តើអ្នកយល់ថាការងារពិតជាគួរអោយធុញទ្រាន់ឬ? របៀបធ្វើអោយរសាយត្អូញត្អែរក្នុងការងារប្រចាំថ្ងៃ
ហាក់ដូចជាចម្លែកតែខ្ញុំចង់សួរសំណួរមួយថា “តើអ្នកចូលចិត្តការងាររបស់អ្នកទេ?”
ខ្ញុំស្មានជាមួយសំណួរនេះមនុស្សជាងពាក់កណ្តាលនឹងឆ្លើយថា “ទេ” ។ តើការងារពិតជាធុញទ្រាន់មែនទេ?
រូបភាព https://togetter.com/li/832131
ជាទូទៅមនុស្សម្នាក់ៗធ្វើការ ៨ ម៉ោងរយៈពេល ៥ ថ្ងៃក្នុងមួយសប្តាហ៍ ហើយជាការពិតណាស់ភាគច្រើនធ្វើលើសនេះទៅទៀត។
៨ ម៉ោងក្នុងមួយថ្ងៃមាន ២៤ ម៉ោងប្រសិនបើរាប់បញ្ចូលទាំងពេលវេលាធ្វើដំណើរ និងទទួលទានអាហារ អ្នកចំណាយពេលជាមធ្យមពាក់កណ្តាលថ្ងៃសម្រាប់ការងារ។ បើអ្នកយល់ថាការងាររបស់អ្នកគួរអោយធុញទ្រាន់ប្រាកដជាខ្ជះខ្ជាយពេលវេលាដូច្នេះពិតជាមិនល្អទេ។
ដូច្នេះហើយក្នុងអត្ថបទនេះខ្ញុំសង្ឃឹមថាអាចជួយអោយអ្នកចូលចិត្តការងាររបស់ខ្លួននោះជីវិតនឹងកាន់តែប្រសើរឡើង។
ជាដំបូងអ្នកត្រូវយល់ថាការងារមិនមែនជាល្បែងទេ នៅពេលយើងលេងប្រសិនបើសប្បាយចិត្តយើងបន្តពេលដែលធុញយើងអាចបញ្ឈប់។ ប៉ុន្តែចំពោះការងារមិនដូច្នេះទេពីព្រោះគ្មាននរណាម្នាក់ចំណាយប្រាក់ដើម្បីទទួលបុគ្គលិកធ្វើការតាមចិត្តទេ។
ការងារមានទំនាក់ទំនងជាមួយហិរញ្ញវត្ថុដូច្នេះត្រូវមានទំនួលខុសត្រូវ។
ដំបូងយើងនិយាយអំពីភាពត្អូញត្អែររបស់បុគ្គលិកការិយាល័យមួយចំនួន។
១. ខ្ញុំធុញទ្រាន់ព្រោះថ្នាក់លើល្ងង់
តើថ្នាក់លើល្ងង់មិនមែនជារឿងល្អទេឬ? និយាយដោយសាមញ្ញអ្នកអាចឈរនៅកន្លែងខ្ពស់ជាងថ្នាក់លើ បើដូច្នោះមែនអ្នកគួរបើកក្រុមហ៊ុនខ្លួនឯងប្រសើរជាង។ តើអ្នកអាចបញ្ជាក់ដែរទេថាខ្លួនគ្រប់គ្រងក្រុមហ៊ុនល្អជាងថ្នាក់លើ? ដូចដែលបានរៀបរាប់ខាងលើការងារផ្សារភ្ជាប់ជាមួយប្រាក់ គេតែងតែប្រគល់ការងារអោយមនុស្សដែលមានសមត្ថភាព។ ប្រសិនបើអ្នកយល់ថាខ្លួនឆ្លាតជាងថ្នាក់លើចូរបង្ហាញជាមួយមនុស្សគ្រប់គ្នា ហើយបើអ្នកបានបង្ហាញជាច្រើនដងតែគ្មាននរណាម្នាក់ទទួលស្គាល់ទេនោះ ចូរគិតពីការផ្លាស់ប្តូរការងារពីព្រោះករណីខ្លះថ្នាក់លើវិនិច្ឆ័យសមត្ថភាពបុគ្គលិកខុស។ ប៉ុន្តែបើអ្នកមិនទាន់បានធ្វើបែរជារត់គេចវាគ្មានអត្តន័យអ្វីឡើយ។
ដូច្នេះជាដំបូងត្រូវបង្ហាញពីសមត្ថភាពរបស់អ្នក។
២. ខ្ញុំមិនសមនឹងក្រុមហ៊ុននេះ
ជាក់ស្តែងគ្មាននរណាម្នាក់ត្រូវជាមួយក្រុមហ៊ុន ១០០% នោះទេព្រោះវាមិនមែនជាទ្រព្យសម្បត្តិរបស់អ្នក។ និយាយបែបនេះស្រដៀងនឹងកីឡាករម្នាក់និយាយថា “ហេតុអ្វីបានជាខ្ញុំមិនអាចប្រើដៃលេងបាល់ដោយសេរី?” ។ ហេតុអ្វីបានជាអ្នកមិនអាចរកឃើញភាពរីករាយក្នុងគោលការណ៍ការងារក៏ដូចជាកីឡាករស្របតាមវិន័យលេងបាល់?
