តារាសម្តែង និងពិធីការនីកម្មវិធីទូរទស្សន៍ដ៏ល្បីរបស់ជប៉ុនទទួលមរណភាពដោយសារជំងឺកូវីដ-១៩
បន្ទាប់ពីមរណភាពរបស់តារាកំប្លែង Ken Shimura តារាសម្តែងជើងចាស់ឈ្មោះ Okae Kumiko របស់ជប៉ុនក៏ទទួលមរណភាពដោយសារតែជំងឺកូរីដ-១៩ ។ ប៉ុន្មានថ្ងៃមុននេះប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថាតារាសម្តែង និងពិធីការនីទូរទស្សន៍ជប៉ុនឈ្មោះ Okae Kumiko ទទួលមរណៈភាពនៅមន្ទីរពេទ្យតូក្យូវេលាម៉ោង ៥ ព្រឹកថ្ងៃទី ២៣ ខែមេសាអាយុ ៦៤ ឆ្នាំ។
រូបភាព https://news.mynavi.jp/article/20200425-1023927/
កាលពីថ្ងៃទី ៦ ខែមេសាតារាសម្តែងរូបនេះត្រូវបានបញ្ជូនចូលមន្ទីរពេទ្យ ហើយត្រូវគេបញ្ជាក់ថាលទ្ធផលធ្វើតេស្តវិជ្ជមាននឹងកូវីដ-១៩ ។ តារាសម្តែងទទួលបានការព្យាបាលបន្ទាន់ប៉ុន្តែស្ថានភាពប្រែជាអាក្រក់។ មុនពេលឆ្លងជំងឺអ្នកស្រី Okae ធ្លាប់ទទួលការវះកាត់ជំងឺមហារីកសុដន់ និងការព្យាបាលដោយកាំរស្មីតាំងពីចុងខែមករារហូតដល់ខែកុម្ភៈឆ្នាំនេះ ដូច្នេះហើយសុខភាពរបស់អ្នកស្រីមិនល្អ ប្រព័ន្ធភាពសុាំខ្សោយហេតុនេះគាត់មិនអាចទ្រាំទ្រនឹងការរីករាលដាលរបស់ជំងឺបានទេ។
ក្នុងនាមជាតារាសម្តែង អ្នកបញ្ចូលសម្លេងល្បីឈ្មោះម្នាក់របស់ជប៉ុនអ្នកស្រី Okae Kumiko កើតនៅឆ្នាំ ១៩៥៦ នៅទីក្រុងតូក្យូ។ គាត់ចាប់ផ្តើមអាជីពសម្តែងនៅឆ្នាំ ១៩៧៥ ជាមួយនឹងខ្សែភាពយន្តរឿង “Omitsu” ក្រៅពីនេះថែមទាំងបញ្ចូលសម្លេងខ្សែភាពយន្តគំនូរជីវចលរបស់ Studio Ghibli ដូចជា “The Cat Returns” , Pokemon, Lucario និង “the Mystery of Mew” ។ ហើយគាត់ក៏ជាភ្ញៀវក្នុងកម្មវិធីទូរទស្សន៍ជប៉ុនផងដែរ ធ្លាប់បង្ហាញខ្លួនក្នុង “My Lover’s Secret” (2017) និង “Cinderella Date” (2014) អ្នកស្រី Okae ត្រូវបានគេទទួលស្គាល់ទូលំទូលាយក្នុងតួនាទីពិធីការនីកម្មវិធីរបស់ Hanamaru Market លើកញ្ចក់ទូរទស្សន៍ TBS ដែលជាកម្មវិធីល្បីអស់រយៈពេល ១៨ ឆ្នាំជាប់គ្នា។ មរណភាពរបស់សិល្បករជប៉ុនរូបនេះបានធ្វើអោយអ្នកគាំទ្រជាច្រើនសោកស្តាយ។
ឆ្នាំ ១៩៨៣ អ្នកស្រី Okae រៀបការជាមួយតារាសម្តែង Miho Owada ពួកគេមានកូនស្រីម្នាក់ដែលកំពុងបន្តអាជីពសិល្បៈផងដែរ។ គាត់ក៏ធ្លាប់ធ្វើការជាមួយតារាកំប្លែង Shimura Ken ដែលថ្មីៗនេះបានទទួលមរណភាពដោយសារតែជំងឺកូវីដ-១៩ កាលពីដើមខែមីនា។ បច្ចុប្បន្នស្វាមី និងកូនស្រីរបស់គាត់កំពុងត្រូវដាក់អោយនៅដាច់ដោយឡែក សុខភាពធម្មតាមិនមានសញ្ញានៃការឆ្លងឡើយ។ ពួកគេក៏ជម្រុញអោយប្រជាជនមានការប្រុងប្រយ័ត្ន និងចាត់វិធានការបង្ការ ហើយក៏មិនភ្លេចអរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកពេទ្យផងដែរ។
AD