ដោយសារវិធានការណ៍ដាក់គម្លាតសង្គមនារី Geisha ត្រូវសម្តែងតាមអនឡាញ
នៅក្នុងបរិបទមេរោគកូវីដ-១៩ រាតត្បាតគ្រប់ទីកន្លែងតម្រូវអោយប្រជាជនត្រូវរក្សាគម្លាតក្នុងសង្គមក៏ដូចជាអាជីពដទៃទៀតដែល Geisha ត្រូវសម្របខ្លួន។ នេះហើយជាមូលហេតុដែល Geisha ជាច្រើនបន្តធ្វើការលើវេទិកា Online ។
Geisha “Chacha” កំពុងលុតជង្គង់ដាក់ចុងម្រាមដៃរបស់នាងថ្នមៗលើផ្ទាំងឈើដោយឳនមុខគោរពអ្នកទស្សនាដែលកំពុងមើលនាងតាមរយៈអេក្រង់អនឡាញ។ ក្រោមពន្លឺភ្លើងលើឆាក Geisha អាយុ ៣២ ឆ្នាំសម្តែងរបាំប្រពៃណីធ្វើចលនាល្វត់ល្វន់ដូចជាមេអំបៅជាមួយនឹងកាយវិការរបាំផ្លិត។
រូបភាព https://gulfnews.com/photos/news/
ទស្សនិកជនរបស់ Chacha ច្រើនតែជាក្រុមបុរសវ័យចំណាស់ អ្នកមាន និងសុភាពរាបសា។ នៅក្នុងបន្ទប់ទទួលភ្ញៀវតាមបែបប្រពៃណីមានកំរាលកន្ទេលត្បាញដើម្បីអោយពួកគេអាចរីករាយនឹងការសម្តែងរបស់នាង។ ប៉ុន្តែថ្ងៃនេះអ្នកទស្សនាអង្គុយតាមផ្ទះទស្សនាការសម្តែងរាំរែកតាមរយៈអេក្រង់កុំព្យួទ័រមិនត្រឹមតែភ្ញៀវទូទៅមានទាំងនារីក្មេងៗឬក្រុមគ្រួសារជាច្រើនផងដែរ។
រូបភាព https://gulfnews.com/photos/news/
ស្ថានភាពមេរោគកូវីដ-១៩ នៅប្រទេសជប៉ុននៅតែមានភាពស្មុគស្មាញភាគច្រើនករណីថ្មីៗនេះឆ្លងទាក់ទងនឹងកន្លែងកំសាន្តពេលរាត្រី។ អ្នកដែលប្រកបអាជីពជា Geisha ក៏រងឥទ្ធពល និងត្រូវបង្ខំអោយបញ្ឈប់ការងារ។
ពាក្យថា Geisha សំដៅលើនារីដែលចេះគ្រប់សប់។ នារីទាំងនេះចេះរាំរបាំ លេងឧបករណ៍ភ្លេង និងល្បែងប្រពៃណីជប៉ុន។ មុខងាររបស់ Geisha ជជែកជាមួយអតិថិជន ចាក់ស្រា ច្រៀង និងរាំក្នុងបន្ទប់។ ដោយសារតែលក្ខណៈនៃការងារនេះមានភាពរឹតត្បិតក្នុងកំឡុងពេលជំងឺរាត្បាត។ ពិតជាសំណាង Geisha នៅតែអាចធ្វើការពីចម្ងាយ។
ប៉ុន្តែ Geisha ដូចជា Chacha នៅតែជួបវិបត្តិប្រាក់ចំណូល ហើយបច្ចុប្បន្នត្រូវរំពឹងលើកញ្ចប់ថវិកាជំនួយពីរដ្ឋាភិបាល។
នាងនិយាយថា “ជាទូទៅយើងរវល់ខ្លាំងក្នុងខែមេសា ឧសភា និងមិថុនាប៉ុន្តែឆ្នាំនេះគ្មានអ្វីត្រូវធ្វើទេ” ។
រូបភាព https://gulfnews.com/photos/news/
ការបង្កើតគំនិតនារី Geisha ធ្វើការអនឡាញចេញមកពីគម្រោងដែលមានឈ្មោះថា “Meet Geisha” មានន័យថា “ជួបជាមួយ Geisha” ដែលបង្កើតឡើងសម្រាប់នាំក្រុមទេសចរណ៍មកមើលការសម្តែងរបស់ Geisha លើឆាក។ គម្រោងនេះចេញផ្សាយកាលពីឆ្នាំមុនដោយក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានត្រូវគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនក្នុងគម្រោងកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ប៉ុន្តែដោយសារជំងឺរាតត្បាតធ្វើអោយកីឡាអូឡាំពិកត្រូវពន្យារពេល និងបញ្ឈប់សកម្មភាពទេសចរណ៍អន្តរជាតិ ក្រុមហ៊ុនត្រូវពិចារណា ជ្រើសរើស និងបង្វែរដំណើរការថ្មី។
រូបភាព https://gulfnews.com/photos/news/
នាយកគម្រោង Tamaki Nishimura និយាយថាក្រុមហ៊ុនរបស់នាងចូលទៅជិត Geisha នៅ Hakone ចម្ងាយពីទីក្រុងតូក្យូប្រហែល ៨០ គីឡូម៉ែត្រភាគនិរតីដើម្បីណែនាំអំពីការសម្តែងតាមអនឡាញ។ ទោះបីជាវប្បធម៌ Geisha ផ្សារភ្ជាប់ជាមួយទីក្រុង Kyoto ក៏សហគមអ្នកប្រកបអាជីពនេះនៅទូទាំងប្រទេសជប៉ុនមាន ១៥០ Geisha ប្រកបរបរនៅ Hakone ។
Tamaki និយាយថា “ពួកគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់បញ្ហាប្រឈមថ្មីៗមិនចាំបាច់ត្រូវធ្វើតាមបែបប្រពៃណីទេ” ។
រូបភាព https://gulfnews.com/photos/news/
Chacha និយាយថាដើមឡើយនាងមានការភ្ញាក់ផ្អើលចំពោះគំនិតនេះព្រោះខ្លួនគ្មានកុំព្យូទ័រគ្រាន់តែប្រើ Ipad ហើយក៏មិនចេះប្រើប៉ុន្មានដែរ។ ប៉ុន្តែដោយមានជំនួយពី Tamaki ទើប Chacha និង Geisha មួយចំនួនទៀតអាចសម្តែងរបាំប្រពៃណីតាមរយៈកម្មវិធីខលវីដេអូ។ វិធីនេះមិនត្រឹមតែជួយអោយមានប្រាក់ចំណូលបន្ថែមប៉ុណ្ណោះទេថែមទាំងជួយពង្រីកទស្សនិកជនផងដែរ។
Tamaki និយាយថា “គោលដៅនៃសេវាកម្មនេះចង់ពង្រីកទស្សនិកជនថ្មីដូចជាយុវវ័យដូច្នេះតម្លៃក៏ទាបដែរ។ ថ្ងៃមួយមានក្រុមយុវជន ៨ នាក់នៅប្រទេសកូរ៉េទិញសេវាកម្មនេះធ្វើជាកាដូថ្ងៃកំណើតសម្រាប់សមាជិកម្នាក់ក្នុងក្រុម។ នេះជាសមិទ្ធិផលមួយក្នុងចំណោមសមិទ្ធិផលដែលលើសពីអ្វីដែលយើងរំពឹងទុកទៅទៀត” ។
រូបភាព https://gulfnews.com/photos/news/
Chacha និយាយថាទោះបីជាការសម្តែងតាមអុីនធឺណេតទាក់ទាញអ្នកទស្សនាបរទេសដែលមិនអាចទៅលេង Hakone ប្រទេសជប៉ុនរីករាយនឹងការសម្តែង ប៉ុន្តែនាងនៅតែសង្ឃឹមថានឹងត្រលប់ទៅរកការសម្ដែងបែបប្រពៃណីវិញបន្ទាប់ពីគោលការណ៍ដាក់គម្លាតត្រូវដកចេញ។
នាងក៏និយាយបន្ថែមថា “ថ្ងៃណាមួយខ្ញុំចង់អោយពួកគេមកដល់ទីនេះមើលការសម្តែងរបស់យើងដោយផ្ទាល់ និងចូលរួមជាមួយយើង។ នោះជាអ្វីដែលខ្ញុំពិតជាចង់បាន”។
AD