ប្រសិនបើអ្នកចង់មានសេរីភាពក្នុងការធ្វើអ្វីដែលអ្នកចូលចិត្ត ដូច្នេះគួរតែបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនហើយកំណត់វិន័យតាមបែបរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកមិនអាចរកដៃគូ និងអ្នកទទួលយកវិន័យរបស់អ្នកទាំងក្នុងកីឡា និងការងារនឹងគ្មានអ្វីសម្រេចទេ។
៣. ជាមួយនឹងការលះបង់របស់ខ្លួនខ្ញុំត្រូវទទួលបានប្រាក់ច្រើនជាងនេះ
ជាការពិតក្រុមហ៊ុនទាំងអស់សុទ្ធតែចង់ជួលបុគ្គលិកល្អហើយប្រាក់ខែទាប។ អារម្មណ៍របស់អ្នកមិនខុសទេ ប៉ុន្តែប្រសិនបើបុគ្គលិកពូកែលាឈប់ការងារនោះថ្នាក់ដឹកនាំក្រុមហ៊ុននឹងស្នើដំឡើងប្រាក់ខែព្រោះពួកគេមិនចង់បាត់បង់អ្នកដែលមានសមត្ថភាព។
ដូច្នេះប្រសិនបើអ្នកគិតថាប្រាក់ខែបច្ចុប្បន្នមិនសមឬអ្នកកំពុងធ្វើការងារមិនសមទទួលបានប្រាក់ខែខ្ពស់ឬក្រុមហ៊ុនរបស់អ្នកកំពុងតែកេងប្រវ័ញ្ចកម្លាំងពលកម្ម។ បើអ្នកគិតដូច្នោះសូមព្យាយាមស្នើតំឡើងប្រាក់ខែជាមួយថ្នាក់លើឬគិតអំពីការប្តូរការងារទៅកន្លែងដែលអាចទទួលបានប្រាក់ខែសាកសម។
ប៉ុន្តែបើអ្វីដែលអ្នកចំណាយមិនស្មើការរំពឹងទុកត្រូវទទួលបានទោះបីជាអ្នកទៅទីណាក៏ដោយលទ្ធផលនឹងនៅតែដូចគ្នា។
៤. ខ្ញុំគ្មានអារម្មណ៍ទៅលើអនាគតរបស់ក្រុមហ៊ុននេះទេ
ហេតុអ្វីបានជាអ្នកត្អូញត្អែរដូចជាបញ្ហារបស់អ្នកដទៃ? អនាគតរបស់ក្រុមហ៊ុនមិនមែនជាទំនួលខុសត្រូវរបស់ថ្នាក់លើតែម្នាក់ទេ ប៉ុន្តែជាតួនាទីរបស់បុគ្គលិកទាំងអស់នៅក្នុងក្រុមហ៊ុន។ ប្រសិនបើអ្នកគ្មានអារម្មណ៍ថាកន្លែងធ្វើការមានអនាគតអ្នកក៏មានចំណែកនៃទំនួលខុសត្រូវដែរ។ យល់ថាអនាគតអាជីវកម្មមិនមានស្ថេរភាពបែរជាគ្មានសកម្មភាពផ្លាស់ប្តូរ តើអ្នកមានអារម្មណ៍ថាខ្លួនអន់ជាងមនុស្សដែលមិនដឹងបញ្ហានៅពេលធ្វើការដែរទេ?
៥. ការងាររបស់អ្នកល្អណាស់ ខ្ញុំវិញធ្វើការនឿយហត់
រូបភាព https://tenshoku-web.jp/shigoto-tanoshii/
មនុស្សជាច្រើនតែងប្រៀបធៀបការងាររបស់ពួកគេជាមួយអ្នកដទៃ ហើយភាគច្រើនយល់ថាការងារអ្នកដទៃស្រួលជាងការងាររបស់ពួកគេ។ កម្មករសំណង់ច្រណែននឹងបុគ្គលិកការិយាល័យអាចអង្គុយក្នុងបន្ទប់ម៉ាសុីនត្រជាក់ ចំណែកបុគ្គលិកការិយាល័យបែរជាច្រណែននឹងអ្នកដែលតែងតែចេញទៅក្រៅល្អជាងនៅមុខអេក្រង់កុំព្យូទ័ររហូត។
ការងារទាំងអស់មានស្រួលមានពិបាកគ្រាន់តែអ្នកព្រមទទួលយកកម្រិតណា ដូច្នេះឈប់ប្រៀបធៀបហើយផ្តោតលើអ្វីដែលអ្នកកំពុងធ្វើ។
បន្ទាប់ពីអានការត្អូញត្អែរមួយចំនួនរបស់បុគ្គលិកឥឡូវសូមគិតដូចនេះ។
ការងារជាឧបករណ៍ធ្វើអោយក្តីស្រមៃរបស់អ្នកក្លាយជាការពិត។
កុំគិតថាការងារជាការសូ៊រទ្រាំត្រូវរីករាយនឹងការងារដែលខ្លួនកំពុងធ្វើដោយគំនិតវិជ្ជមាន។
ស្តាប់ទៅដូចជាមានលក្ខណៈទូទៅបន្តិចនៅក្នុងអត្ថបទក្រោយខ្ញុំនឹងណែនាំអ្នកពីវិធីជាក់ស្តែងធ្វើអោយការងារកាន់តែគួរឱ្យចាប់អារម្មណ៍។ នៅពេលដែលអ្នករកឃើញភាពរីករាយក្នុងការងារអ្នកមិនត្រឹមតែពង្រឹងការងាររបស់ខ្លួនប៉ុណ្ណោះទេថែមទាំងធ្វើអោយជីវិតផ្ទាល់ខ្លួនប្រសើរឡើងផងដែរ។
Kengo Abe