អាងចិញ្ចឹមត្រី Sumida រៀបចំកម្មវិធី Facetime ដើម្បីកុំអោយត្រីខ្លាចមនុស្ស

Chin anago គឺជាប្រភេទត្រីរាងដូចអន្ទង់ មានទំហំតូចវែង។ ត្រីប្រភេទនេះមានការប្រុងប្រយ័ត្នខ្ពស់ដូច្នេះពេលវា​យល់​ថា​មានគ្រោះថ្នាក់ប្រាកដជាលាក់ខ្លួនក្នុងខ្សាច់ភ្លាម។ បច្ចុប្បន្ននេះអាងចិញ្ចឹមត្រី Sumida ចិញ្ចឹមត្រីអន្ទង់នេះ​ចំនួន ៣០០ ក្បាល។ ចំណុចពិសេសរបស់ត្រីអន្ទង់ដែលចិញ្ចឹមក្នុងអាងចិញ្ចឹមត្រីពួកវាចូលចិត្តមនុស្ស ហើយ​មិន​​លាក់​​ខ្លួន​​ពេល​ដែល​មនុស្សមើល​នៅជុំវិញ។

រូបភាព https://www.afpbb.com/articles/-/3281303

ប៉ុន្តែចាប់ពីថ្ងៃទី ១ ខែមីនាឆ្នាំ ២០២០ អាងចិញ្ចឹមត្រីត្រូវបិទបណ្តោះអាសន្នដោយសារតែជំងឺកូវីដ-១៩ ។

ដោយសារគ្មានភ្ញៀវមកទស្សនាពួកវាចាប់ផ្តើមខ្លាចមនុស្សរាល់ពេលអ្នក​ថែទាំមកជិតវាលាក់ខ្លួនមិន​អោយនរណាម្នាក់មើលឃើញឡើយ។ រឿងនេះពិបាកសម្រាប់បុគ្គលិក​ថែទាំក្នុងការស្មានពីស្ថានភាពបច្ចុប្បន្នរបស់ពួកវា មិន​ដឹង​វា​ឈឺឬមានបញ្ហាអ្វីដែរទេ។

ក្រៅពីនេះអាចបណ្តាលមកពីស្ត្រេសពេកវាចាប់ផ្តើមវាយប្រហារគ្នាទៅវិញទោមក។ បុគ្គលិកថែទាំចង់មើលវាក៏មិនដឹងថាត្រូវ​ធ្វើយ៉ាងណាព្រោះវាលាក់ខ្លួន។

ក្រោមស្ថានភាពនេះអាងចិញ្ចឹមត្រីមានផែនការជួយត្រីអន្ទង់កុំអោយខ្លាចមនុស្សដោយអោយពួកវាមើលឃើញ​មនុស្ស​តាម​រយៈវីដេអូខល។ គ្រប់យ៉ាងជួយអោយវាវិលត្រឡប់ទៅរកជីវិតស្និតស្នាលជាមួយ​មនុស្សដូចមុន បុគ្គលិក​រៀបរាប់ប្រាប់មនុស្សគ្រប់គ្នា។

គ្រាន់តែអង្គុយនៅផ្ទះកាន់ Iphone ឬ Ipad ក្នុងដៃ អ្នក និងកូនៗរបស់អ្នកអាចជួបជាមួយត្រីអន្ទង់តូចគួរអោយស្រលាញ់។ ក្មេងៗប្រាកដជារីករាយពេលមើលឃើញពួកវាកំឡុងពេលនៅផ្ទះ។ ពេលវេលាទស្សនាត្រីក្នុងកំឡុង​ពេលអោយ​ចំណី​ព្រោះ​មានតែពេលនេះប៉ុណ្ណោះទើបវាបង្ហាញខ្លួន។ ទោះជាយ៉ាងណាវាអាចមិនបង្ហាញ ដូច្នេះអាងចិញ្ចឹមត្រីក៏មាន​ការ​ព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះដែរ។

ព័ត៌មានលម្អិត៖

ពេលវេលា៖ ៣/៥ – ៥/៥ ចាប់ពីម៉ោង ១០ៈ០០ ដល់ម៉ោង ១៤ៈ០០

ខ្លឹមសារ៖ ប្រើ App Facetime ដើម្បីធ្វើការហៅទូរស័ព្ទ និងមើលត្រីតាមរយៈអេក្រង់។

របៀបចូលរួម៖

១/ បើកកម្មវិធី App ក្នុងទូរស័ព្ទ Iphone ឬ Ipad បន្ទាប់មកបន្ថែមអាស័យដ្ឋានហៅតាមរយៈអុីម៉ែលខាងក្រោម៖

 ※ មិន Support ប្រព័ន្ធប្រតិបត្តិការ Android ទេ

[email protected]

[email protected]

[email protected]

[email protected]

[email protected]

២/ នៅពេលចាប់ផ្តើមវីដេអូខលគ្រវីដៃរបស់អ្នករួចដាក់មុខរបស់អ្នកមុខអេក្រង់ ហើយស្រែកអោយខ្លាំងថា 「さぁ、ゴハン!」- តោះសុីចំណី។

៣/ ក្នុងម្តងមានភ្ញៀវចំនួន ៥ នាក់ចូលរួម ភ្ញៀវម្នាក់ៗមានពេល ៥ នាទីសម្រាប់ទំនាក់ទំនង បន្ទាប់មកការហៅទូរស័ព្ទនឹងផ្តាច់ដោយស្វ័យប្រវត្តិទុកឳកាសអោយភ្ញៀវផ្សេងទៀត។

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: