ភាពស្មោះត្រង់របស់សាមូរ៉ៃចំពោះម្ចាស់នៅសម័យមុន​ហ៊ានប្រថុយទាំងជីវិត

មុននឹងចាប់ផ្តើមអត្តបទនេះខ្ញុំចង់សួរអ្នកសំណួរមួយ។

តើពាក្យផ្ទុយនឹង 好き (Suki – ស្រលាញ់ ចូលចិត្ត) ជាអ្វី? ប្រសិនបើអ្នកគិតថា 嫌い (Kirai – ស្អប់) មិន​ប្រាកដថាត្រូវ​​​ទាំង​​ស្រុង​នោះ​ទេ។

ពាក្យផ្ទុយនឹង Suki គឺ 無関心 (Mukanshin – មិនខ្វល់) អ្នកគិតមើល មិន​ចូលចិត្តមិន​ប្រាកដថាស្អប់ តែមិនខ្វាយ​​ខ្វល់។

តើអ្នកដឹងទេហេតុអ្វីបានជាឪពុកម្តាយតែងតែរអ៊ូរទាំដូច្នេះ? មនុស្សមួយចំនួន​ឆ្លើយចម្លើយគួរឲ្យ​អស់សំណើចដូច​ជា “ព្រោះគាត់ស្អប់ខ្ញុំ” ឬ “ប្រហែលខ្ញុំជាកូនចិញ្ចឹម” ។ ប៉ុន្តែនោះមកពីឪពុកម្តាយស្រឡាញ់អ្នកខ្លាំង ដោយ​សារ​ពួកគាត់ចង់ឲ្យ​អ្នក​ល្អទើបតឹងរឹងចំពោះកំហុសរបស់អ្នក។ គេច្រើននិយាយថា “ពាក្យពិតស្តាប់មិនចូល​ត្រ​ចៀក” ។

រឿងដែល JAPO ចង់រៀបរាប់ថ្ងៃនេះក៏ដូចគ្នាដែរ។

កាលពីបុរាណ ប្រទេសជប៉ុនបែងចែក​ជា​អណា​ចក្រ​ក្រោម​លក្ខណៈសម្ព័ន្ធមេត្រី។ អណាចក្រនីមួយៗមានសាមូរ៉ៃម្នាក់​​ដឹក​​នាំហៅថា Tonosama (ស្តេចក្រាញ់) ។ សាមូរ៉ៃមានអំណាច ហើយមានសិទ្ធិផ្ទេរអំណាចទៅឲ្យ​កូន។ ប្រាកដ​​ជា​គ្មានបញ្ហាបើកូនដែលស្នងតំណែងនោះមានទេពកោសល្យ និងសមត្ថភាព ប៉ុន្តែតើនឹងទៅជាយ៉ាងណាបើស្តេចក្រាញ់ឡើង​កាន់តំណែងបន្ទាប់ជាអ្នករំលោភអំណោច? អ្នក​ក្រោម​បង្គាប់ប្រាកដជាមិនចូលចិត្តគាត់ ហើយគ្មាននរណាម្នាក់សុខចិត្តវះពោះខ្លួនឯងសម្រាប់ស្តេចក្រាញ់បែបនេះទេ។

តើអ្នក​គិតថាសាមូរ៉ៃគ្រប់រូបសុទ្ធតែសុខចិត្តស្លាប់ដើម្បីម្ចាស់ឬ? ជាការពិតណាស់ មិនមែនទេ ពួកគេហ៊ានលះបង់សម្រាប់មនុស្សដែលសាកសមប៉ុណ្ណោះ។ ពួកគេស្រលាញ់ជីវិតរបស់ខ្លួនហើយមិនចង់ខ្ជះខ្ជាយជីវិតរបស់ពួកគេព្រោះ​តែ​ម្ចាស់​អាក្រក់។ អ្វីដែលគួរឲ្យ​សរសើរ ពួកគេហ៊ានចង្អុលបង្ហាញពីកំហុសរបស់ម្ចាស់ជាជាងខ្លាចស្លាប់​។

យើងនឹងណែនាំ​សាមូរ៉ៃរូបនេះនៅក្នុងប្រវត្តិសាស្រ្តជប៉ុនគឺ Kuzaburo Suzuki ។ គាត់ជាសាមូរ៉ៃនៅក្រោមអំណាច Tokugawa Ieyasu ដែលជាអ្នកគ្រប់គ្រងទឹកដីជប៉ុនទាំងមូល។

Tokugawa Ieyasu មិន​ដូចជាស្តេចក្រាញ់ពីមុន ជាមនុស្សម្នាក់ព្រមស្តាប់ ដូច្នេះទើបទទួល​បានជោគជ័យ។ ទោះយ៉ាង​ណា​ គាត់មិន​មែនជាមនុស្សមានទេពកោសល្យម្នាក់តែឆ្លងកាត់រយៈពេលលត់ដំខ្លួន។

រឿងរបស់ Kuzaburo Suzuki និង Tokugawa Ieyasu ផ្តើមមកពីត្រី។ Tokugawa Ieyasu ស្ទូចត្រីធំចំនួន ៣ ដើម្បីទទួលភ្ញៀវដោយ​​មុខ​ម្ហូបឆ្ងាញ់ៗ។ ប៉ុន្តែពេលរៀបម្ហូបចេញមកបាត់ត្រីមួយ​ក្បាល ក្រោយមកដឹងថា Kuzaburo Suzuki ហូបអស់មួយបានជាគាត់ខឹងខ្លាំង។

ប៉ុន្តែ Kuzaburo Suzuki និយាយដោយសម្រួលថា៖

“ទូលបង្គំត្រៀមរួចរាល់សូមកាត់ក្បាល ប៉ុន្តែបើប្តូរជីវិតមនុស្សម្នាក់នឹងត្រីមួយ​ក្បាល ឬបក្សីតើសម​ដែរ​ទេ? អ្នកមិន​​អាច​​គ្រប់គ្រងពិភពលោកដោយចិត្តបែបនេះទេ” ។

“គ្រប់គ្រងពិភពលោក” ត្រង់នេះចង់និយាយថា បង្រួបបង្រួមប្រទេសជប៉ុន និងក្លាយជាមេដឹកនាំតែមួយគត់។ ទង្វើ​​របស់ Kuzaburo Suzuki មានទំនាក់ទំនងរឿងដែលកើតឡើងមុននោះ Tokugawa Ieyasu ធ្លាប់ចាប់ខ្លួន​អ្នក​​ក្រោម​​បង្គាប់ពីរនាក់ព្រោះតែចាប់បក្សីរបស់ស្តេចក្រាញ់។ ពួកគេទាំងពីរកំពុងជាប់ឃុំរង់ចាំការជំនុំជម្រះ។ គាត់​ចង់ឲ្យ​ Tokugawa Ieyasu ដឹងថា ទង្វើដែលសម្លាប់អ្នក​ក្រោម​បង្គាប់ព្រោះតែរឿងតូចតាចមិន​មែនជារឿង​ដែលអ្នក​ដឹកនាំគួរធ្វើឡើយ ហើយមិន​អាច​យកចិត្តប្រជាជន។

ប្រហែលជា Hisaburo មានចេតនាហូបត្រីមួយ​ក្បាលនោះដើម្បីយករឿងនេះប្រាប់ម្ចាស់របស់ខ្លួន។

ក្រោយមក Tokugawa Ieyasu បានដោះលែងអ្នកក្រោមបង្គាប់ពីរនាក់នោះ ហើយសរសើរ Kuzaburo Suzuki ។ ចាប់តាំងពីពេលនោះមក Tokugawa Ieyasu ចាប់ផ្តើមស្តាប់មតិយោបល់របស់អ្នកក្រោមបង្គាប់ និងបង្កើនជំនឿ​ចិត្ត​របស់​ប្រជាជនបន្តិចម្តងៗ។ អំណាចរបស់គាត់បានមកពីជំនឿ ដូច្នេះវារឹងមាំក្នុងការកសាងយុគសម័យ​មួយដែល​មាន​អាយុកាល ៣០០ ឆ្នាំ។

ដើម្បីក្លាយទៅជា Tokugawa Ieyasu មួយរូប យើងត្រូវ​ចងចាំចំពោះ Hisaburo ហ៊ានប្រថុយជីវិតរបស់គាត់ដើម្បីចង្អុលបង្ហាញអ្វីដែលត្រឹមត្រូវ។

ដូច្នេះអ្នកគួរតែអរគុណចំពោះពាក្យសម្តីមិនល្អដែលអ្នកដទៃនិយាយ។ ប្រសិន​បើមិន​មែនមកពីក្តីស្រលាញ់វាក៏មិន​ធ្វើឲ្យ​អ្នក​រឹងមាំឡើងដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: