តើប្រភពដើមមួករបស់រូបសំណាក Jizo-Sama បានមកពីណា?

Sugegasa ជាប្រភេទមួកអាសុីលក្ខណៈជប៉ុន។ ក្រៅពីប្រទេសជប៉ុនមួកក៏និយមនៅអាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍​ផងដែរ។ នៅប្រទេសចិនមួកគេហៅថា “dǒu lì” ។ នៅកូរ៉េគេហៅថា “satgat” អ្នកប្រើភាគច្រើនជាព្រះសង្ឃ។ មួក Sugegasa ជួយបាំងពន្លឺព្រះអាទិត្យ និងទឹកភ្លៀងបានយ៉ាងល្អ។ មួកមានខ្សែចងក្រោម​បង្កា ដូច្នេះ​មួក​​មិនហើរពេល​ត្រូវ​ខ្សល់ឡើយ។ 

ពេលនិយាយអំពីមួក Sugegasa ប្រជាជនជប៉ុនច្រើនតែចងចាំរឿងនិទានមួយ។

រូបភាព https://www.pinterest.fr/pin/742179213570418677/

កាលពីព្រេងនាយក្នុងភូមិមួយមានប្តីប្រពន្ធចំណាស់រស់នៅជាមួយគ្នាគ្មានកូនចៅ ទោះបីជិតដល់ថ្ងៃចូលឆ្នាំថ្មីក៏ក្នុងផ្ទះគ្មានអង្ករមួយ​គ្រាប់ដែរ។ នៅឆ្ងាយពីផ្ទះប្តីប្រពន្ធចំណាស់មានសម្លេងធ្វើនំបន្លឺឡើង។ លោកតានិយាយជា​មួយ​​ប្រពន្ធគាត់ថាសម្លេងធ្វើនំតែងតែនាំមកនូវ​អារម្មណ៍ល្អ។

“ត្រូវហើយ ខ្ញុំ និងពុកវាត្រូវរកអ្វីត្រៀមសម្រាប់ឆ្នាំថ្មី”។

លោកតាឆ្លើយថា “ល្អទុកអោយខ្ញុំយកអុសទៅលក់រួចគាត់ក៏ដើរចេញទៅ”

អាកាសធាតុ​នៅពេល​នោះមេឃអាចធ្លាក់ព្រិលគ្រប់ពេលវេលា លោកយាយបារម្ភ​ប្រាប់លោកតាអោយប្រយ័ត្ន។

“ម៉ែវាកុំបារម្ភខ្ញុំនឹងត្រឡប់មកវិញ ហើយ​ទិញ​ម្ហូប​អាហារជាច្រើនដើម្បីទទួលឆ្នាំថ្មី” លោកតាលាប្រពន្ធរួចធ្វើដំណើរចេញទៅ។

ពេលវេលាទទួលឆ្នាំថ្មីជិតមកដល់តាមដងផ្លូវមានសភាពអ៊ូអរជាមួយអ្នកទិញ និងអ្នកលក់ ទោះបីជាលោកតាខំប្រឹងស្រែកឮ “តើនរណាទិញអុសទេ?” ប៉ុន្តែគ្មាននរណាម្នាក់សម្លឹងមើលគាត់ទេ លោកតាពិបាកចិត្តពេលនឹកឃើញប្រពន្ធនៅផ្ទះកំពុងរង់ចាំ។ លោកតាខំប្រឹងអង្គុយយូរបន្តិចមើលថាតើមានអ្នកណាទិញអុសដែរទេ។

ព្រិលចាប់ផ្តើមធ្លាក់ ហាងតាមផ្លូវមួយចំនួន​ចាប់ផ្តើមបិទ មនុស្សកាន់តែតិចទៅៗ លោកតានឿយហត់អង្គុយប្រ​មូលរបស់ដើម្បីទៅវិញ។ តាមផ្លូវត្រឡប់ទៅផ្ទះលោកតាជួបអ្នក​លក់​មួក​ម្នាក់កំពុងអង្គុយក្រោម​ដើមឈើធំ អ្នកលក់មួកសួរថា។

តើលោកលក់អុសបានដែរឬទេ?

