ហេតុ​អ្វីបានជាលិខិតឆ្លងដែនជប៉ុនតែង​តែទទួលបានភាព​ជឿ​ទុក​ចិត្ត​ខ្ពស់​លើពិភពលោក?

នៅឆ្នាំ ២០២០ លិខិតឆ្លងដែនជប៉ុននាំមុខក្នុងតារាលិខិតឆ្លងដែនលើពិភពលោកដោយផ្អែក​លើ​ចំនួន​ប្រទេស​​ទទួល​​បាន​ទិដ្ឋាការ។

អ្នកកាន់លិខិតឆ្លងដែនជប៉ុនអាចធ្វើដំណើរទៅប្រទេសចំនួន ១៩១ ប្រទេសដោយមិនចាំបាច់សុំទិដ្ឋាការ។ ចំណាត់ថ្នាក់​លេខ ២ គឺ​សិង្ហបុរី​ដែល​មាន ១៩០ ប្រទេសខុសតែមួយប្រទេសប៉ុណ្ណោះ។

រូបភាព https://www.cnn.co.jp/travel/35147754.html

នេះជាលិខិតឆ្លងដែនពីដើមរបស់ជប៉ុន។

រូបភាព https://www.tv-tokyo.co.jp/travel/entry/bwNmc/37219/

លិខិតឆ្លងដែនដែលចាស់ជាងគេត្រូវបានដាក់ឲ្យប្រើនៅឆ្នាំ ១៨៦៦ របស់សមាជិកគណៈប្រតិភូជប៉ុន ដែលត្រូវបាន​បញ្ជូន​ទៅ​ចូលរួម​ពិព័រណ៍​ពិភពលោក​នៅទីក្រុងប៉ារីសក្នុងឆ្នាំ ១៨៦៧ (មួយឆ្នាំ​ក្រោយបន្ទាប់ពីដាក់ឲ្យប្រើ) ។ នៅ​ពេល​នោះ​មិនមែនជាសៀវ​ភៅ​តូច​ដូច​ពេល​បច្ចុប្បន្នទេ គ្រាន់តែជាក្រដាសក្រាស់។ ហើយពេលនោះក៏គ្មាន​រូប​ថត​គ្រាន់តែពណ៌នារូបរាងម្ចាស់លិខិតឆ្លងដែនជាលាយលក្ខណ៍អក្សរ។ ឧទាហរណ៍ខាងលើសរសេរថា រាងខ្ពស់ ច្រមុះតូច -ល- ។

នៅឆ្នាំ ១៩២៦ លិខិតឆ្លងដែនថ្មីមានរូបរាងដូចសព្វថ្ងៃ ជាសៀវភៅតូចគម្របមានបោះពុម្ពរូបផ្កា Daisy  (ជានិមិត្ត​​សញ្ញា​​​នៃប្រទេស​ជប៉ុន) ។ គេគិតថាចាប់ពីពេលនោះប្រជាជនជប៉ុនភាគច្រើននឹងចេញទៅក្រៅប្រទេស ប៉ុន្តែ​នា​ពេល​​នោះ​សង្គ្រាមលោកលើកទី ២ បានផ្ទុះឡើង (១៩៣៩) ការចេញទៅក្រៅប្រទេសត្រូវបានហាមឃាត់។

អំឡុងពេលក្រោយសង្គ្រាមគ្រប់យ៉ាងគ្មានភាពប្រសើរឡើងឡើយ ដោយសារប្រទេសជប៉ុនជាប្រទេសចាញ់ និងទទួលការរឹត​ត្បិត​ចំពោះ​​ការ​កាន់​កាប់។ នៅឆ្នាំ ១៩៥១ ស្ថានភាពហាក់ដូចជាបានធូរស្រាល ប៉ុន្តែប្រជាជនជប៉ុនពេលនោះក្រណាស់ ហើយកំពុងស្ថិតក្នុងដំណើរការស្តារប្រទេសក្រោយសង្គ្រាម ដូច្នេះការធ្វើដំណើរទៅបរទេសនាពេលនោះទំនង​ជា​​​គ្មាន​​​លទ្ធភាព​​​ទេ។

រហូតដល់ឆ្នាំ ១៩៦៤ នៅពេលដែលព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូប្រារព្ធធ្វើឡើងចំនួនជនជាតិជប៉ុនដែលចេញទៅបរទេស​ចាប់​ផ្តើម​កើន​ឡើង​ទាំង​ផ្នែកជំនួញ និងទេសចរណ៍។

នៅឆ្នាំ ២០២០ ពេលដែលលិខិតឆ្លងដែនជប៉ុននាំមុខក្នុងចំណោមលិខិតឆ្លងដែនលើពិភពលោក ដែលអាចធ្វើដំណើរ​​ទៅ​​ក្រៅប្រទេស​ដោយមិនចាំបាច់សុំទិដ្ឋាការ រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តប្តូរលិខិតឆ្លងដែនទៅជាគំរូថ្មី​ ដើម្បី​សុវត្ថិភាពដោយខ្លាចមានអ្នកក្លែងបន្លំ។

រូបភាព https://ontrip.jal.co.jp/people/17347757

នៅលើសន្លឹកទិដ្ឋាការនៃលិខិតឆ្លងដែនថ្មីមានបោះពុម្ពគំនូររបស់វិចិត្រករល្បីឈ្មោះលើពិភពលោក Hokusai Katsushia មើលទៅស្អាតថែមទាំងពិបាកក្លែងបន្លំ។ ក្រដាសក៏ត្រូវបានកែច្នៃយ៉ាងពិសេសដែលមិនងាយជ្រាបទឹកដូច្នេះ​សុវត្ថិភាព​កាន់​តែ​ច្រើន។

ដើម្បីការពារការក្លែងបន្លំលិខិតឆ្លងដែនថ្មីមានបន្ទះឈីប IC នៅខាងក្នុង។

ចំណុចទាំងនេះបង្ហាញពីសុវត្ថិភាពនៃលិខិតឆ្លងដែនថ្មីរបស់ជប៉ុន។ ចាប់ពីសម័យក្រោយសង្គ្រាមជប៉ុនខិតខំកែប្រែ​លិខិត​ឆ្លង​ដែន​ដើម្បីឈានដល់កម្រិតទទួលបានទំនុកចិត្ត។ លិខិតឆ្លងដែនជាការបញ្ជាក់ពីសិទ្ធពលរដ្ឋអាចប្រើបានលើឆាកអន្តរជាតិ ដូច្នេះប្រសិនបើងាយស្រួលក្នុងការថតចម្លង ប្រទេសជាតិអាចនឹងបាត់បង់ភាពជឿជាក់។ រហូតមកដល់សព្វថ្ងៃនេះ នៅពេលដែលទទួលបានភាពជឿជាក់ខ្ពស់ជនជាតិជប៉ុននៅតែបន្តការកែលម្អឥត​ឈប់​ឈរ​ដោយ​ធ្វើឲ្យប្រសើរឡើងដល់កម្រិតល្អបំផុត។

ហេតុផលផ្សេងទៀតអាស្រ័យលើភាពជឿជាក់ចំពោះប្រជាជនជប៉ុន។ មិនសូវមានករណីជនជាតិជប៉ុនស្នាក់នៅ​ខុស​ច្បាប់ ឬប្រព្រឹត្តឧក្រិដ្ឋកម្មនៅក្រៅប្រទេសនោះទេ ដែលជាមូលហេតុចម្បងប្រទេសជាច្រើនស្វាគមន៍ប្រជាជនជប៉ុនមកកានប្រទេសរបស់ពួកគេសម្រាប់ទេសចរណ៍ ឬធ្វើអាជីវកម្ម។ និយាយអញ្ចឹងគ្មានន័យថា មិនមានជន​ជាតិ​ជប៉ុនបង្កបញ្ហានៅក្រៅប្រទេសនោះទេ ប៉ុន្តែភាគរយតិច។

ដោយសារប្រជាជនដែលទៅមុននោះមិនបង្កបញ្ហា និងមិនធ្វើរឿងអាក្រក់ទើបលិខិតឆ្លងដែនជប៉ុនទទួលបានការវាយតម្លៃ​​ខ្ពស់។

សូមចងចាំថានៅពេលដែលអ្នកធ្វើដំណើរទៅបរទេស លើដៃកាន់លិខិតឆ្លងដែនរបស់ប្រទេសខ្លួន អ្នកបានក្លាយជា​អ្នកតំណាង​ប្រជាជាតិ​ទាំង​មូល។ កុំធ្វើ​អោយ​គំនិត​អាត្មានិយមប៉ះពាល់ដល់ប្រទេសជាតិ។

ដើម្បីទទួលបានការជឿទុកចិត្តដូចសព្វថ្ងៃប្រជាជនជប៉ុនក៏ធ្លាប់ចាប់ផ្តើមពីចំណុចសូន្យដែរ។ 

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: