របៀបណែនាំគូស្រកររបស់ប្រជាជន​ជប៉ុនកាលពីសម័យមុន

បច្ចុប្បន្ននេះ បច្ចេកវិទ្យាបង្កើតកម្មវិធីណាត់ជួបគ្នាដោយផ្ទាល់មានច្រើន ជួយឲ្យយើងអាចស្វែងរកមនុស្សដែលខ្លួន​ពេញ​ចិត្តតាម​អុីន​ធឺ​ណេត។ អ្នកអាចបង្កើត profile យ៉ាងល្អឥតខ្ចោះដូចជារូបភាព និងព័ត៌មានដែលបង្ហាញ​ពី​ចំណុចល្អបំផុតរបស់ខ្លួន​។ ក្រៅពីគុណសម្បត្តិ ទម្រង់នេះមានគុណវិបត្តិច្រើន។ មនុស្ស​មួយចំនួន​ចាប់អារម្មណ៍​លើ profile ស្អាតរបស់អ្នកដទៃ ប៉ុន្តែពេល​ជួប​មិនដូចជាអ្វីដែលអ្នកគិតទេ។

នៅប្រទេសជប៉ុនពាក្យ “O-miai” សំដៅលើការណែនាំគូស្រករដែលរៀបចំដោយគ្រួសារ។ “O-miai” ចាប់ផ្តើមនៅសម័យ Kamakura ភាគច្រើនក្នុងវណ្ណៈអភិជន គោលបំណងបង្កើតអាពាហ៍ពិពាហ៍នយោបាយ។ រហូតដល់សម័យ​អេដូ​ទម្រង់​នេះ​កាន់តែពេញនិយមទាំងក្នុងចំណោមប្រជាជនធម្មតា។​

ចាប់ពីចុងទសវត្សឆ្នាំ ១៨៨០ ដល់ទសវត្សឆ្នាំ ១៩០០ ប្រជាជនជប៉ុនជាង ៤០០.០០០ នាក់ធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក ជាមួយនឹងក្តីស្រមៃចង់ផ្លាស់ប្តូរជីវិតរបស់ខ្លួន។ កត្តានេះធ្វើអោយកសិកម្មក្នុងស្រុកមានការ​ថយ​ចុះ​ នៅ​សម័យ Meiji បណ្តាលអោយកសិករជាច្រើនគ្មានការងារ។ ជាងនេះទៅទៀត សេដ្ឋកិច្ចអាមេរិកមាន​របាំង​ផ្លូវ​ច្បាប់​ធូរ​រលុង ហើយជនអន្តោប្រវេសន៍ជប៉ុនកាន់ច្រើនឡើងៗ។

ទោះជាយ៉ាងណា ចំនួនពលករជប៉ុនកើនឡើងនៅអាមេរិក ធ្វើឲ្យ​ជន​ជាតិអាមេរិកព្រួយបារម្ភ Issei (ឃ្លាដែលសំដៅទៅលើជនអន្តោប្រវេសន៍ជប៉ុនដំបូង) នឹងដណ្តើមការងាររបស់ពួកគេបណ្តាលអោយតានតឹងរវាងប្រទេសទាំងពីរ។ ក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងប្រធានាធិបតីអាមេរិកនាពេលនោះគឺ Theodore Roosevelt បានយល់ព្រមលើកិច្ចព្រមព្រៀងសុភាពបុរសជប៉ុន – អាមេរិកនៅឆ្នាំ ១៩០៧ ដោយមានខ្លឹមសារថា៖ ភាគី​ជប៉ុននឹងបញ្ឈប់ការចេញទិដ្ឋាការដល់ប្រជាជនដែលចង់ធ្វើចំណាកស្រុកទៅសហរដ្ឋអាមេរិក ផ្ទុយទៅវិញ Roosevelt ត្រូវដកបម្រាមហាមកុមារជប៉ុននៅសាលាសម្រាប់ជនជាតិ​ស្បែកស។

រូបភាព https://nextshark.com/picture-brides-was-our-ancestors-version-of-catfishing/

ចំនួន​ Issei ភាគច្រើនដែលមានបំណងទៅធ្វើការនៅសហរដ្ឋអាមេរិករយៈពេលយូរក្រោយមកវិលត្រឡប់ទៅជប៉ុនវិញ។ ប៉ុន្តែដោយ​សារតែកិច្ចព្រមព្រៀងសុភាពបុរសកម្មករជប៉ុនទាំងនេះត្រូវជាប់គាំង។ ក្រៅពីនេះកិច្ចព្រមព្រៀងអនុញ្ញាតអោយភរិយាជនជាតិជប៉ុនអាចទៅសហរដ្ឋអាមេរិកជាមួយប្តីបណ្តាលអោយមានបាតុភូត “កូនក្រមុំរូបថត” ។

