មនុស្សយន្តជប៉ុនឈ្មោះ Erika ចូលប្រឡូកក្នុងវិស័យខ្សែភាពយន្តហូលីវូដ
តើអ្នកស្គាល់មនុស្សយន្តដែលមានឈ្មោះថា Erika ដែរទេ? Erika ជាមនុស្សយន្តយកគំរូតាមមនុស្សស្រីអាយុ ២៣ ឆ្នាំដែលត្រូវបានបង្កើតឡើងដោយអ្នកស្រាវជ្រាវមនុស្សយន្តជប៉ុនពីររូបគឺឈ្មោះ Hiroshi Ishiguro និង Kohei Ogawa ។
ការធ្វើចលនារបស់ Erika អាចបត់បែនបានយ៉ាងល្អ ទម្រង់មុខស្រស់ស្អាតគួរអោយស្រឡាញ់។
Erika អាចប្រាស្រ័យទាក់ទងដោយពឹងលើមុខងារសម្គាល់សម្លេងមនុស្ស។ ទោះបីជាសម្លេងរបស់នាងដូចមនុស្សយន្ត ប៉ុន្តែការប្រាស្រ័យទាក់ទងធម្មតា។ អាចនិយាយបានថាកម្រិតទំនាក់ទំនងរបស់ Erika ល្អជាង Siri របស់ Iphone ទៅទៀត។
ព័ត៌មានថ្មីៗនេះនិយាយថា Erika នឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តហូលីវូដ ហើយមនុស្សយន្តស្រីរូបនេះក៏អាចនិយាយភាសាអង់គ្លេសយ៉ាងស្ទាតជំនាញផងដែរ។
ទោះបីជាខ្សែភាពយន្តនេះមិនមែនជាខ្សែភាពយន្តហូលីវូដកម្រិត A ប៉ុន្តែក៏ត្រូវបានចាត់ថ្នាក់ជាខ្សែភាពយន្តហូលីវូដកម្រិត B ជាមួយតម្លៃផលិតប្រហែល ៧,៥ ពាន់លានយ៉េន។
ខ្សែភាពយន្តនិយាយអំពីអ្នកស្រាវជ្រាវ DNA របស់មនុស្ស។ ក្នុងអំឡុងពេលស្រាវជ្រាវមានបញ្ហាធំកើតឡើងបានជាគាត់ប្រាប់អោយមនុស្សយន្តដែលគាត់បង្កើតរត់ចេញពេលរញ្ជួយដី។
នៅក្នុងយុគសម័យបច្ចេកវិទ្យា CG កំពុងតែរីកចម្រើន តើយើងគួរតែប្រើមនុស្សយន្តដើរតួមនុស្សក្នុងខ្សែភាពយន្តដែរទេ? សូមរង់ចាំទស្សនានៅពេលខ្សែភាពយន្តត្រូវបានបញ្ចប់។
បន្ទាប់ពីចូលរួមសម្តែងក្នុងខ្សែភាពយន្តនេះមិនដឹងថាតើ Erika អាចនឹងសាកល្បងសមត្ថភាពក្នុងការសម្តែងផ្សេងទៀតដែរទេ?
សក្តានុពលរបស់មនុស្សយន្តហាក់ដូចជាមិនអាចទាយទុកមុនបានទេ ហើយនាពេលអនាគតយើងអាចមើលឃើញមនុស្សយន្តនៅគ្រប់ទីកន្លែង។
យើងមិនដឹងថាគួរតែរីករាយឬគួរអោយខ្លាចនោះទេ។