កង់អគ្គិសនីអាចបត់ដាក់តាមខ្លួនពេលធ្វើដំណើរបានយ៉ាងងាយស្រួល
នៅប្រទេសជប៉ុនថ្មីៗនេះអ្នកវិទ្យាសាស្ត្របានដាក់បង្ហាញកង់អគ្គិសនី Poimo មានរចនាប្លែក អ្នកអាចបត់ដាក់ក្នុងកាបូបពេលមិនប្រើ។ នៅពេលបត់វាមើលទៅដូចជាតូចណាស់ប៉ុន្តែពេលដែលអ្នកត្រូវការធ្វើដំណើរជុំវិញទីក្រុងអាចបូមខ្សល់នឹងក្លាយជាកង់ល្មមសម្រាប់ធ្វើដំណើរ។
Poimo ជាពាក្យកាត់មកពី Portable and Inflatable Mobility ម៉ូដែលកង់អគ្គិសនីថ្មីនេះត្រូវបានរកឃើញដោយសាកលវិទ្យាល័យតូក្យូក្នុងគោលបំណងនាំភាពងាយស្រួលដល់អ្នកប្រើប្រាស់។ លើសពីនេះ Poimo ជួយកាត់បន្ថយគ្រោះថ្នាក់ក្នុងការធ្វើដំណើរ។ សមាសធាតុសំខាន់របស់វាគឺ TPU – ជាប្រភេទជ័រស្រាលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ។
ក្រៅពីនេះអ្នកចំណាយពេលត្រឹមតែ ១ នាទីដើម្បីបូមខ្សល់ បំពាក់គ្រឿងបន្លាស់ដូចជាកង់ ថ្ម ចង្កូត និងឧបករណ៍បញ្ជាឥតខ្សែ។ ឈុតកង់របស់ Poimo ត្រូវបានរួមបញ្ចូលជាមួយម៉ាស៊ីនឯកទេសជំនួយដល់ការធ្វើដំណើរ និងប្តូរទិសដៅចង្កូត។
ទម្ងន់របស់ Poimo ប្រហែល ៨ គីឡូក្រាមរួមទាំងគ្រឿងបន្លាស ស្រាលជាងកង់អគ្គិសនីដទៃទៀតលើទីផ្សារ។ ក្រុមអ្នកស្រាវជ្រាវនិយាយថាពួកគេនៅតែកំពុងធ្វើការសាកល្បងជាច្រើនហើយនឹងដាក់ចេញនូវផលិតផលកាន់តែស្រាលនាពេលអនាគត។
អ្នកវិទ្យាសាស្ត្រប្រើបច្ចេកវិទ្យានេះដើម្បីបង្កើតផលិតផលមួយចំនួនទៀតដូចជាសាឡុងចល័តដើម្បីជួយអ្នកប្រើអាចផ្អែកពេលពួកគេធ្វើដំណើរតាមផ្លូវ។ អ្នកសាកល្បងជិះ Poimo បានអោយដឹងថាប្រភេទកង់នេះងាយប្រើជាងកង់អគ្គិសនីធម្មតា។
សូមមើលវីដេអូដើម្បីស្វែងយល់បន្ថែមអំពីដំណើរការរបស់កង់ខាងក្រោម។
AD