“កូនក្រមុំរូបថត” មានន័យថាស្រ្តីជនជាតិជប៉ុនចង់ក្លាយជាដៃគូរបស់ Issei នៅសហរដ្ឋអាមេរិកតាមរយៈការផ្លាស់ប្តូររូបថត។ រឿងនេះបណ្តាអោយស្ត្រីជនជាតិជប៉ុនជាង ១ ម៉ឺននាក់ធ្វើចំណាកស្រុកទៅកាន់ឆ្នេរខាងលិចសហរដ្ឋ​អាមេរិកចន្លោះឆ្នាំ ១៩០៨ និង ១៩២០ (យោងតាម KCET) ។

ជួនកាលមានការណែនាំរបស់អ្នករកគូស្រករ “nakōdo” – ដូចជាមិត្តភក្តិ សមាជិកគ្រួសារឬសេវាកម្មខាងក្រៅដើរ​តួ​នាទីណែនាំបុគ្គលដូចជាណាត់ជួបកម្មវិធីសព្វថ្ងៃ​នេះដែរ។

ស្តាប់មើលទៅហាក់ដូចជាភាគីទាំងពីរសុទ្ធតែមានប្រយោជន៍។ បុរសអាចរៀបការជាមួយប្រពន្ធជនជាតិជប៉ុនដោយមិន​ចាំបាច់រកប្រពន្ធបរទេស ចំណែកមនុស្សស្រីអាចទទួលបានការអប់រំ និងសេដ្ឋកិច្ចរបស់អាមេរិក បន្ទាប់​មក​ផ្ញើប្រាក់ទៅគ្រួសាររបស់ពួកគេនៅជប៉ុន។

រូបភាព https://nextshark.com/picture-brides-was-our-ancestors-version-of-catfishing/

ការណែនាំគូស្រករតាមរយៈរូបភាព និងឯកសារក៏ប្រឈមនឹងគុណវិបត្តិដូចយើងសព្វថ្ងៃនេះដែរ។ មនុស្សស្រីមួយចំនួន​​ផ្ញើរូបថតកាលពីនៅក្មេងស្រស់ស្អាត ចំណែកបុរសពាក់អាវក្រសេអោយមានអារម្មណ៍ដូចជាអ្នក​មាន។

ស្ត្រីម្នាក់ឈ្មោះ Setsu Kusumoto ចូលរួមក្រោមទម្រង់ “កូនក្រមុំរូបថត” ដោយសង្ឃឹមចង់ផ្លាស់ប្តូរជីវិតទើបដឹងថាប្តី​របស់នាងមានអាយុចាស់ជាងនាង ១១ ឆ្នាំមិនដូចរូបថតដែលនាងទទួលបានទេ។

មនុស្សជាច្រើនត្រូវគ្រួសារបង្ខំអោយចូលរួមក្រោមទម្រង់នេះ។ បន្ទាប់ពី Hisano Akagi តាមប្តីទៅអាមេរិចចង់ត្រលប់ទៅផ្ទះវិញ ប៉ុន្តែខ្លាចប្រឈមមុខនឹងក្រុមគ្រួសារ។ មិនអាចទៅរួចទេពេលយកបុរសម្នាក់ដែលមិនស្គាល់មុខ​មក​គាប់​ចិត្ត​គ្រួសារ។

នៅឆ្នាំ ១៩២០ រដ្ឋាភិបាលជប៉ុនបញ្ចប់បាតុភូតនេះដោយបញ្ឈប់ការចេញទិដ្ឋាការអោយ “កូនក្រមុំរូបថត” ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ ទោះយ៉ាងណាគ្រួសារជប៉ុនជាច្រើនចាប់ផ្តើមមានវត្តមាន​នៅសហរដ្ឋអាមេរិក។ អ្នកប្រវត្តិសាស្ត្រនិយាយថាប្រជាជនជប៉ុនភាគច្រើនដែលរស់នៅសហរដ្ឋអាមេរិកសព្វ​ថ្ងៃ​ភាគច្រើនមានបុព្វបុរសទាក់ទងនឹងចលនា “កូនក្រមុំរូបថត” នេះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: