តើអ្នកចាប់អារម្មណ៍នឹងពន្លឺចង្កៀងគោមក្រដាសរបស់ជប៉ុនដែរទេ?
ប្រសិនបើអ្នកដើរតាមដងផ្លូវ Kyoto ពេលយប់អ្នកនឹងមើលឃើញចង្កៀងគោមក្រដាសជាច្រើនព្យួរនៅមុខហាង Izaka-ya (ហាងស្រាបែបជប៉ុន) ឬហាង Ramen ។ លើសពីនេះក្នុងពិធីបុណ្យក៏មានព្យួរគោមជាជួរផងដែរ។ គោមក្រដាសប្រពៃណីទាំងនេះគេហៅថា Chouchin (提灯) ។
រូបភាព https://www.gentosha.jp/article/10885/
នៅសម័យមុន Chouchin ជាចង្កៀងយួរសម្រាប់បំភ្លឺពេលយប់ងងឹត។ បច្ចុប្បន្នគេលែងប្រើ Chouchin សម្រាប់បំភ្លឺផ្លូវទៀតហើយ។
ប្រវត្តិគោម Chouchin
តាមប្រវត្តិគោមក្រដាសជប៉ុនអ្នកអាចឃើញពីភាពផ្លាស់ប្តូរក្នុងជីវិតរបស់ជនជាតិជប៉ុន។ គោម Chouchin មាននៅចុងសម័យ Muromachi (១៣៣៦-១៥៧៣) ។ នៅពេលនោះគោមក្រដាសមានប្រភពមកពីប្រទេសចិនមើលទៅដូចជាកន្ត្រក និងធ្វើពីឫស្សីដែលខុសពី Chouchin សព្វថ្ងៃ មានការផ្លាស់ប្តូរយ៉ាងច្រើនដើម្បីបង្ហាញពីលក្ខណៈពិសេសរបស់ជប៉ុនឆ្លងកាត់រយៈពេលជាច្រើនឆ្នាំ។
រូបភាព http://shiningbread.blog.fc2.com/blog-entry-22.html
ប៉ុន្មានទសវត្សកន្លងទៅចង្កៀងគោមបត់ផ្អែកលើការរចនាពីប្រទេសចិនប្រើក្នុងពិធីបុណ្យសព។ ចង្កៀងគោមថ្មីទាំងនេះក៏ត្រូវបានទាហានប្រើអំឡុងសង្គ្រាម ហើយកាន់តែពេញនិយមខ្លាំងឡើងក្នុងអំឡុងសម័យអេដូ (១៦០៣ – ១៨៦៨) ។
យោងតាមការវិត្តន៍នេះមិនត្រឹមតែមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ក្នុងសង្គមប៉ុណ្ណោះទេ សូម្បីតែប្រជាជនសាមញ្ញក៏អាចប្រើគោមក្រដាសក្នុងជីវភាពប្រចាំថ្ងៃផងដែរ។ ក្រៅពីនេះប្រជាជនកាន់តែច្រើនឡើងៗត្រូវចេញទៅក្រៅពេលយប់ដោយសារការអភិវឌ្ឍនៃការជួញដូរ។ ពន្លឺចង្កៀងគោមភ្ជាប់តាមផ្លូវសម្រាប់អ្នកលក់ដូរនាសម័យនោះ។
របៀបធ្វើគោម Chouchin
រូបភាព https://www.pinterest.com/pin/432556739187409112/
ស៊ុមចង្កៀងធ្វើពីឫស្សីដែលមានរាងជាក់លាក់ តម្រូវឲ្យសិប្បករមានជំនាញបត់ឬស្សីយ៉ាងល្អឥតខ្ចោះទើបធ្វើបាន។ បន្ទាប់មកគេបិទ Washi (ក្រដាសបែបជប៉ុន) ខាងក្រៅស៊ុម។ ក្រោយពេលស្ងួតស៊ុមឫស្សីត្រូវបានយកចេញ។ គោម Chouchin ពីមុនដាក់ទៀនចំកណ្តាលចង្កៀងសម្រាប់បំភ្លឺ ដោយសារស្រទាប់ Washi ព័ទ្ធជុំវិញទៀនមិនងាយរលត់ឡើយ។ ទោះជាយ៉ាងណា សព្វថ្ងៃចង្កៀងគោមអំពូលគេនិយមប្រើជាង។
តើគេប្រើគោម Chouchin ដូចម្តេច?
សព្វថ្ងៃគោម Chouchin នៅតែមានគេប្រើច្រើន។ គ្រួសារដែលរក្សាប្រពៃណីព្យួរគោមមុខផ្ទះក្នុងពិធីបុណ្យ Obon ឬពិធីបុណ្យពិសេសក្នុងសប្តាហ៍ដំបូងនៃខែសីហា។ គេមានជំនឿថាចង្កៀងគោមនឹងបំភ្លឺផ្លូវសម្រាប់ដូនតា និងសាច់ញាតិដែលបានស្លាប់រកផ្លូវទៅផ្ទះ។
រូបភាព https://www.pinterest.co.uk/pin/850406342120417587/
ទោះជាយ៉ាងណា មុខងារចម្បងបំផុតរបស់គោម Chouchin នៅតែប្រើសម្រាប់តុបតែងលម្អភោជនីយដ្ឋាន ឬប្រើក្នុងពិធីបុណ្យនានា។ ពន្លឺដ៏អាថ៌កំបាំងរបស់ចង្កៀងគោមទាក់ទាញមនុស្សជាច្រើនព្រោះគោមដែលព្យួរបង្ហាញពីបរិយាកាសរីករាយក្នុងពិធីបុណ្យ។
គោម Chouchin ពេញនិយមស្ទើរតែគ្រប់ជំនាន់ទាំងអស់ ភាពស្រស់ស្អាតដែលមិនហួសសម័យ។
ព័ត៌មានលម្អិត៖ ចង្កៀងគោមដែលល្បីបំផុតនៅជប៉ុនគឺ Igarashi គេព្យួរនៅមុខខ្លោងទ្វារប្រាសាទ Sensoji ទីក្រុងតូក្យូ។ វាមានទំងន់ ៧០០ គីឡូក្រាម ហើយត្រូវបានធ្វើពីឬស្សីល្អរបស់ Kyoto ។
តើអ្នកចាប់អារម្មណ៍នឹងគោមប្រពៃណីរបស់ជប៉ុនដែរទេ?
Sacchan