វីដេអូបង្ហាញពីសិល្បៈសិប្បកម្មបែបជប៉ុន
ទោះបីជាអ្នកចូលចិត្តសិល្បៈសិប្បកម្មជប៉ុនក៏មិនប្រាកដថាមានភាពអត់ធ្មត់ ជំនាញ និងប្រាក់ក្នុងការបន្តចំណង់ចំណូលចិត្ត Bonsai ដែរ។ ប៉ុន្តែមានសិប្បកម្មបែបជប៉ុនសាមញ្ញជាច្រើនទៀតដែលអ្នកអាចសាកល្បងនៅផ្ទះបាន។
ហើយម្យ៉ាងវិញងាយនឹងស្វែងរកវីដេអូណែនាំរបៀបធ្វើលើអុីនធឺណេត។
រូបភាព https://www.tokonomatokyo.com/
១. ORIGAMI – សិល្បៈនៃការបត់ក្រដាស
Origami គឺជាសិល្បៈបត់ក្រដាសដ៏ល្បីល្បាញបំផុតដែលមានប្រភពមកពីប្រទេសជប៉ុន។ មានច្រើនកម្រិតសម្រាប់ក្មេង និងប្រភេទស្មុគស្មាញជាងនេះមានតែអ្នកជំនាញទើបធ្វើបាន។
ជាទូទៅបត់ក្រដាស Origami មានពណ៌ចម្រុះជាមួយនឹងរូបបោះពុម្ពតាមបែបប្រពៃណីឬបែបទំនើប។ ប៉ុន្តែបើអ្នកគ្មានក្រដាសពណ៌អ្នកអាចប្រើក្រដាសស កាសែត ក្រដាសកាតុងស្តើងឬក៏ក្រដាសជូតមាត់ក៏បានដែរ។
អ្នកអាចជ្រើសរើសទំហំដែលខ្លួនពេញចិត្ត ចំពោះអ្នកជំនាញបត់ក្រដាស Origami ដែលមានទំហំតូចដោយគ្រាន់តែប្រើចុងម្រាមដៃ។ ប៉ុន្តែចំពោះអ្នកចាប់ផ្តើមដំបូងគួរប្រើក្រដាសទំហំមធ្យម។
២. FUROSHIKI – កន្សែងចងបែបជប៉ុន
ដោយគ្រាន់តែប្រើក្រណាត់អ្នកអាចរុំអ្វីគ្រប់យ៉ាង បត់បែនបានល្អ និងមិនប៉ះពាល់ដល់បរិស្ថាន។
អត្ថប្រយោជន៍របស់ Furoshiki គឺដាក់ខោអាវទៅងូតនៅបន្ទប់ទឹកសាធារណៈ។ ពាក្យ Furo ក៏មានន័យថាងូតទឹកផងដែរ ក្រោយមកទើប Furoshiki ក្លាយជាក្រណាត់ខ្ចប់ប្រអប់ Bento ហើយសព្វថ្ងៃនេះវិវត្តទៅជាសិល្បៈនៃការខ្ចប់កាដូ។
៣. KUMIHIMO – ខ្សែដៃធ្វើដោយដៃ
Kumi (ចង) និង Himo (ខ្សែ) គឺជាសិល្បៈនៃការធ្វើខ្សែក្រវ៉ាត់ Obi សម្រាប់ Kimono អ្នកអាចធ្វើជាខ្សែដៃ ខ្សែទូរស័ព្ទ -ល- ។ របៀបធ្វើគ្រាន់តែភ្ជាប់ខ្សែជាច្រើនចូលគ្នាប៉ុន្តែដើម្បីធ្វើអោយវាស្មើទាមទារជំនាញ និងភាពបុិនប្រសប់។ អ្នកអាចបន្ថែមគ្រាប់អង្កាំដើម្បីលម្អអោយកាន់តែលេចធ្លោ។
៤. KINTSUGI – សិល្បៈប៉ះស្មូន
នេះជាប្រភេទសិល្បៈប៉ះស្មូនបិទភ្ជាប់កន្លែងដែលប្រេះអោយជាប់វិញប៉ុន្តែនៅតែរក្សាភាពស្រស់ស្អាត។ សិល្បៈនេះជួយបិទបាំងកន្លែងដែលអាក្រក់ទៅជាស្អាតដោយសារពេលធ្វើឡើងវិញអាចនឹងស្អាតជាងមុន។
៥. CALLIGRAPHY – អក្សរផ្ចង់
អក្សរផ្ចង់គឺជាសិល្បៈនៃការសរសេរអក្សរស្អាតហើយជាអក្សរផ្ចង់បែបជប៉ុនដែលគេហៅថា Shodo មិនត្រឹមតែសម្រាប់ការសរសេរ Kanji ប៉ុណ្ណោះទេ ថែមទាំងប្រើសម្រាប់សរសេរ Hiragana និង Katakana ផងដែរ។ មនុស្សជាច្រើនជឿថាអក្សរផ្ចង់គឺជាការធ្វើសមាធិសិល្បៈធ្វើអោយមានចិត្តស្ងប់។
គ្រាន់តែប្រើជក់ និងក្រដាសអ្នកអាចសរសេរអក្សរជប៉ុនដែលអ្នកចូលចិត្តជាមួយនឹងស្ទីលប្លែកៗ។ អ្នកអាចចាប់ផ្តើមជាមួយពាក្យដែលនិយមដូចជា 月 桜 水 書 夢 និង 愛 ។
៦. IKEBANA – រៀបចំផ្កា
Ikebana គឺជាសិល្បៈនៃការរៀបចំផ្កាដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ សិល្បករត្រូវតែធ្វើតាមគោលការណ៍រក្សាតុល្យភាព មានសាលារៀន និងបំរែបំរួលជាច្រើននៅក្នុងសិល្បៈ Ikebana អ្នកដែលទើបតែរៀនគួរតែចាប់ផ្តើមពីជំហានដំបូង។
ប្រសិនបើអ្នកមានពេលទំនេរសូមសាកល្បងមុខវិជ្ជាសិល្បៈប្លែកៗទាំងនេះ។ ចាប់ផ្តើមចំណង់ចំណូលចិត្តថ្មីជាវិធីដែលធ្វើអោយយើងមិនធុញទ្រាន់។
Sacchan