រឿងព្រេងនិទានជប៉ុន – Yokai Kotengu និងបាតុភូត Tengubi

ថ្ងៃនេះយើងនឹងនិយាយពីរឿងបក្សីនៅក្នុងរឿងព្រេងជប៉ុន។ រហូតមានបាតុភូតមួយដាក់តាមឈ្មោះសត្វនេះដែល​នាំ​មក​​នូវ​​ភាព​ល្អ និងអាក្រក់។

Kotengu គឺជាសត្វដែលមានរាងដូចបក្សីតែចរិតលក្ខណៈដូចមនុស្ស។ ពួកវាស្លៀកអាវផាយស្រដៀងអ្នកប្រយុទ្ធមាន​បំពាក់​អាវុធ​ឬគ្រឿងលំអដែលគេលួចពីមនុស្ស។ Kotengu រស់នៅកន្លែងដាច់ស្រយាលដូចជាតំបន់ភ្នំ ពេលខ្លះ​ពួក​​វារួមដៃជាមួយ​បិសាចដើម្បីសម្រេចគោលបំណងអ្វីមួយ។ Kotengu ក៏លក់របស់របរមានតម្លៃដែលវាលួចជា​មួយ​បិសាចដែរ។

នៅពេលសត្វទាំងនេះខឹងពួកវាមានកម្លាំងខ្លាំងអាចបំផ្លិចបំផ្លាញហើយសំខាន់ជាងនេះវាអាចបញ្ចេញកំហឹងចំពោះ​នរណា​ម្នាក់ឬអ្វីផ្សេងទៀត។

រូបភាព http://yokai.com/kotengu/

Kotengu អាចចាប់រំលោភ ធ្វើទារុណកម្ម និងសម្លាប់មនុស្សគ្រាន់តែដើម្បីសប្បាយ។ ពួកវាសុីសាច់មនុស្ស ល្បែងដែល​វាចូលចិត្តគឺចាប់មនុស្សរួចដោះលែងពួកគេនៅលើភ្នំខ្ពស់ៗ។ Kotengu ចូលចិត្តចងកូនក្មេងនឹងដើមឈើស្តាប់ពួក​វា​ស្រែកអោយគេជួយសង្គ្រោះ។ ក្រៅពីនេះ  Kotengu ថែមទាំងបង្ខំមនុស្សដែលវាចាប់អោយសុីលាមករបស់​ពួក​​គេ​​រហូតដល់ឆ្កួត។ Kotengu មានចំណូលចិត្តធ្វើបាបព្រះសង្ឃ ប្លន់របស់របរ និង​ល្បួងអ្នកផ្សព្វផ្សាយសាសនា។

បិសាចនេះមានចំណុចខ្សោយមួយគឺវាមានអំនួតពេក មានរឿងដំណាលជាច្រើននិយាយពី Kotengu ត្រូវមនុស្សបោកបញ្ឆោតលក់ថាមពលរបស់ពួកវាដើម្បីប្តូរយករបស់មានតម្លៃ។

រឿងនិយាយថានៅ Aichi, Shizuoka, Yamanashi និង Kanagawa មានបាតុភូតភ្នក់ភ្លើងពណ៌ក្រហមលេចមកនៅ​ពេលយប់ក្បែរទន្លេ។ បាតុភូតនេះគេហៅថា Tengubi បង្កឡើងដោយ Kawatengu (ឬ Kotengu រស់ក្បែរច្រាំងទន្លេ) ដើម្បីចាប់ត្រីពេលយប់។

រូបភាព http://yokai.com/tengubi/

នៅពេលដែលប្រជាជនមើលឃើញ Tengubi តែងតែមានគ្រោះថ្នាក់កើតឡើងដូចជាគ្រោះធម្មជាតិ ជំងឺរាតត្បាតជាដើម ដូច្នេះហើយប្រសិនបើប្រជាជនក្នុងភូមិបានឃើញទិដ្ឋភាពនេះនឹងត្រូវនិរទេសឬត្រូវលាក់ខ្លួន។ ប្រជាជនមានជំនឿ​ដាក់់ស្បែកជើងលើក្បាលដើម្បីជៀសវាងគ្រោះមហន្តរាយនេះ។

នៅកន្លែងមួយចំនួនមានពាក្យចចាមអារ៉ាមថាប្រសិនបើមាននរណាម្នាក់ចេញទៅក្រៅពេលយប់ហើយមើលឃើញ Tengubi នោះព្រលឹងនឹងត្រូវជាប់លើភ្នំមិនអាចវិលត្រឡប់មកវិញជារៀងរហូត។

ក្រៅពីចំណុចដែលគួរអោយខ្លាចរបស់ Tengubi វាក៏មានប្រយោជន៍ក្នុងស្ថានភាពមួយ​ចំនួន​ផងដែរ។ រឿងបន្ត​ទៀត​​ថា​នៅយប់មួយ Maki ដើរនៅលើភ្នំ ស្រាប់តែមានព្យុះផ្គររន្ទះបោកបក់យ៉ាងខ្លាំងធ្វើអោយ Maki មិនអាច​វិល​ត្រឡប់​ទៅវិញ។ ផ្ទៃមេឃខ្មៅងងឹតហើយសីតុណ្ហភាពកាន់តែថយចុះ Maki ត្រឹមតែអាចពឹងផ្អែកលើដើមឈើប៉ុណ្ណោះ។ មួយ​រំពេច​នោះភ្នក់ភ្លើងមួយលេចមកជួយអោយនាងកក់ក្តៅ។ ក្រោយមក Maki ប្រើពន្លឺរបស់ភ្នក់ភ្លើងដើម្បី​ត្រឡប់ទៅផ្ទះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: