អ្នកចំបាប់ Sumo ២០ នាក់លោតចូលទន្លេជួយសង្គ្រោះស្ត្រីម្នាក់ប៉ុនប៉ងសម្លាប់ខ្លួន
យោងតាមគេហទំព័រ Yahoo របស់ជប៉ុនបានអោយដឹងថាអ្នកចំបាប់ប្រមាណ ២០ នាក់ជួយសង្គ្រោះជីវិតស្ត្រីម្នាក់អាយុប្រហែល ៣០ ឆ្នាំលោតចូលទន្លេដើម្បីស្លាប់ខ្លួន។
នៅថ្ងៃទី ១០ ខែមិថុនាវេលាម៉ោង ៥ៈ៣០ នាទីក្នុងស្រុក Adachi ទីក្រុងតូក្យូមានស្រ្តីម្នាក់លោតចូលទន្លេលើស្ពានកម្ពស់ ៣ ម៉ែត្រ។ ចៃដន្យនៅពេលនោះមានបុរសម្នាក់ដើរឆ្លងកាត់ឃើញហើយស្រែកអោយគេជួយ។
រូបភាព https://news.yahoo.co.jp/
តាមសម្តីរបស់សាក្សីបានអោយដឹងថាពេលឧប្បត្តិហេតុកើតឡើងអ្នកចំបាប់ Sumo នៃជំរុំ Sakaigawa នៅក្បែរនោះស្តាប់ឮសម្លេងស្រែកអោយជួយហើយរត់ទៅជួយភ្លាម។ ពួកគេជួយសង្គ្រោះស្រ្តីលង់ទឹកទាន់ពេលរួចបញ្ជូនទៅមន្ទីរពេទ្យ ហើយតាមរយៈការត្រួតពិនិត្យបឋមសំណាងល្អស្ត្រីនោះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
នាយកដ្ឋានប៉ូលីស Metropolitan Takenotsuka គ្រោងនឹងផ្ញើលិខិតថ្លែងអំណរគុណដល់អ្នកចំបាប់ Sumo នៃជំរុំ Sakaigawa ដែលក្លាហានលោតចូលទឹកដើម្បីជួយសង្គ្រោះជនរងគ្រោះ។
កីឡាចំបាប់ Sumo ត្រូវបានគេចាត់ទុកដូចជាសិល្បៈក្បាច់គុនបុរាណមានប្រវត្តិ ១,៥០០ ឆ្នាំមកហើយ ឆ្លងកាត់ព្រឹត្តិការណ៍ជាច្រើន Sumo នៅតែមានជំហររឹងមាំក្នុងវប្បធម៌ជប៉ុន។ កីឡាចំបាប់មានលក្ខណៈពិសេសដូច្នេះមានតែនៅក្នុងប្រទេសជប៉ុនទើបមានកន្លែងបណ្តុះបណ្តាល Sumo និងការប្រកួត Sumo អាជីព។
AD