏អាចជាបិសាច ព្រលឹង សត្វ និងវត្ថុជាដើមដែលមានថាមពលដ៏អស្ចារ្យ។ ទោះបីជាទេវតាក៏មិនប្រាកដថាល្អ គ្រាន់តែតំណាងឲ្យអំណាចធម្មជាតិ។
មិនដូចជាគ្រីស្ទសាសនាបែងចែករវាងល្អ និងអាក្រក់ ទេវតា និងអារក្ស ចំណែកនៅប្រទេសជប៉ុនជំនឿនេះមានភាពស្រពិចស្រពិលណាស់។
តាមជំនឿរបស់ជនជាតិជប៉ុនពេលទេវតា និងព្រាយបិសាចប្រយុទ្ធគ្នានឹងបង្កគ្រោះមហន្តរាយធម្មជាតិដូចជារញ្ជួយដី រលកយក្សស៊ូណាមិ និងទឹកជំនន់ជាដើម។