លោកតាឆ្លើយតបទាំងដកដង្ហើមធំថាអត់ទេ។

អ្នក​លក់មួកនិយាយយ៉ាងក្រៀមក្រំថាខ្ញុំក៏ដូច្នេះ​ដែរ។

“យើងទាំងពីរសុទ្ធតែលក់មិន​បាន ដូច្នេះតើអ្នកចង់ប្តូរមួករបស់អ្នកយកអុសរបស់ខ្ញុំទេ? និយាយរួចអ្នក​ទាំងពីរដោះដូរទំនិញគ្នា” ។

ពាក់មួកនៅលើស្មាគាត់ដើរទៅផ្ទះតាមផ្លូវគាត់មើលឃើញរូបសំណាក Jizo sama ចំនួន ៧ អង្គនៅម្ខាង។ គាត់ប្រញាប់លើកដៃសំពះហើយបួងសួង ទោះបីកូនលក់មិន​បានទំនិញ ប៉ុន្តែសូមប្រទានពរដល់ក្រុមគ្រួសាររបស់កូនក៏ដូចជាអ្នកទាំងអស់គ្នាមានសុខភាពល្អ និងសប្បាយរីករាយ។

ក្រោយពីបន់ស្រន់រួចគាត់ងើបមុខសម្លឹងមើលរូបសំណាកនៅលើក្បាលពេញទៅដោយព្រិលគាត់និយាយថា “ទេវតាប្រាកដជារងារ គាត់លើកដៃយកព្រិលចេញ បន្ទាប់មកយកមួកក្រោយខ្នងពាក់អោយរូបសំណាកនីមួយៗ។ មួកនៅ​សល់តែ ៦ មិន​គ្រប់អោយរូបសំណាកទាំង ៧ នោះទេ លោកតាស្រាប់តែដោះកន្សែងលើក្បាលពាក់អោយរូបសំណាកមួយ​ទៀត។  ក្រឡេកមកមើលរូបសំណាកទាំង ៧ របស់ Jizo-sama លោកតាយល់ថាបេះដូងរបស់គាត់កក់ក្តៅ”។

រូបភាព https://www.satosekizai.com/blog/jizo

មកដល់ផ្ទះលោកតាប្រាប់ប្រពន្ធគាត់នូវអ្វីទាំងអស់ដែលគាត់បានធ្វើ ក្រោយពេលលោកយាយស្តាប់រួចនិយាយប្រាប់​ប្តីថា៖

“ពុកវាធ្វើរឿងល្អណាស់ ប្រញាប់មកកំដៅខ្លួនព្រោះពុកវាប្រាកដជាត្រជាក់ និង​ឃ្លានហើយ”។

ប្តីប្រពន្ធចំណាស់ទាំងពីរនាក់ញ៉ាំបបរដែលនៅសល់ក្នុងផ្ទះហើយចូលគេង។ នៅយប់នោះពេលប្តីប្រពន្ធចំណាស់កំពុង​ដេកស្រាប់តែឮសម្លេងខាងក្រៅ លោកតាឆ្ងល់ថាហេតុអ្វីបានជាមានសម្លេងរំខាននៅម៉ោងនេះ?

និយាយរួចគាត់ក្រោកឡើងហើយបើកទ្វារស្រាប់តែឃើញរូបសំណាក Jizo-Sama ទាំង ៧ ពាក់មួកបន្សល់ទុកស្បៀងអាហារ អង្ករ នំជាច្រើនមុខផ្ទះរបស់គាត់។ ប្តីប្រពន្ធចំណាស់លើកដៃសំពះនិយាយថា៖

“សូមអរគុណទេវតា ហើយសង្ឃឹមថា Jizo-Sama នឹងគោះទ្វារផ្ទះខ្ញុំម្តងទៀតនៅឆ្នាំក្រោយ” ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: